នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវហ្វឹកហ្វឺនជំនាញ៤ បន្ថែមទៀត

  • 2017-10-20 01:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នគរបាលចរាចរណ៍នៅទូទាំងប្រទេសនឹងត្រូវហ្វឹកហាត់ជំនាញ ៤ បន្ថែមទៀត ដើម្បីឱ្យការអនុវត្តការងារកាន់តែល្អប្រសើរ។ នេះបើតាមប្រសាសន៍ឯកឧត្តម​ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់​ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងនៅសាលាហ្វឹកហាត់នគរបាលព្រែងឯងកាលពីថ្ងៃទី១៨ ខែតុលា។

(ឯកឧត្តម​ រុន រ័ត្នវាសនា ថ្លែង​នៅសាលាហ្វឹកហាត់នគរបាលព្រែងឯងកាលពីថ្ងៃទី១៨ ខែតុលា)

លោកបានបន្ថែមថា ជំនាញទី១ គឺកងជួរ ទី២ ទ្រឹស្តីជុំវិញច្បាប់ចរាចរណ៍ផ្លូវគោក ទី៣ គឺបេសកម្ម និងភារកិច្ចរបស់នគរបាលយុត្តិធម៌ និង ទី៤ គឺយុទ្ធវិធីនៃការវាយខ្នោះលើជនល្មើសដែលតបតលើសមត្ថកិច្ច។ ឯកឧត្តម​ថា ការហ្វឹកហ្វឺននេះត្រូវធ្វើឡើងតាមរយៈការណែនាំរបស់ឯកឧត្តម​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុង​គោល​បំណង​ឱ្យនគរបាលជាតិមានជំនាញ និងក្រមសីលធម៌ ពេលអនុវត្តច្បាប់ចរាចរណ៍ឱ្យមានភាពប្រសើរឡើង ដោយ​ថា​ជាងមួយឆ្នាំកន្លងមកនេះការអនុវត្តមានភាពល្អប្រសើរ តែទោះបីយ៉ាងណាក៏ដោយក៏​នៅ​មានភាពខ្វះខាតមួយចំនួន។

(មន្ត្រីនគរបាល​ឈរ​ស្តាប់​ប្រសាសន៍ឯកឧត្តម​ រុន រ័ត្នវាសនា)

ត្រង់​ចំណុចនេះ ដែរមន្ត្រី​នគរបាល​ចរាចរណ៍ចាំបាច់ធ្វើការកែលម្អរ ជាពិសេសដល់កងកម្លាំងដែលបានឈរជើងនៅតាមគោលដៅនីមួយៗ ធ្វើយ៉ាងណា​ឱ្យមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ក្នុងការងារ និងអនុវត្តចំគោលដៅដែលចង់បានឱ្យមានសុក្រិត្យភាព និងស្មើភាពនៅចំពោះមុខច្បាប់។ នេះ​បើតាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្តម​ រុន រ័ត្នវាសនា។

ថ្លែងនៅចំពោះមុខសិក្ខាកាមជាងនគរលបាលជាង ១០០ នាក់ ឯកឧត្តម​បានឱ្យដឹងដែរថា ទោះពេលវេលាហ្វឹកហ្វឺនមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែយោងលើបទពិសោធន៍របស់មន្រ្តីអនុវត្តច្បាប់លោករំពឹងថា សិក្ខាកាមនឹងយល់ដឹងច្រើននូវបេសកម្មការងារទាំងអស់នេះ។ «អញ្ចឹងយើងឃើញថា ថ្ងៃនេះការហ្វឹកហ្វឺននៅសាលនគរបាលព្រែកឯងគឺមានភាពល្អប្រសើរមែន ដែលយើងឃើញមន្រ្តីនគរបាលបានខិតខំប្រឹងប្រែង ទោះបីក្តៅ រងារយ៉ាងណាក៏ដោយនៅតែខិតខំបំពេញកិច្ចការងារនេះរហូតទទួលបានជោគជ័យ»។ ឯកឧត្តម​បន្ថែម។​

បើតាមឯកឧត្តម​ រុន រ័ត្នវាសនា កន្លងមកមន្រ្តីនគរបាលមានការលំបាកក្នុងការអនុវត្តច្បាប់ចំពោះអ្នកសេពគ្រឿងស្រវឹង ព្រោះអ្នកទាំងនោះមិនស្តាប់ និងតែងមានការតបតទៅសមត្ថកិច្ចវិញ និង​ថា​ជំនាញ​ដែល​រៀន​នេះ​គឺ​ចាំ​បាច់​ក្នុងពេល​បំពេញ​ការងារ​នេះ៕

អត្ថបទដោយ៖ សុផល