លាតត្រដាងអាថ៌កំបាំងផ្នូរខ្មោចជនជាតិភាគតិចកាចក់នៅរតនគីរី
- 2017-01-14 02:43:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាតត្រដាងអាថ៌កំបាំងផ្នូរខ្មោចជនជាតិភាគតិចកាចក់នៅរតនគីរី
ចន្លោះមិនឃើញ
ទស្សនិកជនបានដឹងច្រើនហើយអំពីភូមិខ្មោចដ៏ចម្លែករបស់ ជនជាតិភាគីតិចកាចក់ នៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគីរីដែល Sabay ផ្សព្វផ្សាយកន្លងមក ប៉ុន្តែប្រហែលជាមិនទាន់ដឹងពិស្តារអំពីប្រពៃណីបុណ្យខ្មោច និងផ្នូរខ្មោចនីមួយៗឡើយ។ ពេលនេះ Sabay សូមបង្ហាញអាថ៌កំបាំងទាំងនោះដែលបង្ហាញដោយមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំខេត្តរតនគីរី។
លោក ស៊ី សាវ៉េត អ្នកនាំភ្ញៀវទេសចរ នៅខេត្តរតនគិរីបានប្រាប់ថា ប្រពៃណីជនជាតិកាចក់ដែលជាជនជាតិភាគតិចនៅឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគីរីខុសប្លែកពីប្រពៃណីដែលប្រជាពលរដ្ឋខ្មែរទូទៅប្រតិបត្តិសព្វថ្ងៃ ជាពិសេសអំពីបុណ្យខ្មោច។ ពិធីបុណ្យខ្មោចរបស់ជនជាតិកាចក់មានតែ២ដងប៉ុណ្ណោះសម្រាប់អ្នកដែលបានស្លាប់ទៅ។ បុណ្យទី១គឺពេលស្លាប់ ក្រុមគ្រួសារនឹងរៀបចំពិធីបុណ្យសពរយៈពេល៣យប់ ៣ថ្ងៃយ៉ាងអធិកអធម ឬទៅតាមលទ្ធភាពរបស់គ្រួសារសព។ ប្រសិនបើគ្រួសារធូរធារ ពួកគាត់នឹងរៀបចំបុណ្យធំដែលមានកាប់ក្របីច្រើនក្បាល និងរៀបចំអធិកអធមបំផុត ប៉ុន្តែគ្រួសារខ្សត់ខ្សោយមិនធ្វើបុណ្យធំដុំឡើយ។
អ្នកនាំភ្ញៀវដែលចេះនិយាយភាសាជនជាតិភាគតិចរូបនេះបន្តថា ពេលយកសពទៅបញ្ចុះ ក្រុមគ្រួសារនឹងមានធ្វើរូបចម្លាក់ពីឈើប្រុស១ និងស្រី១ដែលមានផ្ទៃពោះដាក់បញ្ឈរនៅមុខផ្នូរ។ រូបចម្លាក់នេះមានន័យថា ជាខ្ញុំបម្រើរបស់សពដែលនៅរស់មានជីវភាពធូរធារ ហើយស្លាប់ទៅក៏មានខ្ញុំបម្រើតាមថែរក្សា។ នៅពីមុខផ្នូរមានដាក់តាំងក្បាលក្របីដែលមានស្នែងទាំងពីរ ដើមចេក នៅលើផ្នូរមានដាក់គ្រឿងប្រើប្រាស់ដូចជា ចាន ឆ្នាំង ក្អម ពាង និងវត្ថុប្រើប្រាស់ជាច្រើន ខណៈដំបូលផ្នូត្រូវបានតុបតែងលំអដោយក្បូរក្បាច់ ក្រណាត់ និងពណ៌ក្រហម ព្រមទាំងវត្ថុផ្សេងៗជាច្រើនទៀត។ ការរៀបចំផ្នូរបែបនេះត្រូវបានគេសម្គាល់ថា ផ្នូរនោះជាផ្នូរខ្មោចអ្នកមាន។
ចំណែកក្រុមគ្រួសារក្រខ្សត់វិញមិនមានរៀបចំបុណ្យធំដុំ និងកាប់ក្របីឡើយ។ ពេលយកសពទៅបញ្ចុះ ផ្នូរត្រូវបានធ្វើឡើងធម្មតាប៉ុណ្ណោះពោលគឺមានតែពូនដី និងដំបូលដោយអត់មានរូបចម្លាក់ ក្បាលក្របី ឬគ្រឿងប្រើប្រាស់ផ្សេងៗឡើយ។ បើទោះជាគ្រួសារសពនោះ ថ្ងៃក្រោយមានជីវភាពធូរធារ ក៏មិនអាចទិញសម្ភារៈ ឬធ្វើរូបចម្លាក់ទៅដាក់បានឡើយ ពីព្រោះប្រពៃណីកំណត់ថា កាលសពនោះនៅរស់ខ្វះខាត ពេលស្លាប់ទៅក៏ខ្វះខាតដែលគ្មានអ្វីយកទៅជាមួយបានឡើយ។
លោក ស៊ី សាវ៉េត ដែលស្គាល់ច្បាស់ពីប្រពៃណីជនជាតិភាគតិចបន្តថា ការធ្វើបុណ្យទី២ គឺបន្ទាប់ពីបញ្ចុះសពបាន១២ខែ។ ក្នុងរយៈពេល១២ខែនេះ ក្រុមគ្រួសារសពត្រូវតែទៅថែរក្សា និងបោសសំអាតផ្នូរឲ្យនៅស្អាតល្អជានិច្ច។ ពិធីបុណ្យលើកទី២នេះគឺជាបុណ្យលាគ្នា ឬផ្ដាច់ចំណងទាក់ទងគ្នារវាងអ្នកស្លាប់ និងអ្នករស់។ បុណ្យលើកទីនេះក៏ត្រូវរៀបចំឡើងទៅតាមលទ្ធភាពរបស់គ្រួសារដែរ។ ក្រោយរៀបចំបុណ្យលើកទី២រួចហើយ ក្រុមគ្រួសារ សាច់ញាតិឈប់ទៅមើលផ្នូរសពនោះទៀតហើយដោយទុកចោលទៅតាមធម្មជាតិជារៀងរហូត។ ជាងនេះទៀតនោះ ផ្នូរខ្មោចក៏មានលក្ខណៈខុសគ្នា និងដាច់ឆ្ងាយពីគ្នាដូចជា ផ្នូរមេកន្ទ្រាញ ផ្នូរអ្នកមាន ផ្នូរអ្នកក្រ ផ្នូរស្ត្រីដែលស្លាប់ពេលឆ្លងទន្លេ និងផ្នូរកូនក្មេងជាដើម។
ទំនៀមទម្លាប់របស់អ្នកភូមិជនជាតិកាចក់ ពេលអ្នកណាដើរចូលទៅក្នុងព្រៃខ្មោច គឺមិនឲ្យចូលក្នុងភូមិវិញទេ ព្រោះខ្លាចព្រលឹងខ្មោចទៅអុកឡុកអ្នកភូមិ។ ម៉ោង១២ថ្ងៃត្រង់ជាពេលវេលាគួរឲ្យខ្លាចជាងគេដែលស្ទើរតែគ្មាននរណាម្នាក់ហ៊ានចូលឡើយ ពីព្រោះពួកគេជឿថា ជាពេលដែលខ្មោចមានឥទ្ធិពលកាចសាហាវ។ អ្នកដែលចូលទៅមើលព្រៃខ្មោច ពេលត្រឡប់មកវិញត្រូវធ្វើសញ្ញាខ្វែងសម្រាប់អ្នកដើរក្រោយគេដើម្បីរារាំងខ្មោចកុំឲ្យដើរតាមបន្តទៀត៕