Mate 10 Pro ថ្លៃ​ក្បែរ​ពាន់​ដុល្លារ មាន​ចំណុច​ខ្លាំង ៣ និង​ចំណុច​អន់​បំផុត ១ (ពន្យល់លម្អិត)

  • 2017-12-23 02:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន Huawei បាន​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ Mate 10 Pro កាល​ពី​ខែ​តុលា ឆ្នាំ ២០១៧។ ជា​ស្មាតហ្វូន​បំពាក់​នូវ​អេក្រង់ OLED, អង្គ​គណនា​កម្លាំង​ខ្លាំង, អង្គ​ផ្ទុក​ធំ, ថ្ម​កាន់​បាន​យូរ តែ​កុំ​ភ្លេច​តម្លៃ​ក៏​មិន​ណយ​ប៉ុន្មាន​ដែរ។

បច្ចុប្បន្ន​ទើប​តែ​ចរាចរ​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស ថ្លៃ​ប្រហែល ៦៩៩ ផោន ឬ​ជាង ៩៣៥ ដុល្លារ ម្ល៉ោះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្ទាក់ស្ទើរ​រវាង​ជម្រើស Galaxy Note 8 ឬ iPhone X ដែល​ថ្លៃ​ប្រហែល​គ្នា។ Sabay លើក​យក​ការ​បង្ហាញ​ប៉ុន្មាន​ចំណុច​សំខាន់​នៃ​ត្រកូល Mate ជំនាន់​ក្រោយ។​

១.ការ​រចនា:

​ស្រោប​ដោយ​កញ្ចក់​មុខ​ក្រោយ​ដូច​គូ​ប្រជែង ២ ផ្សេង​ទៀត ហើយ​រូបរាង​បើ​ធៀប​នឹង​ត្រកូល Mate 10 ក៏​ប្រហាក់ប្រហែល​គ្នា។ ខាង​មុខ​បំពាក់​នូវ​អេក្រង់​ពេញ​ក្បែរ​ផ្ទៃ​សង​ខាង និង​កញ្ចក់​កោង​នៅ​ផ្នែក​ខាង​ក្រោយ ជួយ​លើក​សម្រស់​ឲ្យ Pro កាន់​តែ​ស៊ីវិល័យ​មួយ​កម្រិត​ទៀត។

អម​ដោយ​កាមេរ៉ា​ភ្លោះ Brand ល្បី​ឈ្មោះ​ពី Leica ហើយ​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខាង​ក្រោម ចំពោះ​កញ្ចក់​ដែល​បំពាក់​ស្រោប​ខ្លួន​របស់​វា បញ្ជាក់​ថា​មិន​ងាយ​សឹក​ឬ​ឆ្កូត​ដូច​ពពួក​ស្មាតហ្វូន​ស៊េរី​កណ្ដាល​នោះ​ឡើយ។ នៅ​ផ្នែក​ខាង​ក្រោម​ប្រើ​រន្ធ USB-C ប៉ុន្តែ​លុប​បំបាត់​នូវ​រន្ធ​ដោត​កាស​ទំហំ 3.5mm ដែល​ជា​ចំណុច​មិន​ពេញ​ចិត្ត សម្រាប់​អ្នក​និយម​ស្ដាប់​តន្ត្រី​លើ​ស្មាតហ្វូន។ ដោយ​ការ​បំពាក់​នូវ​អង្គផ្ទុក​ធំ ម្ល៉ោះ​អវត្តមាន​រន្ធ​ដោត microSD អាច​ថា​ជា​រឿង​មិន​ចាំ​បាច់។​

២.អេក្រង់:

​​ធៀប​នឹង​ Mate 10 ធម្មតា ត្រកូល Pro ខុស​ត្រង់​អេក្រង់ OLED ដែល​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​ថ្លៃ​ជាង LCD។​ ពិសេស​បំផុត​នោះ​ទំហំ​អេក្រង់​ធំ​ដល់ ៦ អ៊ីញ កម្រិត HD+ HDR 10 ខណៈ Mate 10 មាន​ត្រឹម ៥.៨ អ៊ីញ កម្រិត QHD HDR 10 ប៉ុណ្ណោះ។ កម្រិត​រូបភាព​ច្បាស់​ឡើង​កប់​ដល់ 2160x1080 ភីកសែល ស្រប​ពេល​កម្រិត​ពន្លឺ (Brightness) ច្បាស់​ខ្លាំង​ដោយ​សារ​ស្តង់ដារ Mobile HDR 10។

៣.ប្រព័ន្ធ Software:

ដោយ​ក្រុមហ៊ុន Huawei ប្រឹង​រក​ដំណោះស្រាយ​ក្នុង​ការ​បញ្ចូល​ផ្ទៃ EMUI របស់​ខ្លួន​ឲ្យ​សាំ​នឹង​ការ​ប្រើ​របស់​អតិថិជន ដូច្នោះ​បញ្ហា​ស្មុគស្មាញ​ក៏​នៅ​បន្ត​កើត​មាន។ ថ្វី​បើ Mate 10 Pro ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​មេ Android 8.0 Oreo ក្តី ប៉ុន្តែ​ផ្ទៃ Interface កម្មវិធី​ទាំង​មូល រាង​ពិបាក​ក្នុង​ការ​ប្រើប្រាស់ ប្រសិន​បើ​អ្នក​មិន​ធ្លាប់​ប្រើ Huawei ពី​មុន​មក។ សម្រប​នឹង​ផ្ទៃ EMUI ជំនាន់ 8.0 ផ្លាស់ប្ដូរ​របៀប​ប្រើ​មួយ​ចំនួន ទាំង​ទម្រង់​នៃ​ម៉ឺនុយ​កម្មវិធី។

៤.ល្បឿន​គណនា​ម៉ាស៊ីន:

ដោយ​បំពាក់​នូវ​បន្ទះ​ឈីប​ជំនាន់​ក្រោយ Hisilicon Kirin 970 បន្សំ​បច្ចេកវិទ្យា AI កម្រិត​ខ្ពស់ ក៏​ជួយ​លើក​កម្លាំង​ម៉ាស៊ីន​របស់ 10 Pro ដំណើរការ​កាន់​តែ​អស្ចារ្យ។ អម RAM 6GB បូក GPU ប្រភេទ Mali-G72 MP12 ជួយ​ឲ្យ​ម៉ាស៊ីន​រត់​លើ​ហ្គេម​មាន​ក្រាហ្វិក​ធំ មិន​ទាក់ ហើយ​អាច​បើក​កម្មវិធី​ច្រើន​ដោយ​មិន​ព្រួយ​ថា​យឺត​ម៉ាស៊ីន។​

ជំនួយ​បន្ថែម​ពី CPU ប្រភេទ Octa-Core ល្បឿន 4x2.4GHz + 4x1.8GHz ធានា​ធ្វើ​ឲ្យ​អ្នក​ប្រើ មិន​ងាយ​រអ៊ូ​ពី​ចំណុច​អវិជ្ជមាន​នៃ​ម៉ាស៊ីន​ឡើយ។ ផ្អែក​តាម Geekbench និង Antutu នៃ​ការ​វាស់​ស្ទង់​ពិន្ទុ​ល្បឿន​ដំណើរការ Mate 10 Pro ឈរ​លើ Galaxy S8។

៥.កាមេរ៉ា:

Mate 10 Pro បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ ដោយ​មួយ​គ្រាប់​ជា​ប្រភេទ Colour Sensor ទំហំ 12MP មាន Aperture f/1.6 ប្រើ​មុខងារ OIS រី​ឯ​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ Monochrome Sensor ទំហំ 20MP មាន Aperture f/1.6។ ដោយ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ AI កាមេរ៉ា Huawei នឹង​ផ្លាស់ប្តូរ​ម៉ូដ​ដោយ​ស្វ័យ​ប្រវត្តិ ឧប​មា​អ្នក​ថត​រូប​បែប Close-up ជាមួយ​នៃ​ផ្កា​ណា​មួយ ភ្លាម​នោះ​វា​នឹង​លោត​ចូល Macro Mode ឲ្យ​តែ​ម្តង។​

ប៉ុន្តែ​ចំពោះ​មុខងារ Auto-Detection សង្កេត​ឃើញ​ធ្វើ​ការ​រាង​យឺត​បន្តិច ហើយ​បើ​ធៀប​ទៅ​ម៉ូដែល​ចាស់ P10 និង P10 Plus យើង​អាច​នឹក​ដល់​ម៉ូដែល​មុន​ជាង ប៉ុន្តែ​វា​គ្រាន់​ជា​ចំណុច​អវិជ្ជមាន​តូច​មួយ​ប៉ុណ្ណោះ បើ​ក្រឡេក​ទៅ​ទិដ្ឋភាព​រូប​បែប Low-light ម៉ូដែល 10 Pro ធ្វើ​បាន​កាន់​តែ​វិសេសវិសាល ជួយ​កាត់​បន្ថយ​គ្រាប់ Noise ឲ្យ​នៅ​តិច ល្មម​យើង​ពេញ​ចិត្ត​នឹង​យក​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម។​

ចំណែក​ឯ​ការ​ថត​វីដេអូ​នៅ​ទីតាំង​មាន​ពន្លឺ​គ្រប់គ្រាន់​អាច​ទទួល​យក​បាន ប៉ុន្តែ​នៅ​ទីតាំង​ខ្សោយ​ពន្លឺ ភាព​ទប់​លំនឹង​នៃ​ម៉ូដែល Pro ហាក់​ធ្វើ​មិន​ទាន់​ល្អ​គ្រប់ ១០ នោះ​ឡើយ។​

ខាង​ក្រោម​ជា​រូបភាព​ដែល​ផ្តិត​ចេញ​ពី Mate 10 Pro:

៦.ថាមពល​ថ្ម:

ប្រើ​នូវ​ថ្ម​មិន​អាច​ដោះ​បាន​ប្រភេទ Li-Po ទំហំ 4,000mAh លើក​ឈ្មោះ​ឲ្យ Pro មិន​ងាយ​មាន​គូ​ប្រជែង​ដទៃ​បំបាក់​វា​បាន។ ផ្អែក​តាម​ការ​សាកល្បង​ប្រើប្រាស់​ពី​ក្រុម​ការងារ ​TrustedReviews បាន​ឲ្យ​ដឹង​ថា​រូប​គេ អាច​កាន់​ប្រើ 10 Pro ដែល​មាន​ថ្ម​មួយ​ពេញ ក្នុង​រយៈ​ពេល ១ ថ្ងៃ​កន្លះ​ទៅ ២ ថ្ងៃ ខណៈ​ជា​ទូទៅ​ផ្ដោត​លើ​ការ​លេង​បណ្ដាញ​សង្គម WhatsApp, ប្រើប្រាស់​សម្រាប់ Call ចេញ​ចូល, បើក​ឆែក Email ជា​ប្រចាំ, លេង​ហ្គេម​ជាង ១ ម៉ោង​កន្លះ និង​ម៉ោង​ភាពយន្ត​លើ Netflix ចប់​មួយ​រឿង​មុន​ពេល​ចូល​ដំណេក។

សរុប​រួម:

ប្រសិន​បើ​អ្នក​មាន​ថវិកា​ក្បែរ ១ ពាន់​ដុល្លារ ហើយ​ចង់​កាន់​ប្រើ​ស្មាតហ្វូន​ជំនាន់​ក្រោយ ដោយ​មិន​ពេញ​ចិត្ត Note 8 ឬ iPhone X អ្នក​អាច​លៃលក​ជាមួយ Mate 10 Pro បាន។ ចំណុច​រសើប ៣ របស់​ត្រកូល 10 ឆ្នាំ ២០១៧ នេះ​រួម​មាន​អង្គ​គណនា​ម៉ាស៊ីន, ការ​រចនា​តួ​ខ្លួន, កម្លាំង​ថ្ម​ខ្លាំង បើ​លើក​ចំណុច​ខ្លាំង​ល្មម​មាន​កាមេរ៉ា​និង​កម្រិត​អេក្រង់ ប៉ុន្តែ​បើ​និយាយ​ពី​ចំណុច​ខ្សោយ​ពិត​ណាស់​ដែល​ប្រព័ន្ធ ​Software របស់​វា អាច​មិន​ទាក់​ភ្នែក​ដូច​គូ​ប្រជែង​ដទៃ​ឡើយ។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ TrustedReviews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម