បាត់មុខ៤ឆ្នាំ ស៊ឹម ថៃណា ហក់ចូលទីផ្សារចម្រៀងវិញទាំងគ្មានភ័យព្រួយ
- 2017-12-26 04:12:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខ៤ឆ្នាំ ស៊ឹម ថៃណា ហក់ចូលទីផ្សារចម្រៀងវិញទាំងគ្មានភ័យព្រួយ
ចន្លោះមិនឃើញ
តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា ស៊ឹម ថៃណា នៅតែគិតថា ទីផ្សារចម្រៀងរបស់នាងគ្មានអ្វីប្រែប្រួលឡើយ បើទោះបីជាផ្អាកច្រៀងរយៈពេល ៤ឆ្នាំពីផលិតកម្មនេះ និងទើបប្រលូកចូលជាថ្មីឡើងវិញក្ដី។
កញ្ញា បាននិយាយថា ទីផ្សារចម្រៀងរបស់ខ្លួន ៤ឆ្នាំយ៉ាងណា បច្ចុប្បន្នក៏ដូចគ្នាដែរ គ្មានអ្វីប្រែប្រួលឡើយ។ យ៉ាងណាក៏ដោយកញ្ញាទទួលស្គាល់ថា បច្ចុប្បន្នការផ្ដោតលើទីផ្សារចម្រៀង Original ពិតជាធ្វើឱ្យកញ្ញាពិបាកបន្តិច ដើម្បីប្រកួតប្រជែងនឹងតារាចម្រៀងក្មេងៗជំនាន់ក្រោយ។
កញ្ញា ស៊ឹម ថៃណា យល់ថា ការងាកមកផលិតចម្រៀងដែលជាការនិពន្ធថ្មីសុទ្ធសាធ មិនចម្លងពីអ្នកដទៃ ពិតជាទទួលការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ។ ប្រការដូច្នេះហើយទើបកញ្ញា ផ្ដើមពង្រឹងទីផ្សារចម្រៀង និងការនិពន្ធចម្រៀងថ្មីឲ្យកាន់តែខ្លាំង។
បើទោះជាត្រូវប្រឹងប្រែងខ្លាំងលើទីផ្សារចម្រៀងថ្មី មិនចម្លងពីអ្នកដទៃ តារាចម្រៀងប្រចាំផលិតកម្ម M រូបនេះនៅតែបន្ត Cover ស្នាដៃពីអ្នកដទៃ និងប្រទេសជិតខាងដដែល។ ទាំងនេះដោយសារកញ្ញាយល់ថា ផលិតកម្មមិនអាចធ្វើទាន់ទីផ្សារឡើយ ប្រសិនផ្ដោតលើការនិពន្ធថ្មីសុទ្ធសាធ ព្រោះតែមានតារាចច្រៀងច្រើនក្នុងផលិតកម្ម។
កញ្ញា ស៊ឹម ថៃណា យល់ថា ការបោះជំហានចូលសិល្បៈជាថ្មីមួយរយៈនេះ ទីផ្សារចម្រៀងរបស់នាងហាក់ងើបឡើងវិញ បើទោះជាស្ថិតក្នុងកម្រិតមួយមិនទាន់ស្ទុះខ្លាំងក៏ដោយ។
តាមរយៈការជួយជ្រោមជ្រែងពីម្ចាស់ផលិតកម្ម M កញ្ញាជឿជាក់ថា ទីផ្សារចម្រៀងរបស់ខ្លួន អាចនឹងវិលរកភាពល្បីឡើងវិញនាពេលឆាប់ៗខាងមុខ។ កញ្ញា ស៊ឹម ថៃណា បញ្ជាក់ថា មួយរយៈខ្លីដែលកញ្ញាប្រលូកសិល្បៈឡើងវិញ បទចម្រៀង”ខ្វល់ពីខ្ញុំផងទាន់ខ្ញុំនៅក្បែរ” កំពុងទទួលការគាំទ្រពីទស្សនិកជន៕