កត្តា​សាមញ្ញ​៥​យ៉ាង​​នេះ​ធ្វើ​ឲ្យ​អ្នក​​​មើល​បាល់ទាត់​មិន​ជិន​ណាយ?

  • 2017-01-12 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មើល​បាល់ទាត់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​ស្រស់​ស្រាយ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​ចូល​ចិត្ត​មើល​បាល់ទាត់​ដែរ។ អ្នក​ខ្លះ​​ទៅ​មើល​បាល់​ដើម្បី​គាំទ្រ​ដល់​ជម្រើស​ជាតិ​របស់​ខ្លួន។ អ្នក​ខ្លះ​ទៅ​មើល​ដើម្បី​គាំទ្រ​​ដល់​​ក្រុម​ដែល​​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​។ អ្នក​ខ្លះ​ទៅ​មើល​ដោយ​សារ​មាន​ Idol របស់​ខ្លួន​​ប្រចាំ​ក្រុម។

លើស​ពី​នេះ​ទៀត​ អ្នក​ខ្លះ​ទៅ​មើល​ដោយ​សារ​តែ​មិត្ត​ភក្តិ​អូសទាញ​ ឬ​ទៅ​អង្គុយ​កម្សាន្ត​ជា​មួយ​ដៃ​គូ​ដោយ​មិន​ខ្វល់​ពី​បាល់ទាត់​នៅ​លើ​ទី​លាន​ឡើយ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ អ្នក​ខ្លះ​មើល​បាល់​រហូត​ដល់​ងងុយ​ដេក ឬ​ ​ពេល​ខ្លះ​មើល​បាន​តែ​រយៈ​ពេល​ខ្លី​ក៏​​ចេញ​ទៅ​ក្រៅ​​បាត់។ Sabay សូម​ទាញ​គន្លឹះ​៥​យ៉ាង​ខាង​ក្រោម​​នេះ​ដែល​​អ្នក​ទស្សនា​មើល​បាល់​មិន​ជិន​​ណាយ។

  • ស្គាល់​ក្រុម​បាល់ទាត់​មួយ​​​​ច្បាស់​៖ ពេល​អ្នក​ស្គាល់​ក្រុម​បាល់ទាត់​មួយ​ច្បាស់​លាស់​ អ្នក​ប្រាកដ​ជា​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​នោះ​តាម​ការ​ទៅ​ទស្សនា​ផ្ទាល់​ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ។ អ្នក​​នឹង​តាម​ដាន​ទស្សនា​ស្ទើរ​មិន​ដាច់​មួយ​នាទី​ណា​ឡើយ​​ពេលពួក​គេ​ប្រកួត​ និង​​ចង់​ឲ្យ​ក្រុម​នោះ​ទទួល​បាន​ជ័យជម្នះ​រហូត។

  • ស្គាល់​កីឡាករ​ក្នុង​ក្រុម​៖ រឹត​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ និង​ចង់​ទស្សនា​ខ្លាំង​ទៀត​នោះ​គឺ​នៅ​ពេល​អ្នក​ស្គាល់​​សមាជិក​​ខ្លះ​ៗ​​​ក្នុង​ក្រុម​បាល់ទាត់​នោះ​​ដូច​ជា​ អ្នក​ចាំ​ទី​ ខ្សែ​ប្រយុទ្ធ​ ខ្សែ​ការពារ​ជា​ដើម។ ពេល​កីឡាករ​ណា​ម្នាក់​បង្ហាញ​ទម្រង់​លេង​ល្អ ឬ​សកម្មភាព​គួរ​ឲ្យ​គោរព​ កាន់​តែ​ធ្វើ​ឲ្យ​​អ្នក​សរសើរ​ និង​ពេញ​​​ចិត្ត​ទស្សនា​​ខ្លាំង​ឡើង។

  • មាន​ Idol​ នៅ​ក្នុង​ក្រុម៖ ជា​រឿយ​ៗ​ ប្រសិន​បើ​អ្នក​គាំទ្រ​​ដល់​ក្រុម​ណា​មួយ​មិន​ថា​ ក្រុម​ឯកជន ឬ​ជម្រើស​ជាតិ​ឡើយ​ អ្នក​តែង​តែ​មាន​ Idol ​ក្នុង​ចិត្ត​ជា​មិន​ខាន់។ ឧទាហរណ៍៖ ប្រសិន​បើ​​​អ្នក​ជា​ Fan របស់​ក្លឹប​បឹងកេត​អង្គរ អ្នក​ប្រាកដ​ជា​មាន​កីឡាករ​ណា​ម្នាក់​ជា​និម្មិត​ជា​មិនខាន​។ ​

  • ​ស្គាល់​គ្រូ​បង្វឹក​ប្រចាំ​ក្រុម៖ មិន​ត្រឹម​តែ​កីឡាករ​ប៉ុណ្ណោះ​ទេ​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ឲ្យ​ទស្សនា​ សូម្បី​តែ​គ្រូ​បង្វឹក​ប្រចាំ​ក្រុម​​​ក៏​ជា​ផ្នែក​ធ្វើ​ឲ្យ​អ្នក​ចូល​ចិត្ត​​មើល​បាល់ទាត់​ដែរ។ ជាក់​ស្តែង​ ប្រសិន​បើ​អ្នក​ជា​ Fan របស់​ក្រុម​តោ​ខៀវ​ Chelsea របស់​អង់គ្លេស​ ​អ្នក​​​ប្រាកដ​ជា​ស្គាល់​គ្រូ​បង្វឹក​របស់​ក្រុម​នោះ​ដែរ​ និង​ដឹង​ពី​ទម្លាប់​សកម្មភាព​នៅ​លើ​ទី​លាន​​របស់​​គាត់​ថែម​ទៀត។

  • ដឹង​ពី​របៀប​លេង​លើ​ទី​លាន៖ មែន​ទែន​ទៅ​ អ្នក​គាំទ្រ​មួយ​ចំនួន​ ជា​ពិសេស​អ្នក​ដែល​ទៅ​​មើល​បាល់ទាត់​តាម​រយៈ​មិត្តភក្តិ​អូសទាញ​ ឬ​អ្នក​មិន​ចាប់​អារម្មណ៍​នឹង​បាល់ទាត់​គឺ​មិន​សូវ​ដឹង​ពី​របៀប​លេង​បាល់​លើ​ទី​លាន​ឡើយ។ អ្នក​ខ្លះ​សូម្បី​តែ​កីឡាករ​ប៉ុន្មាន​នាក់​​លេង​នៅ​លើ​ទី​លាន​ក៏​មិន​ដឹង​ផង ដូច្នេះ​អ្នក​​នោះ​ច្បាស់​ជា​ធុញ​ទ្រាំ ឬ​មិន​មើល​ឡើយ។ ប៉ុន្តែ​ប្រសិន​​​បើ​អ្នក​​​ស្គាល់​ពី​របៀប​លេង​នៅ​លើ​ទី​លាន​ដូច​ជា​ អ្វី​ទៅ​ជា​បាល់​ក្រៅ​ជំហរ​ល្បែង​​ (Off Side)​ជា​ដើម​ អ្នក​ប្រាកដ​ជា​ចូល​ចិត្ត​មើល​បាល់​ខ្លះ​មិន​ខាន​ បើ​ទោះ​ជា​អ្នក​គ្មាន​​តារា​ឆ្នើម​ប្រចាំ​ដួង​ចិត្ត​ក៏​ដោយ។

ចំណុច​សាមញ្ញ​ខាង​លើ​នេះ​គឺ​គ្រាន់​ជា​ទស្សនៈ​របស់​អ្នក​សរសេរ​តែ​ប៉ុណ្ណោះ​ ហើយ​ក៏​មិន​ប្រាកដ​ថា ត្រូវ​ទាំង​ស្រុង​នោះ​ដែរ។ Sabay ជឿ​ជាក់​ថា​ អ្នក​ទស្សនា​ប្រាកដ​ជា​ចំណុច​ផ្សេង​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​មើល​បាល់ទាត់។ បើ​មាន​​ចំណុច​​ក្រៅ​ពី​កត្តា​ខាង​លើ​ សូម​បង្ហាញ​ឲ្យ​​មិត្ត​ភ័ក្តិ​​បាន​ដឹង​ផង៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី