ម៉ូម៉ូ៖ "ខ្ញុំរស់នៅជាមួយប្រហុករាប់សិបឆ្នាំ ក្លិនប្រហុកគឺជាទឹកអប់របស់ខ្ញុំ"
- 2016-12-18 08:14:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូម៉ូ៖ "ខ្ញុំរស់នៅជាមួយប្រហុករាប់សិបឆ្នាំ ក្លិនប្រហុកគឺជាទឹកអប់របស់ខ្ញុំ"
ចន្លោះមិនឃើញ
តាំងពីដឹងក្ដីមក ម៉ូម៉ូ បានរស់នៅតំបន់ដែលគេធ្វើប្រហុក រហូតដល់ដឹងក្ដី ក៏ក្លាយជាកម្មករធ្វើត្រី និងលីសែងប្រហុកដាក់ឡាន នៅផ្សារប្រហុកខេត្តបាត់ដំបង។ ដូច្នេះលោក ម៉ូម៉ូ សុំានឹងក្លិនប្រហុកហើយចាត់ទុកថា ក្លិននេះជាទឹកអប់ទៅវិញ។
បុរសវ័យ ៦៤ ឆ្នាំ និងមានកូន ៩ នាក់ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក"ថា ដោយសារពុំបានរៀនសូត្រ និង គ្រួសារក្រីក្រ ដែលតាំងពីដូនតាមកជាកម្មករគេ ម៉្លោះហើយ លោកបានចាប់អាជីពជាកម្មករលីសែងប្រហុកដាក់ឡាន។
“ខ្ញុំជាកម្មករ កូនកើតមកក៏ជាកម្មករដែរ"។ នេះជាការលើកឡើងរបស់ លោក ម៉ូម៉ូ។ លោកបានថ្លែងថា យើងមិនចេះធ្វើអី យើងក្រីក្រ កូនក៏មិនបានរៀនសូត្រ ដូច្នេះហើយពួកគេមួយចំនួនធ្វើជាកម្មករសំណង់ឲ្យគេដែរ ឯខ្ញុំគឺជាកម្មករលីសែងប្រហុកជិត ៣០ឆ្នាំមកហើយ។
កម្រៃដែលទទួលបានពីការងារលីសែងប្រហុកគឺក្នុង១ថ្ងៃបានពី ១០ ០០០ ទៅ ១ ៥០០០ រៀល។ ចំណូលនេះតិចតួចណាស់មិនអាចផ្គត់ផ្គង់ក្រុមគ្រួសារដែលមានកូនរហូតដល់ ៩ នាក់បានទេ ដូច្នេះ ហើយកូនៗមិនបានរៀនសូត្រអីជ្រៅជ្រះដែរ គឺត្រូវឲ្យកូនៗធ្វើការដែរជាកម្មករគេរកចំណូលជួយជ្រោងគ្រួសារ។
នៅពេលសួរថា តើរស់នៅជាមួយនឹងការងារធ្វើប្រហុក ឬលីសែងប្រហុករាល់ថ្ងៃ មានអារម្មណ៍ធុញទ្រាន់នឹងក្លិនមួយនេះដែរទេ? ឆ្លើយតបនឹងសំណួរនេះ ម៉ូម៉ូ បាននិយាយថា ខ្ញុំមិនដែលដឹងថាខ្លួនធំក្លិនប្រហុកនេះទេ ព្រោះខ្ញុំសុំានឹងក្លិននេះតាំងពីតូចមក តែពេលខ្ញុំដើរជិតគេ គេថាស្អុយប្រហុក តែចំពោះខ្ញុំ ខ្ញុំមិនដែលធំក្លិនអីទេ ផ្ទុយទៅវិញក្លិនដូចជាឈ្ងុយដូចទឹកអប់សម្រាប់រូបខ្ញុំ (និយាយបណ្ដើរសើចបណ្ដើរ)៕