៤ចំណុចពិសេស នៃស្ថាបត្យកម្មរបស់អគារ STEM នៅ RUPP
- 2017-02-09 06:54:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ចំណុចពិសេស នៃស្ថាបត្យកម្មរបស់អគារ STEM នៅ RUPP
ចន្លោះមិនឃើញ
អគារវិទ្យាសាស្ត្រ STEM ដែលកំពុងធ្វើការសាងសង់នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនោះ មានបង្កប់នូវគំនិតពិសេសៗជាច្រើន ដែលមនុស្សទូទៅមិនបានដឹង។
បណ្ឌិត ងួនផាន ភក្តី ដែលជាស្ថាបត្យកររចនាអគារវិទ្យាសាស្ត្រ STEM ព្រមទាំងជាព្រឹទ្ធបុរសប្រចាំមហាវិទ្យាល័យវិស្វកម្មនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរនោះបានអោយដឹងថា ការគូរប្លង់ និង រចនាអគារនេះឡើងគឺគិតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
១ រក្សាម៉ូតអគារជំនាន់ដើម
លោកបានពន្យល់ថា ថ្វីត្បិតតែអគារវិទ្យាសាស្ត្រ STEM ជាអគារមួយទំនើបក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំសាលាបានពិភាក្សាយ៉ាងម៉ត់ចត់ជាមួយស្ថាបត្យករដើម្បីធ្វើយ៉ាងណាថែរក្សារចនាបថនៃគ្រោងឆ្អឹងរបស់អគារនេះ អោយមានលំនាំប្រហាក់ប្រហែលទៅនឹងអគារមុនៗរបស់សាលា។ តួយ៉ាងដូចជាអគារធំរបស់សាលាដែលបានសាងសង់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ប្រការនេះ គឺដើម្បីរក្សាបាននូវសោភ័ណភាពជារួមមួយរបស់អគារទាំងអស់។
២ សុវត្ថិភាព
ជាការពិតណាស់សុវត្ថិភាពនៃសំណង់អគារមួយគឺជារឿងសំខាន់បំផុតដែលស្ថាបត្យករត្រូវគិតគូរ។ ពិសេសពេលមានអគ្គីភ័យ រឺ គ្រោះអាសន្នណាមួយកើតឡើងដែលត្រូវជម្លៀសមនុស្សជាច្រើនចេញពីអគារភ្លាមៗ។ ម៉្លោះ ហើយអគារ STEM ត្រូវបានរចនាឡើងដោយមាន យ៉រ (Balcony) ធំទូលាយ សម្រាប់សម្រួលអោយមនុស្សជាច្រើនអាចជម្លៀសចេញពីអគារបានប្រកបដោយសុវត្ថិភាព។
៣ ចំណេញថាមពល
លើសពីនេះទៅទៀត យ៉រ (Balcony) ដែលមាននៅក្នុងអគារ នឹងដើរតួជាឆត្របាំងម្លប់ដល់តួអគារទាំងមូល មិនអោយក្ដៅខ្លាំង ហើយជាពិសេសគឺអាចកាត់បន្ថយការប្រើប្រាស់ភ្លើងអគ្គិសនីបានច្រើនទៀតផង។
៤ ប្រើគោលការណ៍ចរន្តខ្យល់
តួនៃអគារ STEM ត្រូវបានរចនាឡើង ដោយអនុញ្ញាតអោយមានខ្យល់អាកាសចេញចូលត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។ ប្រការនេះគឺជួយសន្សំសំចៃដល់ការប្រើប្រាស់ចរន្តអគ្គិសនី ព្រមទាំងជួយអោយអ្នកសិក្សាស្រាវជ្រាវនៅក្នុងនោះ ទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និង ផាសុកភាពផងដែរ។
សូមបញ្ជាក់ថា អគារវិទ្យាសាស្ត្រ STEM បាន និង កំពុងសាងសង់លើផ្ទៃដីសរុបជាង៣០០០ ម៉ែត្រការ៉េ ដែលមាន៧ជាន់។ ក្នុងនោះមានបន្ទប់ធ្វើការសរុបចំនួន ៦៥ មន្ទីរពិសោធន៍ចំនួន៣២ បន្ទប់រៀនធំៗចំនួន៥ និង បន្ទប់ប្រជុំចំនួន៦។ បន្ថែមពីនេះ ក៏មានបំពាក់នូវជណ្ដើរយន្តចំនួន២ផងដែរសម្រាប់សម្រួលដល់ការឡើងចុះ និង ដឹកជញ្ជូនឥវ៉ាន់នានា។ ចំណែកផ្នែកបច្ចេកទេសនៃបន្ទប់ពិសោធន៍វិញ បណ្ឌិត ងួនផាន ភក្តី កំពុងសហការជាមួយសកលវិទ្យានៅប្រទេសស៊ុយអែត ដើម្បីរចនាទៅតាមលក្ខណៈបច្ចេកទេស និង គិតគូរពីការស្តុកទុកកាកសំណល់គីមី ព្រមទាំងសំណល់បែបជីវសាស្ត្រជាដើម៕