រូប​ពីរ​សន្លឹក​ ស្រស់​ស្អាត​ដូច​គ្នា​ តែ​វាសនា​ខុស​គ្នា​

  • 2017-12-25 02:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ Wallpaper ឈ្មោះ​ថា​ "Bliss” នៅ​លើ​ Windows XP ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រូបភាព​មាន​មនុស្ស​មើល​ច្រើន​បំផុត។ ស្រប​ពេល​ដែល​ Microsoft ​បង់​​ជាង​ ១០០ ០០០ ដុល្លារ​ ទៅ​ឲ្យ​ម្ចាស់​រូបថត​នេះ​ ដើម្បី​យក​មក​ប្រើ​ប្រាស់​ អ្នក​ថត​រូប​ម្នាក់​ទៀត​​ដែល​​ជា​ម្ចាស់​រូបភាព​ Wallpaper ឈ្មោះ​ថា​ "Autumn” ទទួល​បាន​ត្រឹម​តែ​ ៤៥ ដុល្លារ​ប៉ុណ្ណោះ។

Wallpaper ឈ្មោះ​ Bliss

Charles O’Rear ជា​អ្នក​ថត​រូប​សញ្ជាតិ​អាមេរិក​​ដែល​​ល្បី​ឈ្មោះ​តាម​រយៈ​ការ​ថត​រូប​ "Bliss” ​ពេល​បើក​បរ​កាត់​តំបន់​ Napa និង Sonoma ក្នុង​រដ្ឋ​ California ឆ្នាំ​​ ១៩៩៦។ បន្ទាប់​ពី​​ដាក់​រូបភាព​ទៅ​ឲ្យ​​ភ្នាក់ងារ​រូបភាព​ Westlight ភ្នាក់ងារ​នេះ​ក៏​ត្រូវ​លោក​ Bill Gates ទិញ​យក​នៅ​ឆ្នាំ​ ១៩៩៨។

ក្រោយ​មក​ទៀត​ Microsoft ក៏​បាន​ជ្រើស​យក​រូបភាព​របស់​លោក​ Charles ដែល​ស្ថិត​ក្នុង​ចំណោម​រូបភាព​រាប់​ពាន់​សន្លឹក​ មក​ប្រើ​ជា​ Wallpaper ប្រចាំ​ត្រកូល​ Windows XP ដោយ​ក្រុមហ៊ុន​បាន​​បង់​ថ្លៃ​មហាសាល​ដល់​ Charles ក្នុង​រង្វង់​ទឹក​ប្រាក់​ដែល​គេ​ដឹង​ថា​លើស​ពី​ ១០០ ០០០ ដុល្លារ។

Wallpaper ឈ្មោះ​ Autumn

ដោយ​ឡែក​ Peter Burianអ្នក​ថត​រូប​​នៅ​ពី​ក្រោយ​រូប​ Wallpaper ល្បី​មួយ​ទៀត​​ឈ្មោះ​ថា​ "Autumn” ទទួល​បាន​ទឹក​ប្រាក់​តិច​ស្ទើរ​តែ​មែន​ទែន​ បើ​ធៀប​នឹង​រូបភាព​ "Bliss”។ Peter បាន​ដាក់​រូបភាព​របស់​ខ្លួន​ទៅ​ឲ្យ​ភ្នាក់ងារ​រូបភាព​របស់​លោក​ Bill Gates ​ដោយ​​មិន​គិត​កម្រៃ​នោះ​ទេ ប៉ុន្តែ​​គាត់​ទទួល​បាន​កម្រៃ​ស្តង់ដារ​មួយ​ដែល​ក្រុមហ៊ុន​បាន​កំណត់ ពោល​ត្រឹម​តែ​ ៤៥ ដុល្លារ​ប៉ុណ្ណោះ។

នេះ​ជា​ការ​បង្ហាញ​ពី​ជោគ​វាសនា​ពីរ​ផ្សេង​គ្នា​នៃ​រូបភាព​​ពីរ​សន្លឹក។ ​រូបភាព​មួយ​ជួយ​ឲ្យ​ម្ចាស់​រូបភាព​ទទួល​បាន​កម្រៃ​ជា​ច្រើន​ ​និង​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​​រន្ទឺ​ទៀត​ផង។ ឯ​រូបភាព​មួយ​សន្លឹក​ទៀត​​ត្រឹម​តែ​​​ឲ្យ​ម្ចាស់​រូបភាព​ទទួល​បាន​បាយ​មួយ​ពេល​​ប៉ុណ្ណោះ៕​​​​​​​​​​​​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម