ត្រឡប់​មក​វិញ​លើក​នេះ មិន​ដូច​មុន កែវ ស្រីនាង សិចស៊ី​កប់​តែ​ម្ដង

  • 2017-12-27 03:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ កែវ ស្រីនាង ដែល​បាន​ដក​ខ្លួន​ទៅ​ធ្វើ​ជំនួញ ក្រោយ​បាន​ស្វាមី​ជា​ជនជាតិ​បរទេស​នោះ យូរ​ៗ​ម្ដង​គេ​ឃើញ​ត្រឡប់​មក​ការ​សម្ដែង​ភាពយន្ត​វិញ។ ជាក់​ស្ដែង​នាង ពេល​នេះ នាង​បាន​ត្រឡប់​មក​ទៀត ដោយ​បាន​ប្ដូរ​ស្ទីល​សម្ដែង​ប្លែក សិចស៊ី​កប់​តែ​ម្ដង។

​​តារា​ស្រី​រូប​នេះ ធ្លាប់​ប្រាប់​ថា បើ​ទោះ​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​ហើយ​ក្ដី ប៉ុន្តែ​នាង​មិន​បោះបង់​អាជីព​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​ថ្កុំថ្កើង​នេះ​ទេ គឺ​ហោច​ណាស់​១​ឆ្នាំ នាង​នឹង​វិល​មក​ការ​សម្ដែង​ភាពយន្ត​ម្ដង។ យ៉ាង​ណា​ក៏​ដោយ ការ​វិល​ត្រឡប់​វិញ​នៅ​ចុង​ឆ្នាំ ២០១៧ នេះ ការងារ​ដំបូង​របស់​នាង មិន​មែន​ជា​ការ​សម្ដែង​ភាពយន្ត​ទេ គឺ​សម្ដែង​ក្នុង​បទ​ចម្រៀង​ទៅ​វិញ ជាមួយ​លោក អេនឌី ដែល​កំពុង​មមាញឹក​ក្នុង​ការ​គាស់​កកាយ​បទ​ចម្រៀង​ជំនាន់​ដើម​យក​ច្រៀង​ឡើង​វិញ(​Cover)។

ខុស​ពី​ការ​សម្ដែង​មុន​ៗ ដែល​ច្រើន​សម្ដែង​តួ​អង្គ​ស្លូត​បូត​ស្រគត់ស្រគំ លើក​នេះ ស្រី​នាង សិចស៊ី​កប់​តែ​ម្ដង។ លោក អេនឌី ដែល​ជា​អ្នក​អូស​ទាញ ស្រី​នាង មក​កាន់​ការ​សម្ដែង​មួយ​នេះ អះអាង​ថា លោក​ចង់​ប្ដូរ​រសជាតិ។ "ដូច​តែ អាតី អាលីដា អីចឹង គឺ​ខ្ញុំ​ចង់​អោយ​បង​ប្អូន​យើង​បាន​ឃើញ​អ្វី​ដែល​ថ្មី​ពី​ការ​សម្ដែង​របស់​គាត់ ពី​មុន​សម្ដែង​ស្លូត​ៗ គឺ​ស្រី​នាង គាត់​សម្ដែង​គ្រប់​រឿង​ហើយ ឥឡូវ​សាក​រសជាតិ​ការ​សម្ដែង​ថ្មី​របស់​គាត់​ម្ដង​ទៅ​មើល៍ យ៉ាង​ម៉េច​វិញ!"។

ស្រី​នាង ទទួល​សម្ដែង​បទ​ចម្រៀង​២​បទ​ជាមួយ អេនឌី បទ​ទី​១​ជា​ប្រភេទ Original Song មាន​ចំណង​ជើង​ថា "មនុស្ស​សំខាន់​សម្រាប់​ថ្ងៃ​ថ្មី" និង​បទ​ទី២ "វិល​វិញ​អូន" សំនៀង​ដើម​លោក ស៊ីន ស៊ីសាមុត ដែល​លោក​យក​មក​ច្រៀង​តាម​ឡើង​វិញ។ វីដេអូ​ចម្រៀង​សម្ដែង​ដោយ កែវ ស្រីនាង ទាំង​ពីរ​បទ ត្រៀម​នឹង​ចេញ​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ។

បើ​ទោះ ខក​ខាន​សម្ដែង​យូរ ប៉ុន្តែ អេនឌី អះអាង​ថា កែវ ស្រី​នាង នៅ​តែ​សម្ដែង​បាន​ឥត​ខ្ចោះ​សម​ជា​តារា​សម្ដែង​ឆ្នើម​ម្នាក់។ លើស​ពី​នេះ នាង​ក៏​រក្សា​រូប​សម្ផស្ស​បាន​ស្រស់​ស្អាត​ដដែល​ទៀត​ផង។ តារា​ប្រុស​សំណាង​រូប​នេះ បង្ហើប​ថា ក្រៅ​ថត​បទ​ចម្រៀង​ឲ្យ​លោក ស្រី​នាង គ្រោង​នឹង​ថត​ភាពយន្ត​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ដែរ ក្នុង​ពេល​ឆាប់​ៗ​នេះ៕

នាយ កុយ ចាប់​ផ្ដើម​អស់​សង្ឃឹម

រូបភាព​ផ្ដល់​ដោយ អេនឌី

អត្ថបទ៖ ទារិកា

អត្ថបទថ្មី