បាតុកម្មអាចនឹងបង្ខំឱ្យលោក Duterte ដាក់ច្បាប់អាជ្ញាសឹកទូទាំងប្រទេស
- 2017-09-16 02:20:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាតុកម្មអាចនឹងបង្ខំឱ្យលោក Duterte ដាក់ច្បាប់អាជ្ញាសឹកទូទាំងប្រទេស
ចន្លោះមិនឃើញ
លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន អាចដាក់ច្បាប់អាជ្ញាសឹក នៅទូទាំងប្រទេសប្រសិនបើបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាល នៅសប្ដាហ៍ក្រោយក្លាយទៅជាអំពើហិង្សា ឬ បញ្ហារំខាន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP ចុះផ្សាយល្ងាចមិញ។
Renato Reyes មេបាតុករ បានប្រកាសផែនការមហាបាតុកម្មតាមដងផ្លូវសំខាន់ៗនៅថ្ងៃទី ២១ ខែកញ្ញាខាងមុខ ដែលជាការរំលឹកដល់ខួបលើកទី៤៥ នៃច្បាប់អាជ្ញាសឹក របស់អតីតមេដឹកនាំផ្ដាច់ការ ហ្វីលីពីន Ferdinand Marcos ក្នុងឆ្នាំ១៩៧២។ ប៉ុន្តែប្រសិនបើបាតុករធ្វើឲ្យបាតុកម្មនោះកាន់តែធំ រដ្ឋាភិបាលនឹងប្រើកាំភ្លើងបាញ់រះលើដងផ្លូវជាពុំខាន។ ប្រភពខាងលើបន្ត។
"មហាបាតុកម្មដើម្បីរំលឹកខួបលើកទី ៤៥ នៃច្បាប់អាជ្ញាសឹក ធ្វើឡើងគឺជារឿងត្រឹមត្រូវ ពីព្រោះតែស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់ទៅៗ និងខិតជិតទៅរករបបផ្ដាច់ការ"។ Renato Reyes បាននិយាយ។
លោក Duterte បានប្រកាសច្បាប់អាជ្ញាសឹកនៅរដ្ឋ មីនដាណាវ កាលពីខែឧសភា ហើយសហរដ្ឋអាមេរិក និង អូស្ត្រាលី បានដាក់ពង្រាយយន្តហោះស៊ើបការណ៍ដើម្បីជួយដល់កងទ័ពហ្វីលីពីន ប្រយុទ្ធប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធ IS ដែលយ៉ាងហោចណាស់មានមនុស្ស ៨៦០នាក់ រួមទាំងសកម្មប្រយុទ្ធជាង ៦០០នាក់ ត្រូវបានសម្លាប់នៅនៅភាគខាងត្បូង ទីក្រុង Marawi ដែលជាសហគមន៍សាសនាឥស្លាមតូចមួយក្នុងចំណោមអ្នកកាន់សាសនារ៉ូម៉ាំងកាតូលិក រាប់សិបលាននាក់ក្នុងប្រទេស ហ្វីលីពីន។
ដោយឡែក បាតុកម្មកាលពីថ្ងៃម្សិលមិញជិតស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល សកម្មជនរាប់រយនាក់ រួមទាំងក្រុមកុលសម្ព័ន្ធមូស្លីម បានដុតរូបប្រធានាធិបតីអាមេរិក Donald Trump ជិះលើមីស៊ីល ហើយនិងរូបលោក Duterte ដើម្បីប្រឆាំងនឹងអន្តរាគមន៍យោធាអាមេរិក ក្នុងសង្គ្រាមដែលកំពុងបន្តនៅរដ្ឋ មីនដាណាវ និង ក្រុង Marawi ចម្ងាយប្រមាណ៨០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងម៉ានីល៕