តារា​ចម្រៀង​កម្ពុជា​៣រូប​ចូល​រួម​កម្មវិធី ASEAN+3 Song Contest ​ថ្ងៃ​​នេះ

  • 2017-08-17 05:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ចំរើន សុភា លោក ណាំ ប៊ុណ្ណារ័ត្ន លោក គង់ សុធារិទ្ធ នឹង​ចេញ​ទៅ​ចូល​រួម​​ប្រលង​កម្មវិធី The Voice of Vietnam នៅ​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម​នៅ​ថ្ងៃ​នេះ។

ការ​បញ្ជូន​តារា​ចម្រៀង​ទាំង​៣​​រូប​ខាង​លើ​ទៅ​ចូល​រួម​កម្មវិធី​ខាង​លើ ត្រូវ​បាន​រៀបចំ​ដោយ​​ក្រសួង​វប្បធម៌ ​និង​​វិចិត្រសិល្បៈ តាម​ការ​អញ្ជើញ​របស់​ប្រទេស​វៀតណាម នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ សុធារិទ្ធ ដែល​ជា​​តារា​ចម្រៀង ​និង​ជា​មន្ត្រី​នៅ​​ក្រសួង​វប្បធម៌​។

លោក គង់ សុធារិទ្ធ បាន​បន្ត​ឲ្យ​ដឹង​ថា ​កម្មវិធី The Voice of Vietnam ​មាន​​ប្រទេស​១៣​ចូល​រួម​ក្នុង​នោះ​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ហើយ​៣ប្រទេស​ទៀត​គឺ ចិន កូរ៉េ និងជប៉ុន។ ក្នុង​មួយ​ប្រទេស​​លោក​ថា អាច​បញ្ជូន​តារា​ចម្រៀង​២ទៅ៣នាក់ ក្នុង​នោះ​តារា​ចម្រៀង​ម្នាក់​ត្រូវ​ច្រៀង​២បទ។

ចំពោះ​មូលហេតុ​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ជ្រើស​រើស​យក​តារា​ចម្រៀង​ទាំង៣​នេះ គឺ​ផ្អែក​ទៅ​លើ​សមត្ថភាព​ និង​ទេព​កោសល្យ​របស់​ពួកគេ។

តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុម​របស់​លោក​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចំនួន​៥ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃ​​ទី១៧ ខែ សីហា ​ឆ្នាំ ២០១៧។ ការ​ប្រកួត​​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រធ្វើ​នៅ​ថ្ងៃ​ទី១៩ ដោយ​​ទាំង​១៣ប្រទេស​នោះ គណៈកម្មការ​​​សម្រេច​យក​បេក្ខជន​តែ​១០រូប​ប៉ុណ្ណោះ​ចូល​រួម​ប្រកួត ហើយ​​​វគ្គ​​ផ្តាច់​ព្រ័ត្រធ្វើ​នៅថ្ងៃ​​​ទី២០ ខែ សីហា ឆ្នាំ ២០១៧ ដោយ​សម្រេច​យក​តែ​៣នាក់ ធ្វើ​ជា​ម្ចាស់​ជយលាភី។

មិន​ទាន់​ដឹង​ថា រង្វាន់​មាន​អ្វី​ខ្លះ​នៅ​ឡើយ​ទេ ហើយ​នេះ​គឺ​ជា​ឆ្នាំ​ទី១​ហើយ​ដែល​ប្រទេស​កម្ពុជា​បាន​ទៅ​ចូល​រួម​កម្មវិធី​មួយ​នេះ។ លោក គង់ សុធារិទ្ធ ប្រាប់​ថា ​ក្រុម​របស់​លោក​បាន​ត្រៀម​បទ​ចម្រៀង​សុទ្ធតែ​មេឡូឌី​ថ្មី​ទាំង​អស់​ទៅ​ចូល​ប្រកួត ចំពោះ​ក្ដី​រំពឹង​ថា ទទួល​បាន​ជោគជ័យ​ឬ​អត់​នោះ លោក​មិន​ហ៊ាន​សន្យា​ឡើយ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម