មក​ស្គាល់​ខ្សែ​ប្រយុទ្ធ​ កែវ កុសល​ ធ្លាប់​ជួយ​ឲ្យ​ខេមរាកីឡា​ឈ្នះ​លីគ​កម្ពុជា​២​ដង

  • 2017-09-19 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កែវ កុសល​​ ​​ជា​អតីត​កីឡាករ​មួយ​រូប​ដែល​ធ្លាប់​ជួយ​ឲ្យ​ក្រុម​​ ខេមរាកីឡា​ លើក​​ពាន​​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ Cambodian Premier League (Metfone Cambodian League) ពីរ​ដង។​ ​លើស​ពី​នោះ លោក​​​បាន​​ជួយ​ឲ្យ​ខេមរាកីឡា​ឡើង​កូដ​ខ្លាំង​ដោយ​ក្លាយ​ជា​ក្លិប​​កម្ពុជា​ ដំបូង​គេ​ ​បាន​​​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​​ពាន​រង្វាន់​ AFC President’s Cup ​ឆ្នាំ​២០០៦។ ​

ក្លិប​ដែល​គាត់​លេង​ឲ្យ​​​ចុង​ក្រោយ​បង្អស់​ក្នុង​អាជីព​​​ជា​កីឡាករ​ កម្ពុជាម្នាក់ គឺ​​​​​​ក្លឹប​ការពារ​ជាតិ​ ​ខេមរាកីឡា​ ​​និង​​ ​ព្រះខ័នរាជ។ ​បើ​និយាយ​ពី​ជម្រើស​ជាតិ​វិញ​ លោក​​ កែវ កុសល​ ជាប់​តាំង​ពី​​ក្រុម​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ (U17) ​ក្នុង​ឆ្នាំ​​២០០២​​រហូត​ដល់​​ក្រុម​ធំ។ ​ប៉ុន្តែ​​អ្វី​ដែល​​នៅ​ចាំ​​បាន​នោះ​ គឺ​ខ្សែ​ប្រយុទ្ធ​ រូប​នេះ​ធ្លាប់​ស៊ុត​​ឲ្យ​​​​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​ ​ប្រហែល​ជា​​៤​គ្រាប់។

ជីវិត​ផ្ទាល់​ខ្លួន លោក ​ កែវ កុសល​ កើត​នៅ​ថ្ងៃ​ទី​ ​១៣​ ​មិថុនា​ ១៩៨៦​ នៅ​ទី​ក្រុង​ភ្នំពេញ ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​បង​​ប្អូន​​បង្កើត​​៥​នាក់ ប្រុស​ពីរ​នាក់ ​ស្រី​៣​នាក់។ លោក​​​ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ​ ដែល​​មាន​​ឳ​ពុក​ឈ្មោះ​ កែវ សុខា​​​ ​ជា​មន្ត្រី​ ចូល​និវត្ត​ ​និង​ ម្ដាយ​ ឈ្មោះ​​ ភាជ សាវី ជា​មេផ្ទះ។ កម្រិត​វប្បធម៌  លោក​បាន​បញ្ចប់​ថ្នាក់​បិរញ្ញាបត្រ​​ផ្នែក​ ​គ្រប់គ្រង​ទូ​ទៅ (General Management) ​នៅ​សាកល​វិទ្យាល័យ​​បៀលប្រាយ​​នា​ឆ្នាំ​២០០៨។ ​មុន​ឈាន​ដល់​​​​បញ្ចប់​​ថ្នាក់​មហា​វិទ្យាល័យ​ លោក​​​​បាន​បញ្ចប់​​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ(​​បាក់ឌុប) នៅ​ឆ្នាំ​ ​២០០៣ ខណៈ​​អនុវិទ្យាល័យ​ សិក្សា​​នៅ​ ​ព្រះស៊ីសុវត្ថិ។  ចំណែក ​បឋម​សិក្សា​លោក​បាន​សិក្សា​​នៅ​សាល​​បដិវត្ត។

ការ​ចូល​ហាត់​បាល់ កែវ កុសល​ ​ចាប់​ផ្ដើម​លេង​បាល់ទាត់​តាំង​ពី​អាយុ​១៣​ឆ្នាំ​​មក​ម្ល៉េះ​ ​​បើ​ទោះ​បី​ជា​ត្រូវ​បាន​​​ហាម​ឃាត់​ពី​ឪ​ពុក​ម្ដាយ​​​ក៏​ដោយ។​ ប៉ុន្តែ​លោក​សុខ​ចិត្ត​​ដើរ​ផ្ទុយ​​​​ពី​​គោល​គំនិត​របស់​ក្រុម​គ្រួសារ​ ដែល​ចង់​ឲ្យ​រៀន​សូត្រមុខ​ជំនាញ​ផ្សេងៗ ក្រៅ​ពី​កីឡា ​​ដោយ​យល់​ថា ​គ្មាន​សាច់​ញាតិ​ណា​ម្នាក់​ជា​អ្នក​កីឡាឡើយ។ ​អ្នក​មាន​គុណ​ទាំង​ពីរ​តែង​ខឹង ​និង ​ហាម​ដាច់​ខាត​មិន​ឲ្យលោក​ កែវ កុសល ​លេង​បាល់​​​ទាត់ទេ​ ប៉ុន្តែ​លោក​​ក្រាញ​ននៀល​នឹង​បាល់ទាត់​រហូត​​ដល់​ធ្វើ​​ពួក​គាត់​ទាំង​ពីរ​ ទន់ចិត្ត ​និង​ ​ងាក​មក​គាំទ្រ​វិញ​រហូត​ដល់​សព្វ​ថ្ងៃ។ ​គ្រូ​បង្វឹក​ដែល​​លោក​​ហ្វឹកហាត់​មុន​គេ​គឺ​ លោក មិត្ត សំអែល ​ប៉ុន្តែ​បាន​​​ត្រឹម​​មួយ​សប្ដាហ៍​​ប៉ុណ្ណោះ។ ​បន្ទាប់​មក​ទៀត ​​លោក​​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​​លោក​ អ៊ុព សំអាន​ ដែល​​​គ្រូ​បង្វឹក​​របស់​ក្រសួង​ការពារ​ជាតិ រួម​នឹង​លោក ទេព ឡុងរចនា​ និង​ លោក​ នង​ គឺមសុន​ ​រហូត​​ធ្លាយ​ទៅ​ហ្វឹកហាត់​ជា​មួយ​លោក​​គ្រូ​ នាង ស្បាន។

លេង​​ឲ្យ​ក្រសួង​ការពារ​ជាតិ​​ -២០០០-២០០៥ ​ ​លោក​​ជា​កីឡាករ​លេង​ឲ្យ​ក្រសួង​ការពារ​ជាតិ។ ក្នុង​អំឡុង​លេង​​ឲ្យ​ក្រសួង​ការ​ពារ​ជាតិ​នេះ លោក​​បាន​​ទៅ​ចូល​រួម​​​​​ក្នុង​កម្មវិធី​ ​Cambodian Street Football ​នៅ​​ឆ្នាំ​​២០០០។ ​ជា​មួយ​គ្នា​នោះ​ លោក​បាន​ចូល​រួម​ប្រកួត​ក្នុង​ពាន​​រង្វាន់​ជើង​​ឯក​ទូទាំង​ប្រទេស​ដែល​រៀប​ ចំ​ដោយ​​ក្រសួង​អប់រំ​ យុវជន និង​ កីឡា​ នៅ​ឆ្នាំ​២០០២​, ២០០៣, ២០០៤​ និង ​២០០៥។

លេង​ឲ្យ​ខេមរាកីឡា -២០០៥-២០០៧ ​ ​​លោក​​​ជា​កីឡាករ​​​របស់​ ខេមរាកីឡា។ ​លោក​ បាន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ Cambodian Premier league (បច្ចុប្បន្នប្តូរមក Metfone Cambodian League ​)​ ​​​មុន​ពេល​ក្លឹប​នេះ​ប្រកាស​ដក​ខ្លួន​ពី​​ក្របខ័ណ្ឌ​លី​កំពូល​ដោយ​សារ​តែ​​ ក្ស័យធន។​ ​អំឡុង​ពេល​នេះ​លោក​បាន​ទៅ​​​លេង​ក្នុង​ពាន​រង្វាន់​ AFC President’s Cup ចំនួន​ពីរ​លើក​​នៅ​ឆ្នាំ​​២០០៦ នៅ​ម៉ាឡេស៊ី​ និង​ ឆ្នាំ២០០៧​ នៅ​ប៉ាគីស្ថាន។ ​ឆ្នាំ​២០០៦​ គឺ​ជា​ឆ្នាំ​ដែល​ក្រុម ​ខេមរាកីឡា​​បំបែក​កំណត់​ត្រា​ប្រវត្តិ​បាល់ទាត់​កម្ពុជា​ដោយ​ឡើង​ដល់​វគ្គ​​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​​ពានរង្វាន់​​ President’s Cup មុន​ ភ្នំពេញ​ក្រោន​​ ឡើង​ដល់​វគ្គ​​​ផ្ដាច់ព្រ័ត្រ​កាល​ឆ្នាំ​២០១១។

ពេល​​នោះ​ ខេមរាកីឡា​ ស្ថិត​នៅ​​ក្នុង​ពូល​​ A ​ជា​មួយ​ក្រុម​ Transport United ​របស់​ ប៊ូតាន់​ Tatung ​របស់​ តៃវ៉ាន់ និង​ Pakistan Army ​​​របស់​ ប៉ាគីស្ថាន។ ​​​ខេមរាកីឡា​ យក​ឈ្នះ​ ​Transport United​ ​២-១​ ឈ្នះ​​ Tatung ៥-១​ ​និង​ ស្មើ​ ​១-១​ ជា​មួយ​ ​Pakistan Army។ ​ក្នុង​ជំនួប​ជា​មួយ​ Tatung លោក​កែវ កុសល​ ស៊ុត​បាន​មួយ​គ្រាប់​ផង​ដែរ។ ​​ប៉ុន្តែ​​គួរ​ឲ្យ​ស្ដាយ​ ក្រុម​ខេមរាកីឡា​ បាន​ចាញ់​ក្រោម​ដៃ​ Dordoi-Dynamo ​របស់​ប្រទេស​ កៀហ្ស៊ីស៊ីស្ថាន ​០-៣​ ​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​នា​​ឆ្នាំ​នោះ​ Dordoi-Dynamo​ ​ ​​ឈ្នះ​ពាន​​រង្វាន់​នេះ​ បន្ទាប់​ពី​បំបាក់​ក្រុម​​Vakhsh ​របស់​​តាហ៊្សីគីស្ថានក្នុង​​លទ្ធផល​ ២-១។

ប៉ុន្តែ​នៅ​២០០៧​ ​ខេមរាកីឡា​ មិន​អាច​ឆ្លង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត​ឡើយ ​ដោយ​​ទទួល​បាន​​ត្រឹម​ ៣​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​បី​ប្រកួត​ក្នុង​ពូល។ ​ខេមរាកីឡា​​ ​ចាញ់ Dordoi-Dynamo ​០-៤, ​ចាញ់ Mahendra Police Club ​៤-៦​,​ ប៉ុន្តែ​ឈ្នះ​ Tatung ​​១-០។ ​ឆ្នាំ​នោះ​​ដែរ​ ​ Dordoi-Dynamo​ ជា​អ្នក​ឈ្នះ​ជើង​ឯក​ដដែល​ដោយ​យក​​ឈ្នះ​លើ ​ Mahendra Police Club​ ២-១​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ លេង​ឲ្យ​ជម្រើស​ជាតិ​

-២០០២ ​ ​ចូល​រួម​ជា​មួយ​ U17 ​កម្ពុជា​​ក្នុង​ដំណើរ​ទៅ​ប្រកួត​​ជម្រុះ​ពាន​រង្វាន់ AFF Youth U17 Championship ​នៅ​ប្រទេស​ ​ឥណ្ឌូណេស៊ី​​ នា​ខែ​កុម្ភៈ។​ ​​ដល់​ខែ​​ មេសា​​ ​ឆ្នាំ​ដដែល​​​ទៅ​ប្រកួត​​ជម្រុះ​​ AFC Youth U17 Championship ​ ​នា​ខែ​ មេសា​ ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

-២០០៣​ ចូល​រួម​ប្រកួត​​​វគ្គ​ជម្រុះ​ Asean Youth U-18 Championship ​​​នៅ​ទីក្រុង​ ហូជីមិញ​ នៃ​ ប្រទេស​វៀតណាម​ នា​​មិថុនា។ នៅ​ឆ្នាំ​​នេះ​ ក៏​បាន​ចូល​​ប្រកួត​​កីឡា​ស៊ីហ្គេម​​លើក​​ទី​​២២​ នៅ​​ប្រទេស​វៀតណាម។

-២០០៤​ ​ចូល​រួម​ប្រកួត​ជម្រុះ​​AFC U20 Championship ​នៅ​​ម៉ាឡេស៊ី​ ​នា​​ខែ​តុលា។​ បន្ទាប់​មក​ទៀត​ ​ចូល​រួម​ប្រកួត​ Tiger Cup (នា​ពេល​បច្ចុប្បន្ន ប្តូរមក​ជា​AFC Suzuki Cup ​)​ នា​ខែ​ធ្នូ​នៅ​ប្រទេស​វៀតណាម។ ​​ -២០០៥​ ចូល​​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ នៅ​ប្រទេស​ហ្វីលីពីន​ ​នា​ខែ​​វិច្ឆិកា និង ធ្នូ។​

-២០០៦​ ​ចូល​​​រួម​ប្រកួត​​​​វគ្គ​ជម្រុះ​​AFC Challenge Cup ​នៅ​ប្រទេស​បង់ក្លាដេស និង ​វគ្គ​ជម្រុះ​ Tiger Cup ​នៅ​ប្រទេស​ហ្វីលីពីន។

-២០០៧​ ចូល​រួម​ប្រកួត​ពាន​រង្វាន់ NEHRU CUP ​នៅ​ប្រទេស​ឥណ្ឌា។​ ​​បន្ទាប់​មក​ទៀត​​ចូល​រួម​ប្រកួត​កីឡា​​ស៊ីហ្គេម​​លើក​ទី​២៤​ នៅ​ប្រទេស​ថៃ។ ​

-២០០៩​ ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ BIDC Cup ​នៅ​កម្ពុជា។

ក្លាយ​​គ្រូ​បង្វឹក

  • ​ឆ្នាំ​២០០៨​ ​លោក​បាន​ទៅ​បង្ហាត់​បាល់ទាត់​នៅ​អង្គការ​ Star Fish។ ​​ក្រោយ​ត្រឡប់​ពី​ការ​​សិក្សា​នៅ​​ប្រទេស​ម៉ាឡេស៊ី​​ ​នា​ឆ្នាំ​ដដែល​នោះ លោក កែវ កុសល​ បាន​ក្លាយ​ជា​​គ្រូ​អភិវឌ្ឍ​បាល់ទាត់​ប្រចាំ​សហព័ន្ធ​កីឡា​បាល់ទាត់​ កម្ពុជា។ ​ -​ឆ្នាំ​​២០០៩​ ​ក្លាយ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ U13 ​ ជម្រើស​ជាតិ​ ​និង​ ​ជា​ជំនួយ​ការ​​​ U14 ដែល​គ្រូ​បង្គោល​នា​ពេល​នោះ​គឺ​លោក​ អៀង សាក់នីដា។​ -​​ឆ្នាំ​២០១១​ ​ក្លាយ​ជា​គ្រូ​បង្វឹក​ U13 ​​ជម្រើស​ជាតិ​ និង​ បាន​ដឹក​នាំ​ក្រុម​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី។ ចុង​ឆ្នាំ​ដដែល​នេះ​ ​លោក​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ U19​ជម្រើស​ជាតិ​​ដែល​​មាន​លោក​ប្រាក់ សុខមុន្នី ​ជា​គ្រូ​បង្គោល។

វគ្គ​សិក្សា​​គ្រូ​បង្វឹក​បាល់ទាត់ លោក ​ កែវ កុសល​ ​បាន​បញ្ចប់​វគ្គ​​​គ្រូ​បង្វឹក​បាល់ទាត់​​ ​AFC A License ​នៅ​កម្ពុជា​កាល​ចុង​ឆ្នាំ​២០១១​ កន្លង​ទៅ​នេះ​ ជា​មួយ​លោក​ ហុក សុចិត្រា, លោក​​មាស ចាន់ណា និង លោក​ សួង ភារម្យ​ ជា​ដើម។ ​មុន​​​​ឈាន​​ដល់ការ​សិក្សា ​​លោក​បាន​បញ្ចប់​វគ្គ​សិក្សា​ ​​AFC C License ​នៅ​​ម៉ាឡេស៊ី​​​ ដែល​​​សហព័ន្ធ​កីឡា​​បាល់ទាត់​កម្ពុជា​បាន​បញ្ជូន​ឲ្យ​​​ទៅ​រៀន។ ​លើ​ស​ពី​នេះ​លោ​បាន​ចេញ​ទៅ​សិក្សា​វគ្គ​ខ្លីៗ​ នៅ​ក្រៅ​ប្រទេស​ជា​ញឹក​ញាប់ ហើយ ជាក់​ស្ដែង​នៅ​ចុង​ឆ្នាំ​ ២០១០ ​បាន​ទៅ​សិក្សា​​វគ្គ​ Project Future ​នៅ​ប្រទេស​ អេស្ប៉ាញ។

រូប​កាល​ទៅ​ប្រទេស​អេស្ប៉ាញ​ឆ្នាំ ២០១០​ពេល​ទៅ​កាន់​ពាន World Cup និង Euro2008

អាពាហ៍ពិពាហ៍ កាល ​​ខែ​ ​វិច្ឆិកា​ ​២០១១​ លោក​ កែវ កុសល​ បាន​រៀប​ការ​ជា​មួយ​ ​កញ្ញា​ ​ផល​ សុផារ័ត្ន​ ​ដោយ​មាន​ភ្ញៀវ​កិត្តិយស​​​​ជា​ពិសេស​មិត្តភ័ក្ដិ​ក្នុង​រង្វង់​កីឡា​ចូល​ រួម​ជា​ច្រើន​នាក់។ ស្នាដៃ​ទទួល​បាន -​២០០០​​ ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​ ​Cambodian Street Football -២០០៣​ ឈ្នះ​ជើង​ឯក​ទូទាំង​ប្រទេស​​ដែល​រៀប​ចំ​ដោយ​​ក្រសួង​អប់រំ​យុវជន​ និង កីឡា​​ ក្របខ័ណ្ឌ​ក១ នៅ​ខេត្ត​កំពង់​ចាម។ -២០០៤​ ​ ឈាន​ដល់​ចំណាត់​​ថ្នាក់​លេខ៣​ ​ក្នុង​ការ​ប្រកួត​​The Asean Arm Force Friendship Football and Volleyball Cup។ -២០០៥&២០០៦​​ ជួយ​ឲ្យ​ ខេមរាកីឡា​ ឈ្នះ​ជើង​​ឯក​ពាន​ Cambodian Premier League។ -២០០៦​ ជួយ​​​ឲ្យ​ ខេមរាកីឡា​​ ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់​ AFC President’s ។ -​ ២០០៧​ ​ជួយ​ឲ្យ​ខេមរាកីឡា​ ​ទទួល​ចំណាត់​ថ្នាក់​លេខ​២​នៃ​ ​Cambodian Premier League(CPL)។ -​​​២០០៩ ​​ជួយ​ឲ្យ​ក្រុម​កម្ពុជា​ឈ្នះ​​ជើង​ឯក​ BIDC Cup 2009 ​និង​ ជួយ​​ឲ្យ​ ព្រះខ័នរាជ​ ជាប់​ចំណាត់​ថ្នាក់​លេខ៣​​នៃ​ CPL៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី