ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ី ​សរសើរ​ការ​រីក​ចំរើន​បាល់​ទាត់​នៅ​កម្ពុជា

  • 2017-03-07 03:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Shaikh Salman bin Ebrahim Al Khalifa ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​បាន​សរសើរ​ដល់​ការ​ខំ​ប្រឹងប្រែង​អភិវឌ្ឍ​បាល់ទាត់​របស់​កម្ពុជា ​ហើយ​ក៏​គាំទ្រ​ចំពោះ​គោលការណ៍​មិន​ឱ្យ​មាន​ការ​កំណត់​លទ្ធផល​ទុក​ជា​មុន​ដែរ។

លោក Khalifa ​មក​កម្ពុជា​នេះ ​បាន​ជួប​ជាមួយ​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​លោក សៅ សុខា ​ផ្ទាល់​ហើយ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​គម្រោង​អភិវឌ្ឍ​បាល់ទាត់​របស់​កម្ពុជា​ផង​ដែរ។ ក្នុង​នោះ ​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ ​ក៏​បាន​ព្រួត​ដៃ​គ្នា ​ប្រឆាំង​និង​រារាំង​ចំពោះ​​អំពើ​អាក្រក់​នានា​ដែល​កើត​ឡើង​ក្នុង​វិស័យ​បាល់ទាត់​នេះ​ដែរ ​ជា​ពិសេស​គឺ​ការ​កំណត់​លទ្ធផល​ប្រកួត​ទុក​មុន​តែ​ម្ដង។ ​លើស​ពី​នេះ​ទៅ​ទៀត ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ក៏​បាន​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​នាំ​យក​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​កាន់​តែ​រីក​ចំរើន​ផង​ដែរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

​បើ​តាម​វិបសាយ​របស់​ AFC ​លោក សៅ សុខា ​បាន​បញ្ជាក់​ថា​​នៅ​កម្ពុជា​គឺ​ប្រឆាំង​ខ្លាំង​ណាស់​ចំពោះ​ការ​កំណត់​លទ្ធផល​ទុក​មុន ​ហើយ​លោក​ក៏​បាន​សន្យា​ដែរ​ថា​នឹង​មិន​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង​ក្នុង​បាល់ទាត់​ឡើយ។ រឿង​នេះ​ជា​រឿង​មិន​ល្អ​ឡើយ ​ដូច្នេះ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​និង​ទ្វីប​អាស៊ី​នឹង​សហការ​គ្នា​កម្ចាត់​វា​ចោល។

ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក៏​បាន​ប្រកាស​ដែរ​ថា​នឹង​បង្កើត​ជា​ Football School ​ឱ្យ​បាន​គ្រប់​២៥​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ​ដើម្បី​ឱ្យ​វិស័យ​មួយ​នេះ​កាន់​តែ​រីក​ចំរើន​និង​បង្ហាញ​ថា​កីឡា​បាល់ទាត់​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​យុវជន៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី