អ្នក​ភូមិ​មួយនៅ​ខេត្ត​កំពង់​ឆ្នាំង​​ កំណត់​ច្បាប់សម្រាប់​ការនេសាទ​ក្នុង​មូល​ដ្ឋាន

  • 2017-10-26 07:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​មួយ​នៅ​ខេត្ត​កំពង់​ឆ្នាំង​​កំណត់​​ជា​ច្បាប់​សម្រាប់​អ្នក​នេសាទ​របស់​ក្រុម​ពួកគាត់​​ ដោយ​ថា​ការ​កំណត់​នេះ​គឺ ដើម្បី​ជៀស​វាង​ការ​ទាស់​ទែងគ្នា ដោយ​ការ​ដណ្តើម​គ្នា​នេសាទ​ត្រី​នៅ​កន្លែង​តែ​មួយ។

ដោយ​សារតែ​ពេលនេះ​ជា​រដូវ​វស្សា​មាន​ទឹកជន​ច្រើន​នៅ​តាម​ប្រ​ឡាយ​តូច​ធំ​ក្នុង​មូល​ដ្ឋាន​របស់​គាត់ អ្នកស្រភូមិ ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលា​ប្អៀរ ស្រុក​រលាប្អៀរ​ខេត្ត​កំពង់​ឆ្នាំង​​ បាន​កំណត់​ឲ្យ​មាន​ច្បាប់​មួយ​ដោយ​តម្រូវ​ឲ្យ​អ្នក​បង់​សំណាញ់​​នៅ​កន្លែង​តែ​មួយ​ត្រូវ​បង់ជា​វេន​បន្ត​គ្នា។ ទម្លាប់​នេះ​អ្នក​នេសាទ​លក្ខណៈ​គ្រួសារ​ទាំងនេះ​អះអាង​ថា​បាន​អនុវត្ត​បី​ឬបួន​ឆ្នាំ មក​ហើយ។​

(អ្នក​ភូមិ​ម្នាក់​កំពុង​បង់​សំណាញ់​ក្នុង​ប្រឡាយ​មួយ​ក្នុង​ភូមិ)

បុរស់​ម្នាក់​កំពុង​បង់​សំណាញ់​ជាមួយ​អ្នក​ភូមិផ្សេងទៀត ប្រាប់​ត្រឹម​ឈ្មោះ​ថា លុច្ស ​អះអាង​ថា​ការ​ធ្វើ​ដូច​នេះ​ដើម្បី​បញ្ជៀស​ទំនាស់​នៅ​ពេលមាន​អ្នក​បង់​សំណាញ់​ច្រើន​នៅ​កន្លែង​តែ​មួយ។ លោក​បន្ត​ថាៈ «បង់​តាម​លេខ​រៀង ឬ​វេន ​ឧទាហរ​ណ៍​ថា បើ​ទី​កន្លែង​នេសាទ​មួយ​មាន​អ្នក​នេសាទ ១០នាក់ ​អ្នក​បង់​ទី​១ ត្រូវ​រង់​ចាំ​អ្នក​បង់​សំណាញ់​៩​នាក់​ផ្សេង​ទៀត​បង់​ហើយ ទើប​អាច​បង់​ម្ដង​ទៀត​បាន ដែល​ពេល​ខ្លះ ធ្វើ​ឲ្យ​មាន​ការ​ពិបាក​រង់​ចាំ​ដែរ»។

ទោះយ៉ាងណា​លោក​ថាការកំណត់បែបនេះ​គឺ​ចាំ​បាច់​​សម្រាប់​ការ​នេសាទ​ពោល​គឺ​ដើម្បី​កុំ​អោយ​ដណ្ដើម​គ្នា​បង់ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​បាន។ ប៉ុន្តែ​លោក​ថា ទម្លាប់​នេះ ច្រើន​ប្រើ​នៅ​កន្លែង​នេសាទ​ខ្លះ ដែល​មាន​អ្នក​នេសាទ​ច្រើនប៉ុណ្ណោះ មិន​ប្រើ​ជា​ទូទៅ​ទេ។

(ត្រី​ដែល​នេសាទ​បាន​របស់​អ្នក​ភូមិ)

ក្រៅ​ពី​ក្បួន ឬ​ច្បាប់​នេសាទ​ទ្រង់ទ្រាយ​តូច​ខាង​លើ នៅ​មាន​ទម្លាប់មួយ​ ដែល​ប្រជានេសាទ​នៅ​ភូមិ​ស្រុក​ខាង​លើ​អនុវត្ត​ដែរ​នោះ គឺអ្នក​បង់​សំណាញ់​ទាំង​អស់ ត្រូវ​បង់​ត្រី​ក្នុង​ពេល​តំណាល​គ្នា​តែ​ម្ដង ធ្វើ​បែប​នេះ ដើម្បី​ចៀសវាងការ​រង់ចាំលេខ​រៀង ឬ​វេន ដែល​ជា​​ការរង់ចាំ​អត់​ប្រយោជន៍។ ឆ្លង​តាម​បទ​ពិសោធន៍​ប្រមាណ ៣ទៅ​៤ឆ្នាំ​មក​នេះ ក្នុង​ការ​នេសាទ​ត្រី​ដោយ​ប្រើ​វិធី​បង់​សំណាញ់ លោក លុច្ស ប្រាប់​ថា មិន​ដែល​មានបញ្ហា​អ្វី​កើត​ក្នុង​ចំណោម​អ្នក​នេសាទ​ដូច​គ្នានោះ​ទេ​។

ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​សប្បាយ​រីករាយ​ថែម​ទៀត ព្រោះ​ថា ពេល​កំពុង​ធ្វើ​ការ​រក​ត្រី អ្នក​នេសាទ​ទាំង​អស់​ អាច​ជជែក​គ្នា បង្អាប់​គ្នា​លេង​ពី​នេះពី​នោះ​ បង្ក​ឲ្យ​មាន​ភាព​រីករាយ និង​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ថែម​ទៀត​ផង៕

អត្ថបទដោយ៖ ប៊ុនណា សភា

ប្រ​ភព៖ ៣០ដេលី