របរតម្បាញសូត្ររបស់អ្នកស្រុក ភ្នំស្រុក ប្រឈមការបាត់បង់
- 2016-11-02 13:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របរតម្បាញសូត្ររបស់អ្នកស្រុក ភ្នំស្រុក ប្រឈមការបាត់បង់
ចន្លោះមិនឃើញ
ស្រុកភ្នំស្រុក ខេត្តបន្ទាយត្រូវបានគេចាត់ទុកថា ជាតំបន់ធ្វើតម្បាញល្បីល្បាញមួយក្នុងទសវត្ស៩០ ប៉ុន្តែដល់បច្ចុប្បន្ននេះ មុខរបរនេះនៅសល់មិនដល់១០ គ្រួសារផង ស្ថិតនៅភូមិចំនួន៣ គឺភូមិប៉ោយស្នួល ប៉ោយចារ និង ភូមិត្រពាំងថ្មខាងជើង ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តើហេតុអ្វីបានជាមុខរបរតម្បាញនៅស្រុកភ្នំស្រុក កំពុងធ្លាក់ចុះយ៉ាងគំហុក?
អ៊ុំស្រី ណាក សារឿង
មិនមានទីផ្សារ ក្មេងបច្ចុប្បន្នចាប់ផ្ដើមចំណាកស្រុក និង ការចិញ្ចឹមកូនដង្កូវនាង មិនបានផល ដែលជាមូលហេតុធំៗនេះហើយធ្វើឲ្យរបរសិប្បកម្មតម្បាញធ្លាក់ចុះជាលំដាប់ ក្រោយពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននៅសល់មិនដល់១០គ្រួសារនោះទេ។ នេះជាការលើកឡើងរបស់ អ៊ុំស្រី ណាក សារឿង រស់នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អ៊ុំស្រី សារឿង ដែលចេះត្បាញសូត្រ ក្រមា និង សារ៉ុង តាំងពីដូនតាបានប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក"ថា ក្នុងសម័យសង្គមរាស្រ្តនិយម និង ក្រោយថ្ងៃរំដោះ ឆ្នាំ ១៩៧៩ អ្នកស្រុក ភ្នំស្រុក ស្ទើរតែទាំងអស់ចេះត្បាញគ្រប់គ្នា ហើយចិញ្ចឹមដង្កូវនាង ដើម្បីយកសរសៃសូត្រ មកត្បាញផលិតជាហូល ផាមួង សារ៉ុង និង ក្រមា ជាដើម។ ប៉ុន្ដែក្រោយឆ្នាំ ១៩៩២ ការលក់ដូរមិនសូវមានទីផ្សារ ហើយការចិញ្ចឹមដង្កូវនាងមិនកាក់កប ដូច្នេះ ពួកគេបានផ្លាស់ប្ដូរមុខរបរជាអ្នកតម្បាញបន្តិចម្ដងៗរហូតស្ទើរអស់ពីស្រុកភូមិ។
“អូនអើយ! ឥឡូវនៅសល់តែ ៣ភូមិទេ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលបន្តត្បាញ តែអត់មានវត្ថុធាតុដើមទេ គឺពឹងឈ្មួញយកអំបោះ មកត្បាញ បានចំណេញតិចតួចប៉ុណ្ណោះ"។ អ៊ុំស្រី សារឿង និយាយ។
ស្រ្ដីវ័យ៦១ ឆ្នាំរូបនេះ បន្តទៀតថា ក្មេងៗឥឡូវក៏គេមិនចង់ធ្វើការងារនេះដែរ ពួកគេទៅធ្វើការចំណាកស្រុកបានលុយច្រើនជាង គឺភាគច្រើនទៅធ្វើការនៅថៃ ដូច្នេះ ហើយសិប្បកម្មតម្បាញកេរមរតកដូនតាចេះតែបាត់បង់បន្ដិចម្ដងៗ។
ទាក់ទងនឹងរឿងនេះ អ៊ុំស្រី សារឿង បានសម្ដែងការព្រួយបារម្ភថា សិប្បកម្មតម្បាញនៅក្នុងស្រុកភ្នំស្រុក នឹងបាត់បង់ទៅថ្ងៃអនាគត ដូច្នេះ អ៊ុំស្រី ចង់ស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធចាប់ផ្ដើមងាកមកចាប់អារម្មណ៍ក៏ដូចជា ជួយរកទីផ្សារផលិតផលតម្បាញសម្រាប់អ្នកភូមិ ដើម្បីអាចបន្តការងារនេះទៀត៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា