តម្លៃ iPhone 18 Pro អាចនឹងមិនកើនឡើងថ្លៃជាង iPhone 17 Pro នោះទេ បើទោះបីជាថ្លៃដើមផលិតមានការកើនឡើងក៏ដោយ
- 2026-02-24 09:48:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃ iPhone 18 Pro អាចនឹងមិនកើនឡើងថ្លៃជាង iPhone 17 Pro នោះទេ បើទោះបីជាថ្លៃដើមផលិតមានការកើនឡើងក៏ដោយ
ចន្លោះមិនឃើញ
យោងតាមការព្យាករណ៍របស់អ្នកវិភាគផ្នែកឧស្សាហកម្មបច្ចេកវិទ្យា ក្រុមហ៊ុន Apple កំពុងមានគោលដៅរក្សាតម្លៃលក់ចេញដំបូងរបស់ iPhone 18 Pro ឱ្យនៅទ្រឹងកម្រិតដដែលដូចទៅនឹង iPhone 17 Pro ដែរ បើទោះបីជាតម្លៃគ្រឿងបង្គុំសំខាន់ៗត្រូវបានគេរំពឹងថានឹងឡើងថ្លៃក៏ដោយ។
យោងតាមរបាយការណ៍ពីគេហទំព័របច្ចេកវិទ្យា MacRumors ដោយដកស្រង់សម្តីលោក Jeff Pu អ្នកវិភាគសមធម៌នៅក្រុមហ៊ុន GF Securities បានឱ្យដឹងថា ការស្រាវជ្រាវខ្សែសង្វាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះបង្ហាញថា Apple កំពុងផ្តល់អាទិភាពលើការគ្រប់គ្រងចំណាយ ដើម្បីរក្សាតម្លៃចាប់ផ្តើមរបស់ iPhone 18 Pro និង 18 Pro Max ឱ្យ "នៅដដែល" ឬស្ថិតក្នុង "កម្រិតប្រហាក់ប្រហែល" ទៅនឹងម៉ូដែល iPhone 17 Pro។
នៅក្នុងទីផ្សារសហរដ្ឋអាមេរិក iPhone 17 Pro មានតម្លៃចាប់ផ្តើមពី ១,០៩៩ ដុល្លារ និង iPhone 17 Pro Max ចាប់ផ្តើមពី ១,១៩៩ ដុល្លារ។
កន្លងមក មានរបាយការណ៍ថាគ្រឿងបង្គុំសំខាន់ៗមួយចំនួននឹងមានតម្លៃថ្លៃជាងមុន ដែលអាចបង្ខំឱ្យ Apple ត្រូវតម្លើងថ្លៃលក់។ ក្នុងនោះ បន្ទះឈីប A20 Pro ដែលរំពឹងថានឹងប្រើប្រាស់បច្ចេកវិទ្យាខ្នាត ២ ណាណូម៉ែត្រ (2nm) របស់ក្រុមហ៊ុន TSMC នឹងមានតម្លៃខ្ពស់ ដោយសារតម្រូវការផលិតកម្មខ្ពស់។ បន្ថែមពីនេះ តម្រូវការផ្នែកបញ្ញាសិប្បនិម្មិត (AI) ក៏កំពុងធ្វើឱ្យតម្លៃអង្គចងចាំ DRAM និងទំហំផ្ទុកទិន្នន័យ (Storage) កើនឡើងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក Jeff Pu បានបញ្ជាក់ថា Apple បាននឹងកំពុងចរចាជាមួយក្រុមហ៊ុន Samsung និង SK Hynix ដើម្បីទទួលបានកិច្ចព្រមព្រៀងតម្លៃបន្ទះឈីបអង្គចងចាំដែលមានភាពអនុគ្រោះជាងមុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងស្វែងរកវិធីកាត់បន្ថយចំណាយលើសមាសភាគស្នូលផ្សេងទៀត ដូចជាអេក្រង់ និងកាមេរ៉ាជាដើម។
ស្របពេលជាមួយគ្នានេះ លោក Ming-Chi Kuo ដែលជាអ្នកវិភាគល្បីឈ្មោះម្នាក់ទៀត ក៏មានទស្សនៈប្រហាក់ប្រហែលគ្នាដែរ ដោយលោកយល់ថា Apple អាចនឹងសុខចិត្តទទួលយកប្រាក់ចំណេញតិចជាងមុនលើការលក់ទូរស័ព្ទ iPhone ជាជាងការដាក់បន្ទុកថ្លៃដើមទៅលើអ្នកប្រើប្រាស់ ប្រសិនបើការធ្វើបែបនេះជួយឱ្យក្រុមហ៊ុនអាចពង្រីកចំណែកទីផ្សារបានកាន់តែធំ។ លោកបានបន្ថែមថា សម្ពាធលើប្រាក់ចំណេញនេះ អាចនឹងត្រូវបានប៉ះប៉ូវមកវិញតាមរយៈការចំណាយរបស់អ្នកប្រើប្រាស់លើសេវាកម្មកម្មវិធី (Subscriptions) របស់ Apple។
គួរបញ្ជាក់ផងដែរថា ត្រកូល iPhone 18 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញា ខាងមុខនេះ៕