បើពេលវេលាអាចថយក្រោយ អូននឹង Post រូបជាមួយបង!
- 2017-08-30 06:03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើពេលវេលាអាចថយក្រោយ អូននឹង Post រូបជាមួយបង!
ចន្លោះមិនឃើញ
បើសិនជាពេលវេលាអាចថយក្រោយបាន អូននឹងបំពេញបំណងបងគ្រប់យ៉ាង អូននឹងធ្វើជានារីដ៏ល្អបំផុតសម្រាប់បង អូនមិនរករឿង អូននឹងបង្ហាញក្ដីស្រឡាញ់ដែលអូនមានក្នុងចិត្តទាំងប៉ុន្មានឱ្យបងដឹង អូននឹងបង្ហាញឱ្យគ្រប់គ្នាដឹងថា ពួកយើងស្រឡាញ់គ្នា ហើយត្រៀមចូលរោងការជាមួយគ្នា។ តែពេលនេះគ្រប់យ៉ាងហួសពេលអស់ទៅហើយ ព្រោះបងចាកចេញពីអូនគ្មានថ្ងៃត្រឡប់ ចាកចេញជារៀងរហូត។
ពេលបងនៅមានជីវិត បងធ្លាប់សួរអូនថា ម៉េចបានអូនអត់ដែល post រូបជាមួយបងក្នុងFBចឹង? អូននៅខ្លាចអីទៀត? អូនក៏ប្រាប់បងថាចាំដាក់ profile រូបការហ្មងទៅ? គាត់ក៏តបថា ចឹងបងត្រូវចាំ១ឆ្នាំទៀតមែន? ខ្ញុំក៏ប្រាប់គាត់ថា ច៎ា ត្រូវហើយ ក្ដីស្រលាញ់អូនមិនសំខាន់លើរូបថតទេ គឺសំខាន់ទង្វើយើងទាំង២នាក់តើ។ គាត់ក៏ញញឹមហើយប្រាប់ថា អូនជាមនុស្សចុងក្រោយសម្រាប់ជីវិតបងហើយ ចឹងយើងត្រូវស្រលាញ់និងទុកចិត្តគ្នាទៅវិញទៅមក ទើបវាជាសុភមង្គលពិត។
បងតែងលើកទឹកចិត្តអូន ពេលអូនលំបាក បងប្រាប់ថា បងនឹងមើលថែអូនរហូត មិនឱ្យជីវិត ក្មេងកំព្រាដូចអូន ឯកាទេ ឭបែបនេះ អូនក៏ញញឹមហើយប្រាប់បងថា ជីវិតអូន មានបងជាអ្នករើសឆ្អឹងអូនហើយ។ បងល្អពេកហើយ ហេតុអីក៏មិនចេះអាក្រក់ ជាប្រុសនឹងគេដែរ ហេតុអីមិនចេះផឹកស៊ីដូចគេ ហេតុអីមិនកុហកបោកប្រាស់ដូចគេ? ឱ្យអូនទទួលម៉េចបានបង អូនដឹងថាបងពិតជាត្រូវការឱ្យអូនរឹងមាំ តែអូនធ្វើអត់បានទេ ឱ្យអូនសុំទោសណាបងសម្លាញ់ អូនមិនអាចឈប់យំទេ។
បើបងមិនប្រកាន់ខឹង អូនសុំទៅកំដរបងផងបានទេ អូនអត់អាចរស់នៅម្នាក់ឯងបានទេ ឱ្យអូនទៅមើលថែបងផងបានទេសុំទោសបងសម្លាញ់ដែលពេលខ្លះអូនមិនជឿថាបងស្រលាញ់អូនដល់ថ្នាក់ហ្នឹង សុំទោសដែលអូនធ្លាប់គិតថា ទង្វើល្អរបស់បង គ្រាន់តែឱ្យអូនលង់ចិត្ត តែពេលនេះអូនដឹងហើយថាក្ដីស្រលាញ់បង ចំពោះអូនធំធេងប៉ុនណា ??? បងសម្លាញ់វិលវិញបានទេ ម៉េចដាច់ចិត្តទុកអូនចោលម្នាក់ឯងចឹង?
ឥឡូវអូនបំពេញបំណងបងហើយ គឺ រូបយើង បាន post ហើយ baby ហេតុអីក៏មនុស្សស្រលាញ់គ្នាដោយចិត្តនឹងចិត្ត មិនអាចនៅជាមួយគ្នារហូតដល់ចាស់កោងខ្នង? ហេតុអីក៏បំបែកពួកខ្ញុំដោយសេចក្ដីស្លាប់? បងជាមនុស្សចុងក្រោយនៃជីវិតអូន។
អូននៅចាំថា កាលយើងស្រលាញ់គ្នា អូនមិនសូវចូលចិត្តភាពផ្អែមល្ហែម លួងលោមខ្លាំងពេកទេ ព្រោះអូនជាមនុស្សចូលចិត្តបែបសាមញ្ញ មិនចូលចិត្តបង្ហាញពេកទេ តែបងនៅតែតាមអូនគ្រប់យ៉ាង។ កាលស្រលាញ់គ្នាជាង១ឆ្នាំ ពេលឈ្លោះគ្នាបន្តិចបន្តួចអូនរត់ចោលបងទៅនៅខេត្ត គេចមុខពីបង មិនចង់ឱ្យបងឃើញមុខតែបងនៅតែតាមរកអូន ហើយនៅតែស្រឡាញ់អូនគ្មានប្រែប្រួល។
ជីវិតខ្ញុំហេតុអ្វីមានកម្មម្ល៉េះ? ឪពុកស្លាប់ចោលតាំងអាយុ ៥ឆ្នាំ ពេលអាយុ១១ឆ្នាំម្ដាយក៏ចាកចោលទៀត នៅសល់តែ២នាក់បងប្អូនក្នុងពិភពលោកដ៏ធំធេង។ ពេលមានស្នេហា សង្ឃឹមផ្ញើវាសនា និងជីវិតលើមនុស្សដែលខ្លួនស្រលាញ់ តែពេលនេះមនុស្សដែលខ្ញុំត្រៀមចូលរោងការជាមួយគ្នា បានចាកចោលខ្ញុំទៀត។ តើឱ្យខ្ញុំរស់នៅយ៉ាងដូចម្ដេច? ខ្ញុំទទួលយកមិនបានទេ ខ្ញុំមិនជឿទេថានេះជាការពិត។
ថ្ងៃដែលគាត់ចាកចោលខ្ញុំទៅជារៀងរហូត កាលពីថ្ងៃទី ២៩ សីហា ២០១៧ ខ្ញុំទទួលដំណឹងថាគាត់គ្រោះថ្នាក់ចរាចរណ៍ តែអ្វីដែលធ្វើឱ្យខ្ញុំក្ដុកក្ដួលបំផុតនោះ គាត់ប្រាប់ថា បងមិនអីទេគ្រាន់តែរបួសតិចតួចអូនកុំបារម្ភអី។ តែតាមពិតគាត់កុហកខ្ញុំ ដើម្បីកុំឱ្យស្លុតចិត្ត បន្តិចក្រោយមកគ្រូពេទ្យខលប្រាប់ថា គ្រឿងក្នុងរបស់គាត់ខ្ទេចខ្ទីអស់ហើយ មិនអាចសង្គ្រោះបានទេ។
ចុងក្រោយខ្ញុំសូមផ្ដាំដល់មនុស្សគ្រប់គ្នាដែលជាគូរនឹងគ្នា កុំបណ្ដោយអោយអ្វីៗហួសពេល មនុស្សដែលមាននិស្ស័យនឹងគ្នា បានយើងបានជួបគ្នា ចឹងហើយ ទាន់យើងមានឱកាស ធ្វើល្អ ស្រលាញ់ ថ្នាក់ថ្នម កុំឱ្យបាត់បង់ទើបដឹងថា ក្ដីស្រលាញ់វាធំធេងប៉ុណ្ណា៕
ប្រសិនបើមានរឿងរ៉ាវចង់ចែករំលែកសូមទាក់មកកាន់ក្រុមការងារសប្បាយតាមរយៈលេខ៖
០១៥ ៨២ ៨៥ ៩៥
thor.chanreth@Sabay.com
សូមអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ដើម្បីដឹងពីរបៀបសរសេរផ្សេងៗគ្នា!