មេ​ឧបករណ៍​​ភ្លេង​​បុរាណ​​ចំណាយ​ពេល​ធ្វើ​យូរ​ ឯ​តម្លៃថ្លៃ​គួរ​សម

  • 2017-09-26 23:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​រនាត គឺ​ជា​ឧបករណ៍​មួយ​ដែល​តន្ត្រីករ​ខ្មែរ​តាំង​ពី​បុរាណ បាន​ឱ្យ​ឈ្មោះ​ថា​ជា មេ​ឧបករណ៍​ភ្លេង ក្នុង​វង់​ភ្លេង​បុរាណ​ខ្មែរ​មួយ​ចំនួន តាំង​ពី​ឧបករណ៍​នេះ​កកើត​ឡើង​ម្ល៉េះ។

សាស្ត្រាចារ្យ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ជា​ជាង​ធ្វើ​ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ​លោក កែវ សុនន្ទកវី បាន​ប្រាប់ Sabay ថា ឧបករណ៍​រនាត​ធ្វើ​ឡើង​ពី​ឈើ​ខ្លឹម​ច្រើន​ប្រភេទ។ ស្នូក​រនាត​គេ​ធ្វើ​ពី​ឈើ​គ្រញូង បេង នាង​នួន ធ្នង់ ខ្នុរ និង​មាន​ច្រើន​ទៀត។ ផ្លែ​រនាត ធ្វើ​ពី​ឈើ​នាង​នួន គ្រញូង ឫស្សី​ឯម (ឫស្សី​ស្រុក​ចិន ឬ ឫស្សី​ទឹក​ប្រៃ)។

រនាត​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នោះ​គឺ ផ្លែ​រនាត​ធ្វើ​ពី​ឈើ​ខ្លឹម ហើយ​ស្នូក​ឆ្លាក់​ជា​ក្បាច់​បញ្ចុះ​ឆ្អឹង ហើយ​ឆ្អឹង​ដែល​អាច​យក​មក​បញ្ចុះ​បាន​មាន​ឆ្អឹង ដំរី និង​ឆ្អឹង​គោ។

តម្លៃ​រនាត​តាម​ប្រភេទ​ឈើ និង​ក្បាច់៖

  • រនាត​ស្នូក​លាត ផ្លែ​ធ្វើ​ពី​​ឫស្សី​លេខ​១ មាន​តម្លៃ​៣០០ដុល្លារ ក្នុង​មួយ​គ្រឿង

  • រនាត​ស្នូក​លាត ផ្លែ​ធ្វើ​ពី​ឈើ​នាង​នួន ឬ គ្រញូង មាន​តម្លៃ ៥០០ ទៅ ៦០០ ដុល្លារ

  • រនាត​ស្នូក​បញ្ចុះ​ឆ្អឹង តម្លៃ​១៥០០​ដុល្លារ ក្នុង​មួយ​គ្រឿង មិន​ទាន់​គិត​ថ្លៃ​ផ្លែ

រនាត​ស្នូក​បញ្ចុះ​ឆ្អឹង បូក​ទាំង​ផ្លែ​ធ្វើ​ពី​ឈើ​ខ្លឹម មាន​តម្លៃ ២ ០០០ដុល្លារ។

តែ​ឈើ​ដែល​ចំណាយ​ពេល​យូរ​ជាង​គេ និង​មាន​តម្លៃ​ថ្លៃ​ជាង​គេ​គឺ​ធ្វើ​ពី​ឈើ​ខ្លឹម​ខ្នុរ។ ចំណាយ​ពេលដល់ទៅ១ឆ្នាំឯណោះ។ “មើល​ទៅ​ថា​ថ្លៃ​តែ​បើ​គិត​ឱ្យ​មែន​ទែន​ទៅ អត់​ចំណេញ​ទេ ព្រោះ​យើង​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់ ហើយ​ត្រូវ​សម្រិត​សម្រាំង​មែន​ទែន”។ លោក កែវ សុនន្ទកវី បន្ថែម។

ចំណែកលោក យុន វណ្ណា ដែល​ជា​គ្រូ​ភ្លេង​ និង​ជា​ជាង​ធ្វើ​ឧបករណ៍​ភ្លេង​ផង បាន​ឱ្យ​ដឹង​ថា ប្រភេទ​ឈើ​ដែល​យក​មក​ធ្វើ​ផ្លែ​រនាត​ទាំង​អស់​ត្រូវ​យក​ទៅ​ត្រាំ​ទឹក ហើយ​ឈើ​ដែល​យក​មក​ធ្វើ​ផ្លែ​នេះ​ដែរ​ត្រូវ​តែ​មាន​អាយុ​កាល​ជាង​១៥​ឆ្នាំ​ទើប​អាច​យក​មក​ធ្វើ​បាន។ ​ទម្រាំ​ធ្វើ​ឧបករណ៍​មួយ​នេះ​បាន​រួចរាល់ ​ត្រូវចំណាយ​ពេល​ប្រមាណ ១ឆ្នាំ​កន្លះ។ លោកថា គេ​ត្រូវ​យក​ផ្លែ​រនាត​ទៅ​ត្រាំ​ទឹក​រយៈ​ពេល​៦ខែ បន្ទាប់​មក​ត្រូវ​យក​ទៅ​ហាល​ផ្សែង​រយៈ​ពេល​៦​ខែ​ទៀត ( ចាស់​ពី​ដើមធ្វើ​ធ្នើរ​មួយ​នៅ​លើ​ចង្ក្រាន​ដាំ​បាយ ហើយ​ដាក់​ឫស្សី​ហាល​នៅ​លើ​ធ្នើរ​នោះ​ដើម្បី​ឱ្យ​ត្រូវ​ផ្សែង) ដល់​កំណត់​ទើប​យក​មក​ផ្គុំ​គ្នា។

“និយាយ​ពី​ឈើ​គ្រប់​ប្រភេទ ឱ្យ​តែ​ត្រូវ​យក​មក​ធ្វើ​ផ្លែ​រនាត ត្រូវ​តែ​យក​ទៅ​ត្រាំ​ទឹក ចាស់ពី​ដើម​គាត់​ត្រាំ​ទឹក​ហ្នឹង​ដោយសារតែ​ការ​ពារ​កុំ​ឱ្យ​​វា​មាន​សត្វ​ល្អិត​ផ្សេង​ៗ​មក​ស៊ី ដើម្បី​ឱ្យ​វា​មាំ​ល្អ ហើយ​ឈើ​នេះ​ទៀត កាន់​តែ​ចាស់​កាន់​តែ​ល្អ”។

ឧបករណ៍​រនាត គឺ​ជា​ឧបករណ៍​មួយ ជា​មេ​នាំ​មុខ​ក្នុង វង់​ភ្លេង​ពិណ​ពាទ្យ មហោរី និង​វង់​ភ្លេង​ខ្មែរ។ ក្រៅ​ពី​នេះ​ឧបករណ៍​មួយ​នេះ អាច​លេង​បាន​ក្នុង​វង់​ភ្លេង​បុរាណ​ខ្មែរ​គ្រប់​វង់​ភ្លេង​​ទាំង​អស់ ហើយ​ក៏​អាច​លេង​ក្នុង​វង់​ភ្លេង​បស្ចិមប្រទេស​បាន​ផង​ដែរ។

ឧបករណ៍​រនាត​កកើត​ឡើង​តាំង​ពី​ក្នុង​អំឡុង​សតវត្ស​ទី ១២ ឬ ១៣ មក​ម្ល៉េះ ពោល​គឺ​ប្រហាក់​ប្រហែល​តាំង​ពី​ឧបករណ៍​ពិណ​បាន​បាត់​ពី​វង់​ភ្លេង​ពិណពាទ្យ៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទថ្មី