ដឹងទេថា អ្នកអូសរទេះនៅប៉ោយប៉ែតអាចអូសទម្ងន់ខ្ទង់តោនដោយកម្លាំងសុទ្ធសាធ?
- 2016-11-05 20:00:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេថា អ្នកអូសរទេះនៅប៉ោយប៉ែតអាចអូសទម្ងន់ខ្ទង់តោនដោយកម្លាំងសុទ្ធសាធ?
ចន្លោះមិនឃើញ
ជីវិតជាកម្មករអូសរទេះនៅច្រកអន្តរជាតិប៉ោយប៉ែត គឺប្រើប្រាស់កម្លាំងសុទ្ធសាធ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ តើរទេះមួយអាចដឹកទំនិញប៉ុន្មានគីឡូ ឬ ប៉ុន្មានតោន? រទេះអូសសម្រាប់ដាក់ទំនិញចេញចូលនៅច្រកអន្តរជាតិប៉ោយប៉ែត គឺមាន ៣ប្រភេទ រទេះតូចដឹកបានក្រោម១តោន រទេះធន់កណ្ដាលគឺដឹកចន្លោះពី២-៣តោន និងរទេះធំដឹករហូតដល់ទៅ៥-៦ តោនក៏មាន។
កំពុងអង្គុយនៅក្បែរផ្លូវរថភ្លើងម្ដុំផ្សាររោងក្លឿប្រទេសថៃ បុរសវ័យ ២៥ ឆ្នាំ លោក សុភា បានប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក"ថា រទេះអូសដឹកឥវ៉ាន់នៅទីនេះគឺមានបីប្រភេទ គឺរទេះអូសតូច កណ្ដាល និងធំ។ "រទេះដែលខ្ញុំកំពុងអង្គុយលើនេះជាប្រភេទរទេះអូសដឹកទំនិញធន់កណ្ដាលអាចអូសឥវ៉ាន់ទម្ងន់ពី ២-៣ តោន"។
“ពេលអាកាសធាតុក្ដៅអីចឹង! យើងអស់កម្លាំង ហើយបើដឹកធ្ងន់ គឺយើងដាក់ម៉ូតូ តែដល់ច្រកទ្វារព្រំដែនត្រូវអូសរទេះឥវ៉ាន់ ដោយកម្លាំង ដើម្បីឲ្យគេត្រួតពិនិត្យតើឥវ៉ាន់ត្រូវជាប់ពន្ធឬអត់ តែបើឥវ៉ាន់ដូចជាផ្លែឈើអត់ជាប់ពន្ធទេ។" សុភា និយាយបន្ថែម។
បុរសកូន ១ រូបនេះ បាននិយាយទៀតថា មុខរបរអូសរទេះ គឺប្រើកម្លាំងខ្លាំង តែរឿងចំណូលវិញមួយថ្ងៃកាត់មួយថ្ងៃកោ ដោយថ្ងៃខ្លះរកលុយមិនបានមួយរៀលក៏មាន ព្រោះយើងមិនសូវមានម៉ូយដូចគេ។ តែថ្ងៃខ្លះរកបានច្រើនគឺចន្លោះពី ៥០ ០០០ រៀល ទៅ ៦០ ០០០ រៀលក្នុង១ថ្ងៃ។
ក្នុង១ថ្ងៃអូសចន្លោះពី ៣ទៅ៤ ជើង ក្នុង១ជើងចន្លោះពី ១០ ០០០រៀល ទៅ ៣០ ០០០ រៀលដោយគិតតាមឥវ៉ាន់តិច និងឥវ៉ាន់ច្រើន។ "ឥវ៉ាន់ត្រូវដឹកចេញពីផ្សារថៃទៅខ្មែរ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីគយ ដូចជាសំលៀកបំពាក់ ឬឥវ៉ាន់ប្រភេទរឹងជាដើម"។
លោកបានឲ្យដឹងទៀតថា "ការងារនេះលំបាក បើមិនខំអូសរទេះ គឺអត់លុយចិញ្ចឹមប្រពន្ធកូន ខណៈកូននៅតូចដែរ"។ សុភា និយាយ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា