បើក​ម៉ូតូ​លើ​ដង​ផ្លូវ​គួរ​ប្រើ​ឈុត​អាវ​ធំ អាច​កាត់​បន្ថយ​កម្រិត​គ្រោះថ្នាក់​ពេល​ដួលបាន

  • 2017-12-22 04:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​ម៉ូតូ​លើ​ដង​ផ្លូវ​ធម្មតា​ចេញ​ទៅ​ធ្វើ​ការងារ ប្រជុំ និង​កន្លែង​កំសាន្ត​ជិត ឬ​ឆ្ងាយ​ភាគ​ច្រើន​កម្រ​ប្រើប្រាស់​ឈុត​សំលៀកបំពាក់​សម្រាប់​បើក​ម៉ូតូ​ណាស់​។ ភាគច្រើន​ឃើញ​មាន​សម្រាប់​អ្នក​បើក​ម៉ូតូ​ធំ ពេល​បើក​លើ​ដងផ្លូវ ឬ​ពេល​ប្រណាំង​ម៉ូតូ ដោយ​មាន​ការ​បត់​បែន​ចង្កូត​ច្រើន និង​ល្បឿន​លឿន ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​គ្រោះថ្នាក់។ អ្នក​ជំនាញ​និយាយ​ថា ឈុត​នេះ​អាច​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់ បន្ទាប់​ពី​មួក​សុវត្ថិភាព ដែល​អាច​ជួយ​ការពារ​ខ្លួន​ទាំងមូល​មិន​ឲ្យ​មុត ឬ​ដាច់​រលាត់​ស្បែក ពេល​គ្រោះថ្នាក់​កម្រិត​ល្មមៗ​។ 

ចំនុច​នេះ​មាន​ការ​ពិបាក​ស្រាវជ្រាវ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​ពេល​ប្រើ​តែ​ឈុត​អាវ​ធំ ព្រោះ​រាល់​អ្នក​ជិះ​ម៉ូតូ​ធំ ភាគច្រើន​ពាក់​ឈុត​នេះ ហើយ​ពាក់​មួយ​ថែម​ទៀត​ផង ដែល​ចាំបាច់​ការពារ​ពី​ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ក្បាល​។ 

ការ​សិក្សា​របស់​ជនជាតិ​អូស្ត្រាលី​ចេញ​ផ្សាយ​ក្នុង ឆ្នាំ ២០១១ ដោយ​បាន​សិក្សា​លើ​ក្រុម​អ្នក​ជិះ​ម៉ូតូ​មាន​គ្រោះថ្នាក់​ជា​បី​ក្រុម​៖

  • ក្រុម​ប្រើ​ឈុត​ខោ​អាវ​ធំ​
  • ក្រុម​ប្រើ​តែ​អាវ​ធំ​
  • ក្រុម​មិន​ប្រើ​ឈុត​ខោអាវ​ធំ​

លទ្ធផល​ក្នុង​ការ​សិក្សា​បង្ហាញ​ថា ក្រុម​អ្នក​ជិះ​ម៉ូតូ​ប្រើ​ឈុត​ខោអាវ​ធំ ឬ​ប្រើ​តែ​ខោ ឬ​តែ​អាវ​ធំ ពេល​ប៉ះទង្គិច ឬ​ដួល​មាន​កម្រិត​គ្រោះថ្នាក់​ស្រាល ព្រម​ទាំង​អាច​ជា​សះស្បើយ​រយៈពេល​តិច​ជាង ៦ ខែ ជាង​ក្រុម​មិន​ប្រើ​ឈុត​ខោអាវ​ការពារ​។ 

ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា ឥរិយាបថ​ក្នុង​ការ​បើកបរ​អាច​ធ្វើ​ឲ្យ​ឈុត​អាវ​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ពេល​អ្នក​ជ្រើសរើស​កុំ​ផ្ដោត​លើ Brand ឬ​ស្ទីល​ខ្លាំង​ពេក អ្នក​អាច​ផ្ដោត​លើ​គុណភាព និង​មុខងារ​បំពាក់​លើ​ឈុត​នោះ​ដោយ​មាន ឬ​បន្ថែម​បាន​ប៉ុង​ការពារ​កែង​ដៃ ជង្គង់ ឬ​ផ្នែក​សាច់ដុំ​។ ម្យ៉ាង​វិញ​ទៀត គួរ​ប្រើប្រាស់​ពណ៌លឿង ទឹកក្រូច និង​ក្រហម ដែល​អាច​បន្ថែម​ការ​ចាប់​អារម្មណ៍​ពី​អ្នក​បើកបរ​ផ្សេង​ទៀត កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​។ សរុប​សេចក្តី​មក​មាន​តែ​ឃ្លា​ប៉ុណ្ណោះ ជួយ​ខ្លួន​អ្នក ជួយ​អ្នក​ដទៃ បើកបរ​ក្នុង​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍​៕ 

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន