ជុំ សោភ័ណ្ឌ៖ “របររកស៊ី​​ខ្លះ​បរទេស​ហ៊ានបើក​នៅខ្មែរ ចុះ​កូន​ខ្មែរ​ម៉េច​មិន​ហ៊ាន?​”

  • 2017-07-11 00:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​ចាប់​ផ្តើមធ្វើ​ការ​ស្រា​វ​​មុន​នឹង​ដំណើរ​ការ​អាជីវកម្ម​ ប៉ុន្តែ​ធ្វើ​រយៈពេលខ្លី​ដែរទេ ហើយ​បាន​កត់សំគាល់ថា របររក​ស៊ី​​ខ្លះ ​បរទេស​ជាម្ចាស់ហ៊ាន​​បើកនៅ​ខ្មែរ ចុះកូន​ខ្មែរ​ម៉េច​មិន​ហ៊ាន?​”។ ទាំង​នេះ​គឺជា​ការរៀបរាប់​​របស់​លោក ជុំ សោភ័ណ្ឌ​ ស្ថាបនិក​ក្រុម​ហ៊ុន​ ខេមថេក សឹលូសិន (Camtech Solution) និង​អាវតា​កាហេ្វ​ ដែលទើប​ដាក់​ឱ្យ​ដំណើរកាល​ពីដើម​ឆ្នាំ​នេះ។

លោក ជុំ សោភ័ណ្ឌ​

មាន​ទីកន្លែងកំណើត​នៅ​ស្រុក​ព្រះស្តេច​ ខេត្តព្រៃ​វែង សហគ្រិន​វ័យ​ ៣៥​ ឆ្នាំរូប​នេះ​ មាន​សុទិដ្ឋិនិយម​ថា កម្ពុជាបច្ចុប្បន្ន​នៅមានចន្លោះ​ប្រហោង​ច្រើន​ ក្នុង​ការ​ចាប់​យក​ឱកាស​បអាជីវកម្ម​​ណា​មួយ​ ដែល​គេ​​គិតថា​ល្អ​ និង​ប្លែក​​។ ​ការរកស៊ី​មិន​​ពឹងលើ​ដើមទុក​​តែមួយ​មុខទេ។​ គេអាចប្រើប្រាស់​គំនិត​​ជាដើម​ទុន ​​ជំនួសឱ្យលុយ​​ក្នុងករណី​ខ្លះ​​។

“ខ្ញុំ​បាន​ស្គាល់​យុវជន​ម្នាក់​​ គាត់​អាច​រកស៊ី​បាន​ដោយគ្មាន​ដើម​ទុន។ ​​​គាត់​បា​ន​ទៅ​ទាក់ទងនៅ​ហាង​ការហ្វេមួយ​ពី​ប្រភេទ​ស្បោង និង​​កំប៉ុង​រចនាថ្មី​ ដែល​ហាង​នោះ​អាច​មាន​តម្រូ​វការ​។ ហាង​កាហ្វេ​ព្រមព្រាង​កុម្ម៉ង់​ក្នុង​​ចំនួន​​មួយ​​។ គាត់ស្នើ​សុំ​លុយកក់ ២០%​ បន្ទាប់​មកប្រើប្រាស់​លុយ​កក់​​ ២០% ផ្ទេរ​ទៅ​ដៃគូ​នៅបរទេស​​ ដើម្បី​ដំណើរ​ការផលិត​​។ ឥវ៉ាន់​មកដល់​ទើបប្រគល់​​លុយ​គ្រប់​ចំនួន​ ទៅឱ្យ​ដៃ​គូ​នៅបរទេស”។

អតីត​អ្នក​គ្រប់​គ្រង​នៅ​​ក្រុម​ហ៊ុន​មួយចំនួន និង​ផ្តើម​​រកស៊ីដំបូង​​នៅ​ឆ្នាំ​ ២០០៩ លោ​ក សោភ័ណ្ឌ​ ឱ្យ​ដឹង​ថា ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ ដែល​ខ្លួន​បម្រើ​ការងារ​បានល្អ​ និង​មានមុខតំណែង​ធំ ​មិន​ប្រាកដថា​ យើង​ជោគជ័យ​ទេ​។ ចំពោះលោក​ការចូលបម្រើការងារ​នៅក្រុម​ហ៊ុន ​គ្រាន់តែ​ជាធ្នាក់​ដើម្បីឈានទៅ​ចាប់​យកមុខរបរណាមួយ ​ទៅ​ថ្ងៃ​ក្រោយ​ប៉ុណ្ណោះ។

ចាប់​តាំងពីដំណើរការរកស៊ី​នៅ​ឆ្នាំ​ ២០០៩  និង​បានបើក​ផ្លូវការ​ក្រុមហ៊ុន Camtech Solution ​​នៅ​ពាក់​កណ្តាល​​ឆ្នាំ​ ២០១៦​ រហូត​ដល់​​បច្ចុប្បន្ន​ ទោះជាបាន​ចំនួន​តិច​តួចក៏​លោ​ក​ចាត់ទុកថាជោគជ័យ​មួយ​ចំណែក​ ខណៈប្រាក់ចំណូល​បាន​ច្រើន​ជាងធ្វើ​ការងារ​ឱ្យ​​គេ។ មានអតិថិជនជាច្រើន​ បាន​ទទួ​លយកសេវារបស់​​ក្រុម​ហ៊ុន Camtech Solution ជាប្រចាំ​។ ក្រុម​ហ៊ុន​នេះ​មានសេវាកម្ម​​ជាច្រើន​ដូចជា​ រចនាគេហទំព័រ ប្រព័ន្ធ​គ្រប់​គ្រង​ក្នុង​ក្រុមហ៊ុន​ និង​ សេវា SMS ជាដើម​។ ​ក្រុមហ៊ុន​នេះ​បានដំណើរការជាមួយ​នឹងដើមទុន ២ ម៉ឺន​ដុល្លារអាមេរិក​។ ចំណែក​អាវតា​កាហ្វេ​ក៏​ចំណាយដើមទុក​​ប្រហាក់​ប្រហែល​គ្នា​ដែរ។ អា​វតា​កាហ្វេ ដែល​បានដំណើរការ​កាលពីដើម​ឆ្នាំ​​នេះ បាន​​ពង្រីកទីតាំងបាន​ ៦ កន្លែង​នៅរាជធានី​ភ្នំពេញ​ និង​គ្រោងពង្រីកឱ្យ​បាន​ ១០ ទីតាំង​​ក្នុងពេល​ឆាប់ៗ​ខាង​មុខ ជាមួយ​នឹង​ការ​គាំទ្រ​ពីអតិថិជន​កម្រិត​បង្គួរ។

ចំណែក Camtech Solution មាន​ក្រុម​ការងារ​ ៤ នាក់​ជាខ្មែរ និង​មាន​ម្នាក់​ជាជនជាតិ​សិង្ហបុរី និងម្នាក់​ជា​ឥណ្ឌា។ លោក ​និង​​ក្រុម​ការងារ​ កំពុង​ធ្វើ​ការស្រាវជ្រាវ​បច្ចេកវិទ្យាថ្មីៗ​លើ​ Facebook បន្ថែម​ទៀត។ Facebook ជាបណ្តាញសង្គមធំ​មួយ​ ដែល​បានទាក់ទាញ​អ្នក​ប្រើប្រាស់​កម្ពុជា​រាប់​ពាន់នាក់។

វិលមក​ដំណើរការអាវតា​កាហ្វេ លោក​គិត​ថា ទីផ្សារកាហ្វេក្នុងប្រទេសកម្ពុជា​នៅតែល្អ ដោយ​សារមាន​កំណើន​អតិថិជនថ្មី។​ គ្មានកន្លែងណាត់ជួប​ណាដែល​ល្អជាង​ហាងកាហ្វេទេ​។ ​ហាងការហ្វេបែបបុរាណ​ នៅតែអាច​គ្រប់​គ្រងចំណែកទីផ្សារ​ធំមួយ ដោយ​សារកម្រិត​ជីវភាព​​​ និងម៉ាកយីហោល្បីៗ បានទាក់ទាញ​អ្នក​ធ្វើ​ការ​ និងអ្នក​មានជីវភាព​កម្រិត​​កណ្តាល។

សម្រាប់​យុវជនដែលមានបំណង​ជាធ្វើអាជីវកម្ម​ លោក​បានចែករំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ថា យុវជន​ត្រូវមាន​ឆន្ទះខ្ពស់ ពេល​ដួល​ត្រូវចេះងើប​ឡើង​វិញដោយ​ខ្លួន​ឯង មានទំនាក់ទំនងល្អ មិន​ត្រូវមានអំនួត ខ្ជីខ្ជាពេលវេលា និង​ត្រូវសិក្សា​អ្វីថ្មីជាប់​ជានិច្ច៕

   

អត្ថបទ៖ សុផល

អត្ថបទពេញនិយម