ប្រវត្តិតស៊ូក្នុងសិល្បៈរបាំបុរាណខ្មែរ របស់ព្រឹទ្ធាចារ្យ​ ស៊ិន សាម៉ាដឹកឆូ

  • 2017-12-27 02:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏​ក្ដុក​ក្តួល​នៃការបាត់បង់ធនធានមនុស្សដែលមានទេពកោសល្យរបស់កម្ពុជា ព្រឹទ្ធាចារ្យ​សិល្បៈ ស៊ិន សាម៉ាដឹកឆូ  នាព្រឹកថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០១៧ នេះ ​ដោយ​ជរាពាធ​ ក្នុង​ជន្មាយុ ៧៨ឆ្នាំ​ ពិតជាធ្វើឱ្យមិត្តសិល្បករ សិស្សានុសិស្សដែលធ្លាប់ទទួលបានការបណ្តុះបណ្តាល សោកស្តាយជាខ្លាំង។ តែប្រិយមិត្តអាចនឹងមិនធ្លាប់ដឹងប្រវត្តិដ៏កម្រត់ និងខ្សែជីវិតតស៊ូរបស់អ្នកគ្រូ ស៊ិន សាម៉ាដឹកឆូ ដែលប្រសិទ្ធនាមជាគ្រូធំ នៃសាលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA។

រូបអ្នកគ្រូ​ សាម៉ាដឹកឆូ កាលនៅមានព្រះជន្ម

ដោយ​មាន​ឈាម​ជ័រ​ពី​ម្ដាយ​ជា​អ្នក​របាំ​ព្រះ​រាជទ្រព្យ អ្នក​គ្រូ​ សាម៉ាដឹកឆូ ចាប់ផ្តើម​រៀន​របាំ និង​រៀន​ច្រៀង​តាំង​តែ​ពី​កុមារភាព​មក​ម៉្លេះ ហើយ​គាត់​រស់​នៅ​តែ​ជាមួយ​របាំ​រហូត​មក។ អ្នក​គ្រូ ឆូ កាលនៅមានព្រះជន្ម បាន​ប្រាប់​ពី​ដំណើរ​ជីវិត​លើ​វិថី​សិល្បៈ​បុរាណ​ថា​៖ «មាន​ស្នាដៃ​ជាច្រើនដែលខ្ញុំបានបន្សល់ទុកសម្រាប់ក្មេងជំនន់ក្រោយ ដូចជាការបង្រៀនរបាំ ការបង្កើតក្បាច់រាំរបាំបែបថ្មីជាដើម»។ លើសពីនោះ អ្នក​គ្រូ​បាន​បង្កើត​ក្បាច់​មួយ​ឈ្មោះ​ថា «របាំ​ឆ្មា» ជា​ក្បាច់​ប្លែក​ពិសេស​មួយ​របស់​អ្នក​គ្រូ។

របាំ​ឆ្មា​គឺជា​ប្រភេទ​របាំ​ដែល​មាន​សាច់​រឿង និង​ចម្រៀង​អម​ជាមួយ​ដែល​និយាយ​ពី​សត្វ​ឆ្មា​មួយ​ក្បាល​ដឹង​គុណ​ម្ចាស់ ហើយ​ក៏​ជូន​ពរ​ដល់​ម្ចាស់​ខ្លួន​ដែល​បាន​ចិញ្ចឹម​ថែរក្សា​ និង​ការ​ស្លៀក​ពាក់​ ព្រម​ទាំង​កាយវិការ​រាំ​នៃ​របាំ​នេះ​ដូច​ទៅ​នឹង​សត្វ​ឆ្មា​។

រូបអ្នកគ្រូ​ សាម៉ាដឹកឆូ កាលនៅមានព្រះជន្ម បង្ហាត់របាំ

ក្នុងវ័យ ១៣​ឆ្នាំ អ្នក​គ្រូ​ក៏​ចាប់​ផ្តើម​ឡើង​សម្តែង​របាំ​ថ្វាយ​ព្រះ​មហាក្សត្រ ក៏​ដូច​មន្ត្រី​ជាន់​ខ្ពស់​ក្នុងកម្មវិធី​ធំៗ​នៅព្រះ​បរម​រាជវាំង ហើយ​ក៏​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ទ្រង់​សព្វ​ព្រះទ័យ​រហូត​មក និង​តែង​នាំ​ក្រុម​របាំ​របស់​អ្នក​គ្រូ ក៏​ដូចជា​តន្ត្រីករ និង​សិល្បករ​ល្បីៗ​ដែល​មាន​លោក ស៊ីន ស៊ីសាមុត ជាដើម​ហែហម​ដំណើរ និង​សម្តែង​ថ្វាយ ក៏​ដូចជា​ផ្សាយ​ពី​វប្បធម៌​ខ្មែរ​ម្តង ១០ ប្រទេស​ក្នុង​អាស៊ី​ និង​អឺរ៉ុប ជាច្រើន​ដង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​អង្គ​។

ក្រៅពីរបាំអ្នក​គ្រូ​ធ្លាប់​ជា​ដៃគូ​ចម្រៀង​មហោរី និង​ល្ខោន​ហ្លួង ឬ​របាំ​បុរាណ ឬ​របាំ​ព្រះ​រាជទ្រព្យ ដែល​មាន​ប្រគំ​តែ​នៅ​ព្រះ​បរម​រាជវាំង​តែ​ប៉ុណ្ណោះ​ក្នុង​សម័យ​សង្គមរាស្ត្រ​និយម​ជាមួយ​លោក ស៊ីន ស៊ីសាមុត តារាចម្រៀងសំឡេងមាស ដែលបន្សល់ទុកស្នាដៃរាប់មិនអស់មកដល់បច្ចុប្បន្ន។ ពេលនោះអ្នកគ្រូមានអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន ដែលជាការចងចាំដ៏ល្អក្នុងមួយឆាកជីវិតរបស់អ្នកគ្រូឆូ ដែលបានក្លាយជាដៃគូចម្រៀងជាមួយលោក ស៊ីន ស៊ីសាមុត។

រូបអ្នកគ្រូ​ សាម៉ាដឹកឆូ កាលនៅមានព្រះជន្ម

កាលពីកុមារភាព អ្នក​គ្រូ ឆូ ចូលចិត្ត​ទៅ​រៀន​អក្សរ តែ​ម្តាយរបស់អ្នកគ្រូដែលមានការប្រកាន់តឹងរឹងនូវច្បាប់ស្រី ​មិនអនុញ្ញាតឡើយ តែអ្នកគ្រូឆូនៅតែលួចទៅរៀន រហូតអ្នកម្តាយបានដឹងក៏បាន​វាយប្រដៅ ហើយ​កោរ​សក់​អ្នកគ្រូឆូមួយ​ចំហៀង​ក្បាល​ ដើម្បីឱ្យ​ខ្មាស​គេ​ឈប់​ទៅ​រៀន។

ដោយ​សំណាង​ល្អ​ដែល​បាន​ព្រះ​ករុណាព្រះបាទសីហនុព្រះបរមរតនកោដ ​ទ្រង់​មាន​ព្រះទ័យ​ករុណា ទ្រង់​ក៏​ជួល​គ្រូ​មក​បង្រៀន​អក្សរខ្មែរដល់​អ្នកគ្រូឆូដល់ក្នុងព្រះ​រាជវាំង។ អ្នក​គ្រូ​មិន​ត្រឹម​តែ​បាន​រៀន​អក្សរ​សាស្រ្តប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​បាន​រៀន​នូវ​ចំណេះវិជ្ជា​ជាច្រើន​ទៀត ដូចជា​គុន​ដំបង តេក្វាន់ដូ យូដូ ការ៉ាតេដូ និង​មាន​ទេព​កោសល្យ​ក្នុង​ការ​ដាំ​ស្ល​ព្រះ​ស្ងោយ​ថ្វាយ​ព្រះ​មហាក្សត្រ​ដោយ​ផ្ទាល់​ទៀត​ផង។

រូបអ្នកគ្រូ​ សាម៉ាដឹកឆូ កាលនៅមានព្រះជន្ម

កាលអ្នក​គ្រូមានជីវិត អ្នកគ្រូតែង​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក​ចង់​រៀន​របាំ​បុរាណ​ថា​ ការរៀន​របាំ​ខ្មែរ ត្រូវ​តែ​មាន​ការ​អត់ធ្មត់ និង​ចេះផ្សំនឹងទេព​កោសល្យដែលមានស្រាប់ និងចិត្តស្រលាញ់ដោយពិតប្រាកដ ហើយ​ការ​ច្រៀង​ចម្រៀង​របាំ​ក៏​ត្រូវ​តែ​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ និងត្រូវការ​សំឡេង​ល្អ​ជាមួយនឹងការហ្វឹកហាត់ជាប្រចាំ។ អ្នក​គ្រូឆូ ធ្លាប់បាន​លើក​ឡើង​ថា ទោះ​បី​ជា​នៅ​ក្នុង​របាំ​ធម្មតា ដូច​ជា រាំវង់ ឬ​រាំ​ក្បាច់​យ៉ាង​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​ដែរ ទើប​បង្ហាញ​ពី​កិត្តិយស​របស់​ជាតិ។

មុនពេលលាចាកលោក សិល្បករបុរាណ ស៊ិន សាម៉ាដឹកឆូ តែងសង្ឃឹមថា សិល្បៈ​របាំ​ខ្មែរនឹងនៅតែមានអ្នកថែរក្សាបន្តឱ្យ​បាន​យូរ​ទៀត​ ហើយមាន​តែ​ក្មេងជំនាន់​ក្រោយ​ប៉ុណ្ណោះ​ដែល​ជា​ទីពឹង។ អ្នកគ្រូ ឆូ រំលឹកថា៖ «បើ​មិន​ខំ​នាំ​គ្នា​ថែរក្សា​ទេ ថ្ងៃ​ក្រោយ​ច្បាស់​ជា​បាត់បង់ ហើយ​ជាតិ​ដទៃ​ច្បាស់​ជា​មាន​ឱកាស​បំភ្លៃ​ថា របាំ​ខ្មែរ​ជា​របស់​គេ​មិន​ខាន»។

រូបអ្នកគ្រូ​ សាម៉ាដឹកឆូ ទទួលមរណៈភាព

ចុចអាន

-នាដការី​របាំជើងចាស់ ស៊ិន សាម៉ាដឹកឆូ ទទួល​មរណភាព​

អត្ថបទ៖ Sunny

អត្ថបទពេញនិយម