ឆាយ វីរៈយុទ្ធនាំនារីប្លែកមុខឡើងឆាក Ganzberg យប់មិញបង្កើតការសង្ស័យ
- 2017-04-16 05:12:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាយ វីរៈយុទ្ធនាំនារីប្លែកមុខឡើងឆាក Ganzberg យប់មិញបង្កើតការសង្ស័យ
ចន្លោះមិនឃើញ
តារាចម្រៀងជួរ ឆាយ វីរៈយុទ្ធ បានធ្វើឲ្យអ្នកគាំទ្រពេញឆាកតន្ត្រីក៏ដូចជាតាមកញ្ចក់ទូរទស្សន៍មានមន្ទិលសង្ស័យយ៉ាងខ្លាំងនៅពេលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះនាំស្ត្រីប្លែកមុខម្នាក់ឡើងច្រៀងឆ្លងឆ្លើយគ្នាក្នុងការប្រគំតន្ត្រី GANZBERG UBER CONCERT នៅតំបន់បាខែងចាស់ក្នុងខេត្តសៀមរាប។
សូមទស្សនាការច្រៀងរវាង ឆាយ វីរៈយុទ្ធ និង ឆាយសុវណ្ណារី
រាត្រីទី២នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអង្គរសង្ក្រាន្ត GANZBERG បានរៀបចំដ៏អស្ចារ្យនៅតំបន់បាខែងចាស់ដែលលេចមុខតារាចម្រៀងល្បីៗជាច្រើនឡើងសម្តែងទាំងការច្រៀងទោល និងឆ្លងឆ្លើយដូចជា ខេមរៈ សិរីមន្តចាប់ដៃគូនឹងកញ្ញា សុខ ពិសី និងលោម ឆាយ វីរៈយុទ្ធចាប់ដៃគូនឹងកញ្ញា អ៊ីវ៉ាជាដើម។ ប៉ុន្តែកាលពីយប់មិញនេះស្ត្រីប្លែកមុខម្នាក់បានច្រៀងបទ«អង្កុញកើយ៣»ជាមួយលោក ឆាយ វីរៈយុទ្ធ ដែលបង្កការភ្ញាក់ផ្អើល និងសង្ស័យយ៉ាងខ្លាំង។ បញ្ហាសង្ស័យគឺថា ក្នុងការច្រៀងនេះ ពិធីករ ពិធីការិនីមិនបានប្រកាសឈ្មោះ ឬបញ្ជាក់ពីអត្តសញ្ញាណរបស់តារាចម្រៀងស្រីម្នាក់នេះមុនឡើយ។ តើស្ត្រីម្នាក់ជានរណា? ឬមួយជាគូដណ្តឹងរបស់លោក ឆាយ វីរៈយុទ្ធ ដែលទើបភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះ។ បន្ទាប់ពីច្រៀងចប់ ពិធីករ ពិធីការិនីបានសួរបញ្ជាក់ថា តើស្ត្រីម្នាក់នេះជានរណា? លោក ឆាយ វីរៈយុទ្ធបានប្រាប់ថា «ជាប្អូនស្រី»។
យប់មិញនេះដែរ Sabay បានជួបលោក ឡាយ សុខចម្រើន អ្នកចាត់ការទូទៅវ័យក្មេងរបស់សាន់ដេដែលទទួលបន្ទុកការរៀបចំឆាកតន្ត្រី GANZBERG UBER CONCERT បានប្រាប់ថា ស្ត្រីម្នាក់នោះពិតជាប្អូនស្រីរបស់លោក ឆាយ វីរៈយុទ្ធ មែនគឺឈ្មោះ ឆាយ សុវណ្ណារី។ ទោះជាយ៉ាងណា អ្នកចាត់ការទូទៅវ័យក្មេងរូបនេះបានទទួលស្គាល់ថា ឆាយ សុវណ្ណារី ពិតជាមានមុខមាត់ដូចគូដណ្តឹងរបស់ ឆាយ វីរៈយុទ្ធមែន។
ល្ងាចនេះ អ្នកដែលទៅចូលរួមទស្សនាការប្រគំតន្ត្រី Ganzberg មុនគេពោលគឺចាប់ពីម៉ោង៦ដល់៨យប់ នឹងទទួលបានស្រាបៀរម្នាក់១កំប៉ុងដោយឥតគិតថ្លៃ។ ទោះជាច្រើនយ៉ាងណា ក៏ដោយក៏ទទួលបានគ្រប់គ្នា៕