មកមើល​ការផលិត​ឥដ្ឋការ៉ូខ្មែរ ប្រវត្តិប្រមាណជា ១០០ឆ្នាំ នៅ​ខេត្តសៀមរាប

  • 2017-12-30 08:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥដ្ឋការ៉ូខ្មែរ ដែលស្ទើរតែ​បាត់​បង់ ឥឡូវ​កំពុង​ពេញ​និយម​​ ឬ​មានទីផ្សារខ្ពស់​ នៅតាម​ហាងបរទេស ផ្ទះសំណាក់ សណ្ឋាគារ​ នៅ​ខេត្តសៀមរាប ព្រោះ​តែ​មនុស្សភាគច្រើន​បាន​ចាប់​អារម្មណ៍​រចនាបថ​បែបបុរាណ​ទៅវិញ។ ដូច្នេះថ្ងៃ​នេះ ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​វគ្គ​២ នឹង​បង្ហាញ​រូបភាពខ្លះៗ នៃ​ការ​ផលិត​ឥដ្ឋការ៉ូ ដែល​កំពុង​ល្បីល្បាញ​មួយ​កន្លែង​ នៅ​ខេត្ត​សៀមរាប។

សូមទស្សនារូបភាព​ខាងក្រោម​នេះ៖

១- លោក ចាន់ សេងគង់ អាយុ​២៦​ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ការ៉ូ​ខ្មែរ នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​។ ឥដ្ឋ​ការ៉ូ​ខ្មែរ​មាន​វត្តមាន​នៅ​កម្ពុជា​តាំង​ពី​សម័យ​អាណា​និគម​និយម​បារាំង​មក​ម្ល៉េះ​។ នៅ​ក្នុង​ដៃ​លោក ចាន់ សេងគង់ ខាង​ស្ដាំ​គឺ​ឥដ្ឋ​ការ៉ូ​ខ្មែរ​ដែល​ទើប​ផលិត​ថ្មី និង​ខាង​ឆ្វេង​ជា​ឥដ្ឋ​ការ៉ូ​ខ្មែរ​ដ៏​ចំណាស់ មាន​អាយុ​កាល​ប្រមាណជា ១០០​ឆ្នាំ​ឯ​ណោះ​។

២- កម្មករ​នៅ​ក្នុង​សិប្បកម្ម​របស់​លោក ចាន់ សេងគង់ កំពុង​ចាក់​ទឹក​ថ្នាំ​ពណ៌​ចូល​ទៅ​ក្នុង​ពុម្ព​ឥដ្ឋ​ការ៉ូ​។ រូបមន្ត​លាយ​ទឹក​ថ្នាំ​ពណ៌​នេះ ត្រូវ​បាន​រក្សា​ទុក​ជា​សម្ងាត់​។

​៣- បន្ទាប់​ពី​ចាក់​ទឹក​ថ្នាំ​ពណ៌​ទៅ​ក្នុង​ពុម្ព​ហើយ កម្មករ​រោយ​ម្សៅ​ស៊ីម៉ង់​ទៅ​ក្នុង​ពុម្ព​ឥដ្ឋ​ការ៉ូ​មួយជាន់ទៀត រួចទើបសង្កត់ឱ្យហាប់ណែន។ របៀប​ផលិត​ឥដ្ឋ​ការ៉ូ​ដោយដៃ​នេះ ត្រូវ​បាន​លោក ចាន់ សេងគង់ រក្សា​ឲ្យ​នៅ​ដដែល តាំង​ពី​ពេលសិប្បកម្ម​របស់​លោក​ចាប់​កំណើត​នៅ​ឆ្នាំ​១៩៩២ ដែល​កាល​ណោះ ឪពុក​លោក​គឺ​ជា​ស្ថាបនិក​។

៤- កម្មករ​កំពុង​តែ​រៀប​ឥដ្ឋ​ការ៉ូ​ដែល​ផលិត​បាន​ជា​ជួរ នៅ​ក្នុង​រោង​សិប្បកម្ម​របស់​លោក ចាន់ សេងគង់​។ គេ​ត្រូវ​កាន់​​ឥដ្ឋ​ការ៉ូ​ដែល​ទើប​ផលិត​បាន​ភ្លាម​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​នៅ​ពេល​ដែល​មិន​ទាន់​រឹង​ស្រួលបួល ឥដ្ឋ​ការ៉ូ​នេះ​ងាយ​នឹង​បែក​បាក់​ណាស់​។

៥- ជាង​កំបោរ​កំពុង​រៀប​ឥដ្ឋ​ការ៉ូ នៅ​ក្នុង​សណ្ឋាគារ​សង់​ថ្មី​មួយ​ក្នុង​ក្រុង​សៀមរាប​។ គេ​ចូល​ចិត្ត​ប្រើ​ឥដ្ឋ​ការ៉ូ​នេះ ព្រោះ​វា​រឹង​មាំ​ល្អ កាន់​ប្រើ​ជូត កាន់​តែ​រលោង កាន់​ភ្លឺ​ស្អាត និង​ស្ថិតស្ថេរ​បាន​យូរ​៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី