ក្រុម​​គីរីវង់ បញ្ជាក់​​​ពី​ការ​ខ្ចី​ជើង​យុវជន​​ភ្នំពេញ​ក្រោន​ពីរ​រូប​

  • 2016-10-27 16:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ​​​បាន​​ខ្ចី​ជើង​កីឡាករ​​យុវជន​ភ្នំពេញ​ក្រោន​២​នាក់​គឺ​ វ៉ាត់ សំណាង និង​ ឈុត សេងទៀង ​​ដើម្បី​ត្រៀម​​ប្រជែង​តំណែង​​ជើង​ឯក​លីគ​ទី​២ ​ក្នុង​គោល​បំណង​​​ឆ្ពោះ​​​មក​លេង​លីគ​កំពូល​កម្ពុជា​វិញ។

 

​​លោក ឌុក វាសនា ប្រធាន​​គីរីវង់​សុខ​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​ទាំង​ពីរ​នាក់​ខាង​លើ​ជា​យុវជន​មាន​អាយុ​ស្រប​តាម​កា​កំណត់​របស់​សហព័ន្ធ​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​ជា​កីឡាករ​​មាន​​​បទ​ពិសោធន៍​ច្រើន​ស្រាប់ ​និង​ធ្លាប់​លេង​​​ក្នុង​ក្រុម​យុវជន​ជម្រើស​ជាតិ​។

 

 

លោក​បន្ថែម​ថា មូល​ហេតុ​ចម្បង​​ក្នុង​ការ​នាំ​យក​កីឡាករ​​ពីរ​នាក់​នេះ​​​​គឺ​ចង់​ធ្វើ​យ៉ាង​ណា​ដណ្ដើម​ជើង​ឯក​លីគ​ទី​២ ​និង​អាច​ឈាន​ទៅ​លេង​លីគ​កំពូល​កម្ពុជា​វិញ​។ ​​មួយ​វិញ​ទៀត​​លោក​រំពឹង​ថា ពួក​គេ​នឹង​អាច​​បំពេញ​ចន្លោះ​ប្រហោង​នៅ​តំបន់​ការ​ពារ និង​ប្រយុទ្ធ​​ដែល​ពួក​គេ​អាច​លេង​ក្នុង​តួនាទី​នេះ​ស្រាប់។

 

កីឡាករ​ទាំង​ពីរ​មាន​វ័យ១៨ ឆ្នាំ​​បាន​ចូល​រួម​ជា​មួយ​ក្លឹប​ភ្នំពេញ​ក្រោន​តាំង​ពី​ក្រុម​យុវជន​របស់​ក្លឹប​ចាប់​ផ្តើម​ដំបូង​នៅ​ឆ្នាំ ២០១១។ ខ្សែ​ការពារ​កណ្ដាល សំណាង ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​យុវជន​អាយុ​ក្រោម ១៩ ឆ្នាំ​ជម្រើស​ជាតិ​កម្ពុជា ​ទៅ​លេង​នៅ​វៀតណាម​កាល​ពី​ពេល​ថ្មីៗនេះ។ ស្រប​ពេល​ដែល​កីឡាករ សេង​ទៀង ​ជា​ខ្សែប្រយុទ្ធ​ធ្លាប់​លេង​ឲ្យ​ក្រុម​យុវជន​​​​ជម្រើស​ជាតិ​កម្ពុជា​​​ក្រោម​អាយុ​១៤ និង ១៦​ឆ្នាំ​៕

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​ រូប​ថត​៖ ភ្នំពេញ​ក្រោន​

អត្ថបទពេញនិយម