សិប្បកម្មខ្សែក្រវាត់ឈើកូនខ្មែរនៅព្រៃវែង ដង្ហោយហៅរកជំនួយ
- 2017-09-14 02:35:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិប្បកម្មខ្សែក្រវាត់ឈើកូនខ្មែរនៅព្រៃវែង ដង្ហោយហៅរកជំនួយ
ចន្លោះមិនឃើញ
បន្ទាប់ពីបើកដំណើរការផលិតខ្សែក្រវាត់អស់រយៈពេល៤ឆ្នាំប្រកបដោយជោគជ័យមក សិប្បកម្មមួយនេះ បានឈានដល់ដំណាក់កាលមួយ ដែលលែងមានអ្នកបញ្ជាទិញច្រើនៗដូចមុន។
លោក ម៉ៅ ជីមន ស្ថាបនិក និង ជាម្ចាស់សិប្បកម្មច្នៃប្រឌិតមួយនេះ បានឱ្យដឹងថា កាលពីទើបបង្កើតភ្លាមៗក្នុងឆ្នាំ ២០១៣ សិប្បកម្មរបស់លោកអាចផលិតខ្សែក្រវាត់ឈើបានរហូតដល់ ១០ខ្សែក្នុងមួយថ្ងៃ ដោយកាលនោះលោកមានកម្មករ ១១នាក់។
ម្ចាស់សិប្បកម្មរូបនេះរំលឹកថា ខ្សែក្រវាត់ឈើរបស់លោកល្បីល្បាញខ្លាំងណាស់ទាំងនៅក្នុងស្រុក និងនៅបរទេសដូចជា ប្រទេសបារាំង អាមេរិកាំង អូស្ត្រាលី ញូវហ្ស៊ីលែន កូរ៉េ និង ម៉ាឡេស៊ី...។ កាលនោះ ខ្សែក្រវាត់លោក លក់ក្នុងតម្លៃ ពី៥០ដុល្លារ ទៅ ៧០ដុល្លារ ក្នុងមួយខ្សែ។
ប៉ុន្តែ នៅឆ្នាំ២០១៧នេះ ការលក់របស់លោក ធ្លាក់ចុះយ៉ាងខ្លាំង ដោយមិនមានអ្នកទិញច្រើនដូចមុនទៀតទេ ។ បច្ចុប្បន្ន លោកផលិតតែ ២ ទៅ ៣ខ្សែប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដោយមិនអាចទ្រោលស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលបាន លោកបានឱ្យកម្មករទាំងអស់ត្រឡប់ទៅផ្ទះវិញ ហើយលោកស្ទើរតែបិទសិប្បកម្មនេះម្តងម្កាលដែរ។
ការធ្លាក់ចុះនេះ ត្រូវបានលោក ជីមន មើលឃើញថា គឺបណ្ដាលមកពីការបង្កើតសិប្បកម្មដូចគ្នាថ្មីៗ ច្រើន ហើយមានការប្រកួតប្រជែងផ្នែកតម្លៃ។ ម្យ៉ាងទៀត លោកថា មកពីខ្សែក្រវាត់របស់លោកមានតម្លៃថ្លៃ ដែលអ្នកក្នុងស្រុកពិបាករកប្រាក់ទិញបាន ទីផ្សារក្នុងស្រុក មិនសូវទូលំទូលាយ ហើយការដឹកជញ្ជូនឱ្យអតិថិជន ក៏នៅមានកម្រិត។
ទោះយ៉ាងនេះក្តី ស្ថាបនិកវ័យ ៤៧ឆ្នាំរូបនេះ និយាយថា ដើម្បីលើកកម្ពស់ស្នាដៃកូនខ្មែរ លោកនឹងមិនបោះបង់ចោលការងារនេះទេ។ នៅឆ្នាំ ២០១៨ខាងមុខ លោកនឹងប្រឹងប្រែងពង្រីកទីផ្សារទៅតាមបណ្ដាខេត្តឱ្យបានច្រើន ពិសេសខេត្តដែលមានតំបន់ទេសចរណ៍។ ជាមួយគ្នានេះដែរ លោកបានធ្វើសំណូមពរឱ្យអតិថិជនខ្មែរ ចូលរួមលើកស្ទួយស្នាដៃច្នៃប្រឌិតក្នុងស្រុក ដើម្បីរួមចំណែកផ្ដល់ការងារដល់ពលរដ្ឋខ្មែរផងដែរ។
សិប្បកម្មខ្សែក្រវាត់ឈើកូនខ្មែរ មានទីតាំងស្ថិតនៅភូមិពានាជើង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ អ្នកដែលចង់បញ្ជាទិញខ្សែក្រវាត់ឈើ អាចទាក់ទងលោក ម៉ៅ ជីមន សូមតាមទូសព្ទលេខ ០១២ ២៣៩ ០២៨ និង ០៩៦ ៦២០ ០០៦០៕