ទូរសព្ទ Trump T1 កំពុងដាក់ឲ្យ Pre-Order ក្នុងតម្លៃ 499$

  • 2025-06-19 04:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនប្រុសច្បងរបស់ប្រធានាធិបតី Donald Trump លោក Donald Trump Jr. បានប្រកាសជាផ្លូវការ លើការបើកក្រុមហ៊ុនថ្មីឈ្មោះ Trump Mobile ជាបុត្រសម្ព័ន្ធរបស់ Trump Organization ដើម្បីវាយលុកទីផ្សារផ្នែកទូរសព្ទ គឺជាទូរសព្ទដែលផលិតនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ ក្រោមពាក្យស្លោកដ៏ពេញនិយម Make America Great Again។

ទូរសព្ទដំបូងរបស់ក្រុមហ៊ុន Trump Mobile មានឈ្មោះថា Trump T1 ចាប់ផ្ដើមដាក់អោយ Pre-order ហើយនៅលើគេហទំព័រ Trumpmobile.com នឹងគ្រោងដាក់លក់ផ្លូវការ នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ទំនងជាចង់ប្រជែងការលក់ជាមួយ iPhone ឬបង្ហាញជាគម្រូដល់ Apple សម្រាប់ទាញផលិតកម្ម iPhone មកផលិតក្នុងសហរដ្ឋអាមេរិកវិញ ស្របពេលសង្គ្រាមពាណិជ្ជកម្មកំពុងតានតឹង ក្នុងរដ្ឋបាលដឹកនាំរបស់ Donald Trump។

នៅលើគេហទំព័រ Trump Mobile បានបង្ហាញថា ទូរសព្ទ Trump T1 មានតម្លៃ 499$ ហាក់ដូចជា Copy ការរចនាច្រើនពី iPhone ប៉ុន្តែបានដាក់ពណ៌មាស មានភ្ជាប់មកជាមួយអេក្រង់ AMOLED 6.8 អ៊ីង កម្រិតល្បឿន 120Hz អាចស្កេនម្រាមដៃលើអេក្រង់ និងស្កេនមុខ រ៉េម 12GB អង្គផ្ទុកទិន្នន័យ 256GB អាចបន្ថែម MicroSD បាន ដំណើរការដោយ Android 15 មានថ្ម 5000mAh រន្ធសាកថ្ម 20W និងរន្ធដោតកាស 3.5mm។ ផ្នែកកាមេរ៉ាវិញ គេដាក់កាមេរ៉ាគោល 50MP កាមេរ៉ាម៉ាក្រូ 2MP កាមេរ៉ា Depth sensor 2MP និងកាមេរ៉ា Selfie ទំហំ 16MP។

ទោះបីជា Trump T1 ត្រូវបានផលិតក្នុងសហរដ្ឋអាមេរិក ក៏ដោយ ប៉ុន្តែសម្រាប់គ្រឿងបង្គុំខ្លះ ក៏ត្រូវនាំចូលពីបរទេសដូចជាប្រទេសចិនជាដើម។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី Wired លោក Eric Trump បានបញ្ចាក់ថា Trump Mobile នឹងផលិតនៅក្នុងសហរដ្ឋអាមេរិក ដែលមានគ្រឿងបង្គុំក្នុងស្រុក 100% នាពេលអនាគត ប៉ុន្តែបច្ចុប្បន្ន មិនទាន់អាចដំណើរការផលិតកម្មទាំងស្រុងនៅឡើយទេ។

ទន្ទឹមនឹងការចេញលក់ទូរសព្ទដំបូងរបស់ខ្លួន Trump Mobile ក៏បានភ្ជាប់មកនូវកញ្ចប់សេវា eSIM ក្នុងតម្លៃ 47.45$ ក្នុងមួយខែ ដែលគេអាចប្រើប្រាស់ខលចេញចូល ផ្ញើរសារ និងអ៊ីនធើណែតគ្មានដែនកំណត់៕

អត្ថបទ៖ ភារម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី