សៅ សុខា៖ នៅស៊ីហ្គេម ប្រយ័ត្នបាល់ទាត់នារីបានមេដាយ បុរសៗធ្លាក់វគ្គជម្រុះ ខ្មាសគេវ៉ើយ
- 2017-12-14 08:40:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៅ សុខា៖ នៅស៊ីហ្គេម ប្រយ័ត្នបាល់ទាត់នារីបានមេដាយ បុរសៗធ្លាក់វគ្គជម្រុះ ខ្មាសគេវ៉ើយ
ចន្លោះមិនឃើញ
ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មើលឃើញថាវិស័យបាល់ទាត់នារីនៅកម្ពុជានឹងមានភាពរីកចំរើនខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយអាចនឹងប្រជែងជាមួយក្រុមប្រទេសដទៃទៀតបាន។ ដូច្នេះហើយ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ លោករំពឹងថានឹងអាចដាក់បាល់ទាត់នារីបាន ហើយអាចទទួលលទ្ធផលល្អជាងបុរសផងមិនដឹង។
កាលពីព្រឹកមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលទឹកប្រាក់ឧបត្ថម្ភពីសមាគមកូរ៉េចំនួន៤ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍវិស័យកីឡាតាមខេត្តនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្ដម សៅ សុខា មើលឃើញថានេះជាដំណឹងល្អមួយទៀត ដែលមានបរទេសចូលជួយកម្ពុជា ក្នុងការអភិវឌ្ឍបាល់ទាត់តាមខេត្ត ដើម្បីបណ្ដុះថ្នាលល្អៗបាន។
មួយវិញទៀត ការបង្កើតសាលាបាល់ទាត់តាមបណ្ដាខេត្តនេះ ក៏អាចនឹងធ្វើឱ្យមានយុវជន យុវនារី ចូលលេងបានច្រើនដែរ ជាផ្នែកមួយក្នុងការស្វែងរកជើងខ្លាំងតំណាងប្រទេសនាថ្ងៃអនាគត។ តួយ៉ាងដូចជាការប្រកួតបាល់ទាត់នារីដែលកំពុងដំណើរការស្រាប់ គឺពួកគេមានសមត្ថភាព លេងល្អ និងអាចបណ្ដុះបណ្ដាលបន្ថែមបាន ដើម្បីក្លាយជាអនាគតក្រុមបាល់ទាត់នារីតំណាងប្រទេសកម្ពុជា។
និយាយរឿងបញ្ចូលបាល់ទាត់នារីចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមវិញ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាខាងលើបាននិយាយដូច្នេះថា៖ “យើងមានក្រុមនារីយើងហើយ ពួកគេនឹងចេញទៅប្រកួតក្រៅស្រុកនៅឆ្នាំក្រោយ... តាមការអភិវឌ្ឍនេះ ខ្ញុំមើលឃើញពួកគេមានគុណភាពល្អ។ អីចឹងខាងប្រុសៗនោះ ក៏ត្រូវគិតដែរ ប្រយ័ត្នខាងស្រីបានមេដាយ ខាងប្រុសធ្លាក់ត្រឹមវគ្គជម្រុះខ្មាសគេ”៕