ឡុង លីម បារមីកាន់ចេះមើលជំងឺ ទាយឃើញអនាគត ល្បីដល់អាមេរិក
- 2016-12-20 04:29:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង លីម បារមីកាន់ចេះមើលជំងឺ ទាយឃើញអនាគត ល្បីដល់អាមេរិក
ចន្លោះមិនឃើញ
អ្នកស្រី ឡុង លីម អ្នកថែរក្សា "ផ្ទះខ្មោចស័ក្ដិសិទ្ធិ" តាមបណ្ដោយផ្លូវជាតិលេខ ៥ ខេត្តកំពង់ឆ្នាំង ក្រោយពីធ្លាក់ខ្លួនឈឺធ្ងន់ ហើយជាសះស្បើយពីជំងឺឡើងវិញ ស្រាប់តែក្លាយជាអ្នកចេះទស្សន៍ទាយអនាគត មើលជំងឺ ព្រោះតែមានបារមីកាន់ និងអ្នកតាមថែរក្សាផ្លូវក្នុង ហើយជំនឿនេះបានល្បីតៗគ្នារហូតដល់អាមេរិកក៏មកទាយផងដែរ។
ស្ត្រីវ័យ ៥០ឆ្នាំជាង មានកូនពីរនាក់ រស់នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានអះអាងថា កាលពី ១០ឆ្នាំមុន អ្នកស្រីបានធ្លាក់ខ្លួនឈឺធ្ងន់រសាប់រសល់ គេងមិនលក់ អស់រយៈពេល ១ខែពេញ។ "ខ្ញុំចេះតែងើបវិលមុខៗ ហើយគេងអត់លក់ទេ រួចប្ដីខ្ញុំនាំទៅពេទ្យស្រុក ប៉ុន្ដែមុនទៅពេទ្យមានអ្នកជិតខាងប្រាប់ថា ជំងឺហ្នឹងគួរតែទៅរកគ្រូខ្មែរមើលទៅល្អជាង អីចឹងខ្ញុំក៏ប្រាប់ប្ដីឲ្យឈាងចូលមើលគ្រូខ្មែរសិនទៅ។ ពេលជួបគ្រូខ្មែរ គ្រូដែលចេះទាយចេះមើលនោះប្រាប់ថា អ្នកមីងរកពេទ្យមើលមិនជាទេ ព្រោះមានបារមីកាន់"។
គ្រាន់តែគ្រូខ្មែរនិយាយដូចការរៀបរាប់ខាងលើ ប្ដីអ្នកស្រី ឡុង លីម បានឆ្លើយតបវិញថា "មនុស្សឈឺពឹងពេទ្យ បើមើលមិនជាមានតែងាប់។ តែគ្រូខ្មែរក៏បានប្រាប់វិញថា បើមិនជឿចង់ឈ្នះ លក់ផ្ទះ លក់គោអស់ ក៏មើលមិនជាដែរ"។ មិនប្រតិកម្មនឹងគ្រូខ្មែរ ប្ដីអ្នកស្រី ឡុង លីម ក៏បានយល់ព្រម ហើយពោលថា បើអញ្ចឹងធ្វើម៉េចក៏បានឲ្យតែប្រពន្ធខ្ញុំជាខ្ញុំព្រមធ្វើតាម។
នៅពេលមកដល់ផ្ទះវិញ អ្នកស្រី ឡុង លីម បានអុចធូប ៥សរសៃ បួងសួង ហើយបាននិយាយថា ប្រសិនបើតួអង្គខ្លាំង មានបារមីដែលខ្ញុំមិនឲ្យកាន់ពីមុន ឥឡូវខ្ញុំព្រមឲ្យកាន់ហើយ ឲ្យតែខ្ញុំជាទៅ ខ្ញុំសច្ចាអស់១ធូប បើ១ធូបហ្នឹងអស់ខ្ញុំជា ខ្ញុំមានកម្លាំង ខ្ញុំដេកលក់ នោះខ្ញុំជឿ ខ្ញុំនឹងរៀបចំថ្វាយជូន។ ស្រាប់តែអស់មួយធូបភ្លាម រោគសញ្ញាល្ហិតល្ហៃ ឧស្សាហ៍វិលមុខ និង អាការៈដេកមិនលក់ចាប់ផ្ដើមធូរស្បើយ ហើយពេញមួយយប់ អ្នកស្រី ឡុង លីម បានសម្រាកលង់លក់ក្នុងដំណេក។
ស្អែកឡើងអ្នកស្រី ឡុង លីម មានកម្លាំង អាការៈធូរស្បើយ ហើយអាចទៅដកស្ទូងបាន ចាប់ពីពេលនោះមកអ្នកស្រី ឡុង លីម បានជឿលើការបួងសួងដោយខ្លួនឯង។
ប៉ុន្តែមួយរយៈក្រោយមក អ្នកស្រី ឡុង លីម និង ស្វាមី បានជួបគ្រោះថ្នាក់ចរាចរណ៍នៅមុខផ្ទះរបស់ខ្លួន ដោយឡានបើកបុកបាក់ត្រកៀក ហើយត្រូវដេកជាច្រើនខែ និង បានទៅព្យាបាលគ្រូខ្មែរល្បីៗក៏មិនជាដែរ។ ដូច្នេះហើយក្រុមគ្រួសារ បានសម្រេចគ្រោងនាំយកទៅព្យាបាលនៅពេទ្យបាត់ដំបង។
“ខ្ញុំខ្លាចពេទ្យណាស់ក្មួយអើយ! មកដល់អាយុជាង ៥០សិបហើយ ខ្ញុំមិនដែលស្គាល់ម្ជុលផង ខ្ញុំខ្លាចម្ជុល ខ្ញុំភ័យញ័រអស់ខ្លួនព្រោះខ្លាចពេទ្យ ប៉ុន្ដែខ្ញុំនឹករលឹកដល់ការបួងសួងថា គុណមាតា បិតា ឋានលើជួយទូលព្រះបង្គំខ្ញុំផង សូមព្រះអយ្យកោ អយ្យកា ជួយខ្ញុំម្ចាស់ ព្រោះខ្ញុំគ្មានអ្នកថែ សូមឲ្យខ្ញុំជាពីជំងឺនេះផង។ ស្រាប់តែនៅម៉ោង ១២ យប់ មានគេមកជួយខ្ញុំភ្លាម ធ្វើជាតួអង្គស្វាស។ មុនឃើញស្វាស ខ្ញុំឃើញភ្លើងរង្សីធំណាស់ហោះចូលផ្ទះខ្ញុំ ខ្ញុំស្រែកហៅប្ដី តែមិនឮ។ ដំបូងខ្ញុំខ្លាច តែក្រោយមកបារមីនោះ ធ្វើឲ្យខ្ញុំលែងខ្លាច ខ្ញុំក៏បួងសួងថា បើសិនអស់លោកមកជួយខ្ញុំ ឲ្យខ្ញុំជាទៅ។ ដល់ពេលភ្លឺឡើង ខ្ញុំប្រែខ្លួនរួចខ្លួនឯង។ នៅយប់ថ្ងៃទី ២ ស្វាស នោះ បានមកប្រាប់ខ្ញុំទៀតថា ឈឺប៉ុណ្ណឹងកុំភ័យ ម្ចាស់បង ត្រឹមតែ ៧ថ្ងៃជាហើយ។ មួយថ្ងៃខ្ញុំជាបន្តិច ៗ រហូតដល់ ៧ថ្ងៃខ្ញុំជាមែនទែន ខ្ញុំក៏ធ្វើអាសនៈឲ្យទៅ។
ស្ដាប់ការរៀបរាប់ពីអ្នកស្រី ឡុង លីម ពីដើមហេតុបារមីចូលសន្ថិតខ្លួន និងចេះទស្សន៍ទាយ
ស្ត្រីដែលមានផ្ទះក្បែរផ្ទះខ្មោចស័ក្ដិសិទ្ធិ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា "ខ្ញុំឃើញស្វាសធំ គេមកជួយយើង គេមកជួយគក់ច្របាច់កន្លែងខ្ញុំឈឺ តែអ្នកផ្សេងមើលមិនឃើញទេ តែខ្ញុំមើលឃើញ គឺឃើញហ្នឹងភ្នែកស្រស់ មិនមែនជាសុបិន រហូតខ្ញុំជាពីជំងឺ និង ក្លាយទៅជាអ្នកមើលជំងឺ និង ចេះទស្សន៍ទាយ។
ចាប់តាំងពីរៀបចំជាអាសនៈមានបាយសី ត្រឹមត្រូវមក អ្នកស្រី ឡុង លីម បានក្លាយទៅជាគ្រូទស្សន៍ទាយប្រចាំភូមិ ហើយចេះព្យាបាលជំងឺតាមរយៈការសូត្របាលី រហូតដល់ល្បីពេញភូមិ និងមានគេចេះតែមកមើលតៗគ្នា មានទាំងខ្មែរ រហូតដល់អ្នកអាមេរិកក៏មាន។
“ខ្ញុំពេលអត់អុចធូបបួងសួង ឲ្យបារមីមកចូលសន្ថិត បាលីមួយពាក្យខ្ញុំក៏អត់ចេះដែរ តែពេលខ្ញុំបួងសួងហើយខ្ញុំស្ងាបបីដង នោះបារមីចូលហើយ ដូច្នេះអ្នកចង់មើលពីអនាគត និងព្យាបាលជំងឺនិយាយជាមួយបារមីនោះទៅ ពេលនោះមិនមែនជាខ្ញុំទៀតទេ ពេលគេចេញទៅវិញ ខ្ញុំក៏អត់ដឹងអ្វីដែរ។" អ្នកស្រី ឡុង លីម និយាយាបន្ថែម៕