Booysen យល់ច្រឡំ ណាតាហ្សា រឿងសញ្ជាតិឥស្លាម
- 2017-02-11 02:50:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Booysen យល់ច្រឡំ ណាតាហ្សា រឿងសញ្ជាតិឥស្លាម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Booysen Shane ច្រឡោតខឹងសង្សារបណ្ដូលចិត្ត ណាតាហ្សា យ៉ាងខ្លាំង បន្ទាប់មានការយល់ច្រឡំថា តារាសម្ដែងស្រីរូបនេះចង់ឱ្យកីឡាករភ្នំពេញក្រោនម្នាក់នេះចូលសញ្ជាតិឥស្លាម។
តួឯកស្រីក្នុងរឿង"កំណត់ហេតុនាថ” បានឲ្យដឹងថា ក្រោយ Sabay ចុះផ្សាយកាលពីម្សិលមិញរឿង «មុនឈានដល់រៀបការ ណាតាហ្សា ដាក់លក្ខខណ្ឌអ្វីខ្លះឲ្យខ្សែប្រយុទ្ធ Booysen » នេះ មានវិបសាយបរទេសមួយបានបកប្រែពីវិបសាយ Sabay ទៅបន្ដ ហើយក៏បានសរសេរខុសខ្លះ ទើបធ្វើឲ្យកីឡាករវ័យ ២៧ ឆ្នាំរបស់ភ្នំពេញក្រោនខឹងនាងខ្លាំងណាស់។ ដោយនាងបានបកស្រាយដូច្នេះថា៖ "ខ្ញុំមិនមែនមានន័យថាឲ្យគាត់ចូលសញ្ជាតិឥស្លាមទេ។ តែខ្ញុំចង់ឲ្យគាត់បានចូលសញ្ជាតិខ្មែរតែប៉ុណ្ណោះ”។
តារាស្រីដែលទើបទទួលបានតំណែងតួរងថ្មីក្នុងរឿង "ក្រមុំចាស់ប៉ះកំលោះស្ទាវ ” បានបន្ថែមថាមូលហេតុដែលធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអាហ្រិ្វកខាងត្បូងនោះខឹង ព្រោះតែឃ្លាមួយក្នុងអត្ថបទសរសេរថា «បើចង់ឈានដល់ពិធីមង្គលការត្រូវតែចូលសញ្ជាតិអ៊ីស្លាម » អត្ថន័យដូចចង់សំដៅឲ្យសង្សារនាង ត្រូវផ្ដាច់ខ្លួនពីសាសនាគ្រិស្តដែលគេប្រតិបត្តិតាំងពីដើមមក។ ដូចនេះហើយទើបមានរឿងរ៉ាវអាក់អន់ចិត្តចំពោះគ្នា។
ទោះជាយ៉ាងណា ណាតាហ្សា នៅតែចង់សុំទោស Shane Booysen ដដែលចំពោះការនិយាយស្ដីដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត ហើយនាងបញ្ជាក់ដែរថាមិនដែលចង់បង្ខិតបង្ខំសង្សាររឿងនេះឡើយ ស្រេចតែសាមីខ្លួនជាអ្នកសម្រេចចិត្តទៅចុះ។ ជាចុងក្រោយតារាសម្ដែង និងជាម៉ូដែលបានសង្កត់ធ្ងន់ថា ការរៀបការរវាងនាង និង Booysen មិនទាន់គិតដល់ទេ ព្រោះម្នាក់ៗកំពុងរវល់រៀងខ្លួន៕