បណ្ដុះការគិតនិងច្នៃប្រឌិតថ្មីពីបច្ចេកវិទ្យា ដើម្បីជីវិតទៅថ្ងៃអនាគត
- 2017-09-17 03:05:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុះការគិតនិងច្នៃប្រឌិតថ្មីពីបច្ចេកវិទ្យា ដើម្បីជីវិតទៅថ្ងៃអនាគត
ចន្លោះមិនឃើញ
Microsoft បានបង្កើតកម្មវិធីភាពជាដៃគូរវាងនិស្សិត និង Microsoft (MSP) និងកម្មវិធីយុវជន YouthSpark ក្នុងគោលបំណងបណ្ដុះជំនាញបច្ចេកវិទ្យាដល់យុវជន តាមរយៈការផ្ដល់មូលដ្ឋានមួយសម្រាប់បង្កើតសហគមន៍របស់និស្សិតផ្ដោតលើបច្ចេកវិទ្យា ក៏ដូចជាការផ្ដល់ការបណ្ដុះបណ្ដាលនិងធនធានថ្មីៗបំផុត។
នេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹងអង្គការមិនរកប្រាក់ចំណូលឈ្មោះថា STEM Cambodia ដែលក្នុងនោះ មានការជ្រើសរើសនិស្សិតពូកែៗចំនួន ៥៤ នាក់ មកពីវិទ្យាស្ថានចំនួន ១០ នៅទីក្រុងភ្នំពេញដើម្បីទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសស្ដីពីភាសាលើការផលិតកម្មវិធី (Programming) និងកម្មវិធីផ្សេងទៀតដូចជា Xamarin និង ASP.net ។
លោក Allen Dodgson Tan នាយកគ្រប់គ្រងអង្គការ STEM កម្ពុជា លើកឡើងថា កម្មវិធី MSP បានជួយបំពាក់បំប៉នជំនាញសំខាន់ជាសកល ដល់វិស័យព័ត៌មានវិទ្យាដែលកំពុងលូតលាស់នៅកម្ពុជា។ កម្មវិធីនេះបានបណ្ដុះនិស្សិតឲ្យមានគំនិតច្នៃប្រឌិតថ្មី និងផ្ដល់ឱកាសពិសេសដល់ពួកគេអាចអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញគិតដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារទៅថ្ងៃអនាគត។
ក្នុងរយៈកាលមួយឆ្នាំ គម្រោងនេះមានការសហការជាមួយអង្គការមិនរកប្រាក់ចំណូលនានានៅប្រទេសកម្ពុជាដូចជា អង្គការមូលនិធិកុមារកម្ពុជា (CCF) អង្គការមិត្តសំឡាញ់អន្តរជាតិ (Friends-International) អង្គការ Passerelles Numériques ដើម្បីជួយរៀបចំឲ្យយុវជនមានការងារធ្វើនៅក្នុងសេដ្ឋកិច្ចបែបឌីជីថល។
លោក Nicky Ward អ្នកគ្រប់គ្រងផ្នែកជំនួយនៃអង្គការ CCF បានឲ្យដឹងថា តាមរយៈការសហការនេះ បានផ្តល់ការអប់រំឌីជីថលដែលមានគុណភាពខ្ពស់ដល់យុវជន។ វាបានជួយឲ្យយុវជនត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត តាមរយៈការផ្តល់ឲ្យពួកគេនូវជំនាញគិតបែបឌីជីថល និងបែបកុំព្យូទ័រ ដែលជំនាញទាំងនេះគឺជាធាតុសំខាន់សម្រាប់អនុញ្ញាតឲ្យពួកគេទទួលបានភាពជោគជ័យ ក្នុងបរិបទសេដ្ឋកិច្ចដែលមានកំណើនតាមរយៈវិស័យបច្ចេកវិទ្យា។
អ្នកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ និងប្រតិបត្តិការ សម្រាប់ទីផ្សារថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Microsoft មានប្រសាសន៍ថា យុវជនទាំងអស់គួរតែមានឱកាសរៀនជំនាញ ដែលចាំបាច់សម្រាប់បានចូលរួមនៅក្នុងពិភពលោកដែលចេះតែវិវត្តដោយសារបច្ចេកវិទ្យា ។ ការធ្វើការសហការជាមួយអង្គការមិនរកប្រាក់ចំណូលនានានៅក្នុងប្រទេសកម្ពុជា នឹងផ្តល់ដល់យុវជនក្នុងការទទួលអត្ថប្រយោជន៍ពីជំនាញឌីជីថល និងផ្ដល់លទ្ធភាពដល់យុវជនកម្ពុជាគ្រប់រូបសម្រេចបានសមិទ្ធផលកាន់តែច្រើន។