៧សន្លឹក រូបថតប្រវត្តិសាស្រ្ត បង្កប់រឿងរ៉ាវពីអតីតកាល គួរឲ្យស្រណោះ

  • 2017-12-21 03:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ការ​បង្កើត​ឲ្យ​មាន​រូបថត បាន​ធ្វើ​ឲ្យ​មនុស្ស​សម័យ​នេះ យ៉ាងហោចណាស់ អាច​យល់​ពី​របៀប​ដែល​មនុស្ស​សម័យ​មុន រស់​នៅ​យ៉ាង​ដូចម្តេច​ខ្លះ។ មិនតែប៉ុណ្ណោះ យើង​ក៏​អាច​ដឹង​បាន​ថា ពួកគេ​មាន​រូបរាង​យ៉ាង​ណា និង​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​នោះ។

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​ប្រវត្តិសាស្ត្រ ៧សន្លឹក ដែល​បង្កប់​រឿងរ៉ាវ​ពី​អតីតកាល គួរ​ឲ្យ​ស្រណោះ៖

#១ ក្មេងកំព្រា​ទីតានិច

នាង Michel និង Edmond Navratil បាន​រួច​ផុត​ពី​ហេតុការណ៍ កប៉ាល់​ទីតានិច​បុក​ផ្ទាំង​ទឹកកក កាល​ពី​ឆ្នាំ១៩១២។ ឪពុក​របស់​ពួកគេ ដែល​បាន​រួម​ដំណើរ​ជាមួយ​គ្នា​បាន​ស្លាប់ ហើយ​រូបថត​កុមារី​ទាំង​២នាក់​នេះ ត្រូវ​បាន​គេ​ចុះផ្សាយ​នៅ​លើ​កាសែត ដើម្បី​ស្វែងរក​សាច់ញាតិ​របស់​ពួកគេ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ស្គាល់​ឈ្មោះ​ពិត​របស់​ពួកគេ​ឡើយ ដូច្នេះ​គេ​បាន​ហៅ​កុមារី​ទាំង​នេះ​ថា Louis និង Lola ឬ ក្មេង​កំព្រា​ទីតានិច។

#២ ការ​រំលឹក​ដល់​សត្វ​សេះ និង​លា

ទាហាន​ទាំង​នេះ​ឈរ​ផ្តុំ​គ្នា​ចេញ​ជា​រូប​ក្បាល​សេះ ដើម្បី​រំលឹក​ដល់​សត្វ​សេះ និង លា រាប់​លាន​ក្បាល ដែល​បាន​ងាប់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១។

#៣ អ្នក​តស៊ូ​បារាំង ញញឹម​នៅ​ពេល​ប្រហារ​ជីវិត

Georges Blind គឺ​ជា​សមាជិក​នៃ​អ្នក​តស៊ូ​បារាំង ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។ លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន នៅ​ឆ្នាំ១៩៤៤។ នៅ​ពេល​នោះ លោក​បដិសេធ​មិន​ព្រម​និយាយ​អ្វី​ទាំង​អស់ ដូច្នេះ​ហើយ​ទើប​ទាហាន Nazi សម្រេចចិត្ត​រៀបចំ​ប្រហារ​ជីវិត​លោក។ ផ្ទុយទៅវិញ វា​មិន​ដំណើរ​ឡើយ ហើយ​លោក Georges ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ជំរំ​ឃុំឃាំង Blechhammer ដែល​ក្រោយ​មក លោក​ក៏​ត្រូវ​បាន​គេ​ធ្វើ​អត្តឃាត​តែម្ដង។

#៤ សញ្ញា​ព្រមាន

សមាជិក​នៃ​ក្រុម​តស៊ូ​ជ្រុល​និយម Ku Klux Klan ម្នាក់ កំពុង​បើកបរ​រថយន្ត​មួយ​គ្រឿង ដោយ​បង្ហាញ​ខ្សែ​ព្យួរ​ខាង​ក្រៅ​ទ្វារ​រថយន្ត។ វា​គឺ​ជា​សញ្ញា​ព្រមាន​ដល់​អ្នក​ស្រុក​អាហ្វ្រិច-អាមេរិក នៅ​ទីក្រុង Miami ដែល​គួរ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត នៅ​ខែ​ឧសភា ឆ្នាំ១៩៣៩។

#៥ អ្នក​ឈ្នះ​ដែល​គេ​មិន​បាន​រំពឹង​ទុក

ក្នុង​អំឡុង​ការ​ប្រកួត​រត់​ម៉ារ៉ាតុង​ប្រចាំ​ឆ្នាំ Boston Marathon ក្នុង​ឆ្នាំ១៩៥១ បុរស​ជនជាតិ​ជប៉ុន​ឈ្មោះ Shigeki Tanaka បាន​មក​ដល់​ទី​មុន​គេ​បង្អស់។ រយៈពេល ៦ឆ្នាំ​មុន​ព្រឹត្តិការណ៍​នោះ លោក Tanaka បាន​រួច​ផុត​ជីវិត ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ របស់​កងកម្លាំង​អាកាស​អាមេរិក នៅ​ទីក្រុង Hiroshima ប្រទេស​ជប៉ុន។ ហ្វូង​មនុស្ស​ដែល​កំពុង​ឈរ​មើល បាន​នៅ​ស្ងៀម​គ្រប់គ្នា នៅ​ពេល​លោក Tanaka រត់​មក​ដល់​ទី។

#៦ ប្រធានាធិបតី​ស្លាប់​នៅ​ពេល​បំពេញ​ភារកិច្ច

លោក Salvador Allende អតីត​ប្រធានាធិបតី​ឈីលី កំពុង​រត់​ចេញ​ពី​លំនៅឋាន ក្នុង​អំឡុង​ការ​ផ្ដួល​រលំ​របស់​ក្រុម​ទ័ព​សេះ Carabineer ដែល​ដឹកនាំ​ដោយ លោក Augusto Pinochet (អតីត​ប្រធានាធិបតី​ឈីលី) នៅថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ១៩៧៣។ ក្រោយមក លោក Allende ក៏​ត្រូវ​គេ​បាញ់​សម្លាប់។

#៧ អ្នក​ចម្បាំង​ដាវ​សាមូរ៉ៃ​ជប៉ុន និង​រូប​ចម្លាក់ Sphinx ក្នុងឆ្នាំ១៨៦៤

នេះ​គឺ​ជា​ក្រុម​អ្នក​ចម្បាំង​ដាវ​សាមូរ៉ៃ​ជប៉ុន ដែល​បាន​ចូល​រួម​នៅ​ក្នុង​បេសកកម្ម Ikeda ដែល​កំពុង​ឈរ​នៅ​ពី​មុន​រូប​ចម្លាក់ Sphinx។ នៅ​ឆ្នាំ ១៨៦៤ ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉ារីស ឯកអគ្គរាជទូត​ជប៉ុន​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​ផ្ដាច់ការ​នៃ​កងយោធា​ជប៉ុន លោក Ikeda Nagaoki បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អេហ្ស៊ីប៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី