២០១៧៖ ឆ្នាំ​ថ្មី ស្នាមញញឹម​ថ្មី ត្រៀម​ផលិត​អ្វី​ដែល​ថ្មី សម្រាប់​ជោគជ័យ​ថ្មី

  • 2016-12-31 00:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ថ្មី មាន​អ្នក​ខ្លះ​សប្បាយ​ចិត្ត អ្នក​ខ្លះ​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​ចង់​មិន​ចង់​អាយុ​ចាស់ ១ឆ្នាំ​ទៀត​ដូច​គ្នា។ បើ​និយាយ​ពី​អាយុ​សារព័ត៌មាន​ Sabay បង្កើត​បាន​ជិត ៧ឆ្នាំ​ហើយ តាំង​ពី​ដើម​ឆ្នាំ ២០១០។ មនុស្ស​មួយ​ក្រុម ​​នៅ​ពី​ក្រោយ​វេបសាយ​ផលិត​ព័ត៌មាន​ជា​ប្រចាំ ក៏​កើន​អាយុ​ដូច​គ្នា ប៉ុន្តែ​តួនាទី​របស់​អ្នក​ទាំង​នោះ​ ប្រៀប​ដូច​ចុងភៅ​​អីចឹង​​ គឺ​រាល់​ម្ហូប​ត្រូវ​តែ​មាន​អនាម័យ ឆ្ងាញ់ ញ៉ាំ​មិន​ទ្រលាន់ ហើយ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​លើ​អ្វី​ដែល​ខ្លួន​បាន​ផលិត ឬ​សរសេរ។

ឆ្នាំ​ថ្មី ព្យាយាម​រក​អ្វី​ដែល​ថ្មី តែ​អនុវត្ត​តាម​ទ្រឹស្ដី​ ក្នុង​នាម​ជា​អ្នក​សរសេរ​ព័ត៌មាន​អាជីព មិន​ប្រាស់​ចាក​វិជ្ជាជីវៈ

ក្រៅ​ពី​ជា​ម៉ាស៊ីន​ផលិត​ព័ត៌មាន​បែប​ឌីជីថល អ្វី​ដែល​Sabay ប្រកាន់​ខ្ជាប់​បំផុត​គឺ "គំនិតបង្កើតថ្មី"។ ស្ថាប័ន​សារព័ត៌មាន​បង្កើត​ថ្មី​ច្រើន ឯ​អ្នកសារព័ត៌មាន​អាជីព​ឆ្លង​កាត់​កម្រិត​បរិញ្ញាបត្រ សាកលវិទ្យាល័យ​ផលិត​មិន​ទាន់​តម្រូវ​ការ។ Sabay ក៏​ជា​ទី​កន្លែង​សម្រាប់​បណ្ដុះបណ្ដាល យុវជន​ជំនាន់​ក្រោយ ដែល​ចូលរួម​ជា​កម្លាំង​ស្នូល ជាមួយ​ Website ព័ត៌មាន​មួយ​នេះ ឲ្យ​ទៅ​ជា "អ្នក​ព័ត៌មាន​អាជីព"។

យើង​​នៅ​ក្មេង យើង​ច្នៃ​ប្រឌិត​ យើង​ស្រង់​បទ​ពិសោធន៍ អនុវត្តជាក់ស្ដែង

ការ​ផ្ដល់​ឱកាស​បញ្ចេញ​ទេពកោសល្យ​ដែល​ពួក​គេ​មាន ទៅ​ដល់​មនុស្ស​រាប់​សែន​នាក់​តាមដាន ​Sabay រាល់​ថ្ងៃ ជា​កត្តា​ជំរុញ​ឲ្យ​ភាព​ច្នៃប្រឌិត​កើត​ឡើង​មិន​ចេះ​រីងស្ងួត។ សម្រាប់​ឆ្នាំ​ថ្មី​នេះ ក្រុមការងារ​យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ ក្នុង​ការ​បង្កើត​អ្វី​ដែល​ថ្មី ដើម្បី​ជោគជ័យ​ថ្មី។

មិន​ភ្លេច​ទេ​សម្រាប់​មិត្ត​អ្នក​អាន និង​តាមដាន ​Sabay ទាំង​អស់។ រាល់​មតិ​រិះគន់ ផ្ដល់​ជា​យោបល់ គំនិត និង​សំណូមពរ​កន្លង​មក ពិត​ជា​រួម​ចំណែក​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​ Sabay កាន់​តែ​ប្រសើរ។

យើង​ស្រាវជ្រាវ យើង​រុករក យើង​តាម​ដាន ដើម្បី​ឲ្យ​ Sabay ក្លាយ​ជា​ឃ្លាំង​ផ្ទុក​ចំណេះ​ដឹង​មិន​ចេះ​រីង​ស្ងួត

ក្នុង​នាម​ជា​និពន្ធ​នាយក និង​តំណាង​ឲ្យ​ក្រុមការងារ​ Website Sabay ទាំង​មូល សូម​ប្រសិទ្ធិពរ​ជ័យ ជូន​ពរ​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១៧ ដល់​សិស្ស/និស្សិត បុគ្គលិក មន្ត្រី​រាជការ អាជីវករ ​គ្រប់​ជាន់​ថ្នាក់ ទទួល​បាន​សេចក្ដី​សុខ ចម្រើន សុភមង្គល​គ្រប់​ក្រុម​គ្រួសារ លទ្ធផល​ទាំង​ការសិក្សា ការងារ ស្នេហា កុំបី​ហ្មង ចំណូល​ហូរ​ចូល​កាន់​តែ​ធូរធារ។

ជា​ពិសេស​ សូម​បំពេញ​កាតព្វកិច្ច​គោរព​ច្បាប់​ចរាចរណ៍ គ្រប់​ទិសទី គ្រប់​កាលៈទេសៈ ដើម្បី​ សុខ​សុវត្ថិភាព​លើ​ដង​ផ្លូវ ទាំង​ជិត ទាំង​ឆ្ងាយ៕

គ្រប់​ទម្រង់​សិល្បៈ​ និង​ការ​កម្សាន្ត យើង​នឹង​ប្រឹង​ប្រែង​ប្រមាញ់​យក​រឿងរ៉ាវ​​បម្រើ​ជូន​អ្នក​អាន​ជា​រៀង​រាល់​ថ្ងៃ
បច្ចេកវិទ្យាដើរលឿនណាស់ ហើយ​កំពុង​បាចសាច​គ្រប់​ទីកន្លែង តែ​យើង​កំពុង​ធ្វើ​ឲ្យ​វា​​នៅ​ជិត​អ្នក​បំផុត
សន្យា​ថា ឆ្នាំ​ថ្មី​នេះ យើង​នឹង​​ចាប់​យក​រូប​ភាព​ឲ្យ​បាន​ស្អាត ទាក់​ចិត្ត ទាន់​ស្ថានការណ៍ បម្រើ​ឲ្យ​ចក្ខុ​អ្នក​អាន
ឆ្នាំថ្មីពួកយើង នឹងនាំអារម្មណ៍លោកអ្នក ទៅកាន់ ព្រឹតិ្តការណ៍កីឡាដ៏សម្បូរបែប ទូទាំងពិភពលោក
រីករាយឆ្នាំថ្មី ពួកយើងនឹងនាំយកចែករំលែកព័ត៌មាន កម្សាន្ត អប់រំ ដំណឹង ទាន់ពេលវេលា ជូនប្រិយមិត្តទាំងអស់គ្នា

ដោយ៖ ចិត្ត (និពន្ធនាយក sabay.com)

អត្ថបទថ្មី