ប្រាសាទ​នាង​ពៅ សម័យ​លង្វែក គេ​ធ្លាប់​បូម​​ទឹកឃើញ​សសរ​ ៣៨ ដើម កាល​ពី​ទសវត្ស ៨០

  • 2016-12-17 08:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រះ​មួយ​នៅ​ក្នុង​ វត្ត​ត្រឡែងកែង​​សព្វថ្ងៃ ត្រូវ​បាន​គេ​ជឿថា ជា​ស្រះ​របស់​នាង​ពៅ ជា​ភរិយា​របស់​ព្រះកែវ ត្រូវ​បាន​គេ​ធ្លាប់​បូម​ទឹក​ប្រទះ​ឃើញ​សសរ​ចំនួន ៣៨ ដើម ដែល​គេ​សន្មត់​ថា នៅ​ទី​នេះ​មាន​ប្រាសាទ​មួយ​របស់​នាង​ពៅ។

លោក តា ស៊ុន ប្រធាន​គណៈកម្មការ​វត្ត​ត្រឡែងកែង​ ស្ថិត​នៅ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច បាន​ប្រាប់​ក្រុមការងារ "ផ្លូវ​ទៅ​ស្រុក" ថា "ទី​នេះ​គឺជា​ស្រះ​របស់​នាង​ពៅ កាល​ពី​អំឡុង​ទសវត្ស ៨០ គេ​ធ្លាប់​បូម​ស្រះ​នេះ ហើយ​ខ្ញុំ​ក៏​នៅ​ទី​នេះ​ដែរ ពេល​បូម​គេ​ឃើញ​មាន​សសរ ៣៨ ដើម តែ​អត់​ឃើញ​មាន​វត្ថុបុរាណ​អ្វី​ទាំង​អស់។ ពេល​បូម​គឺ​មាន​ខាង​ក្រសួង អាជ្ញាធរ គេ​មិន​ឲ្យ​ប៉ះពាល់​ ឬ​យក​សសរ​នោះ​ចេញ​នោះ​ទេ គេ​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។"

លោកតា ស៊ុន បាន​និយាយ​បញ្ជាក់​ថា "ពី​ដើម​ឡើយ​ប្រាសាទ​ហ្នឹង​ធ្វើ​ពី​ឈើ​ទេ ទើប​បាន​គេ​បូម​ទៅ​ឃើញ​សសរ​ឈើ​ ៣៨​ដើម ហើយ​នាង​ពៅ​តែង​មក​ប្រាសាទ​នេះ ដើម្បី​ស្រះស្រង់ លេង​ទឹក មូជ​ទឹក​ អី​ហ្នឹង!។"

ស្ដាប់​ការ​រៀបរាប់​របស់​លោកតា ស៊ុន ប្រធាន​គណៈកម្មការ​វត្ត​ត្រឡែងកែង ដូចខាងក្រោម​នេះ៖

ផ្អែក​តាម​​អក្សរ​ចារ​នៅ​លើ​ផ្ទាំង​ថ្ម​ ​ក្បែរ​ស្រះ​នាង​ពៅ បាន​សរសេរ​ថា "ប្រវត្តិសាស្ត្រ សម័យ​លង្វែក ស្រះ​នាង​ពៅ បុត្រី ស្ដេច​អង្គច័ន្ទ​ទី​១ ព្រះ​គោ ព្រះ​កែវ បាន​និមិត្ត ស្រះ​នេះ​ឡើង សម្រាប់​ព្រះ​នាង​ក្នុង​​ គ.ស ១៥១៥-១៥៥៥"។

ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​ដឹង​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត​នៅ​ក្នុង​សម័យ​លង្វែក កុំ​ភ្លេច​ទៅ​វត្ត​ត្រឡែងកែង អតីត​រាជធានី​ចាស់ ស្ថិត​នៅ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច មាន​ចម្ងាយ​ប្រមាណ​ជា ២៤ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត និង ៧៦ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី