មក​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ IMAX និង​រោង​កុន​ធម្មតា

  • 2017-12-28 07:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​រោង​កុន​បែប​ IMAX និង​រោង​កុន​ធម្មតា​គឺ​ខុសគ្នា​ខ្លាំង​ បើ​ប្រៀប​ធៀប​ពី​ទំហំ​អេក្រង់ IMAX មាន​ទំហំ​អេក្រង់​ធំ​ជាង​ រោង​កុន​ធម្មតា​ដល់​ទៅ ៦​ដង។ ដោយ​សារ​តែ​មាន​ការ​រីក​ចម្រើន​ខាង​វិស័យ​​កម្សាន្ត​ព្រម​ទាំង​​មាន​ប្រភេទ​រោង​កុន​ជា​ច្រើន​ប្រភេទ​បាន​បើក​ថ្មី​ជា​បន្តបន្ទាប់​ផង​នោះ​ IMAX ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ពិត​ជា​មាន​​ប្រសិទ្ធភាព​និង​គុណភាព​ខ្ពស់​ក្នុង​ការ​បម្រើ​អារម្មណ៍​អ្នក​ចូល​ចិត្ត​ទស្សនា​ភាពយន្ត។​​​

រោង​កុន​ប្រភេទ IMAX

រោង​កុន​ IMAX គឺ​ជា​រោង​កុន​ដែល​ផ្ដល់​នូវ​រូបភាព​និង​សំឡេង​​ល្អ​ឥត​ខ្ចោះ​។ រោង​កុន​ប្រភេទ​នេះ​បាន​បង្ហាញ​ខ្លួន​តាំង​ពី​ឆ្នាំ ១៩៧១​មក​ម្ល៉េះ​ ប៉ុន្តែ​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​នៅ​អំឡុង​ទសវត្ស​ឆ្នាំ​២០០០។ ពី​មុន​មក​ រោង​កុន​ប្រភេទ​នេះ​ប្រើ​សម្រាប់​តែ​បញ្ចាំង​ភាពយន្ត​ឯកសារ​ធម្មជាតិ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​នេះ​មាន​ភាព​យន្ត​ជា​ច្រើន​អាច​ដាក់​បញ្ចាំង​នៅ​រោង​កុន​ប្រភេទ​នេះ។ ​ IMAX ជា​ប្រភេទ​រោង​កុន​ដែល​មាន​អេក្រង់​កោង​ និង​សំប៉ែត ដោយ​អាច​ឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​ថា​ខ្លួន​ដូច​ជា​នៅ​ខាង​ក្នុង​ភាពយន្ត​ដែល​កំពុង​បញ្ចាំង​នោះ​អីចឹង​ដែរ។ រោង​កុន​ទាំង​នេះ​ប្រើ​ប្រាស់​បច្ចេកវិទ្យា បញ្ចាំង​កុន​បែប​ថ្មី​ (Linear Polarization) និង​ប្រើ​ប្រាស​ប្រភេទ​កាមេរ៉ា​ជំនាន់​ថ្មី។​​ ចំណុច​ពិសេស​មួយ​របស់​រោង​កុន​ប្រភេទ​នេះ​គឺ អ្នក​ទស្សនា​អាច​សម្លឹង​មើល​ពី​គ្រប់​ទីកន្លែង​ពី​កន្លែង​អង្គុយ​ ដោយ​សារ​រូប​ភាព​​នៅ​លើ​កញ្ចក់​រោង​កុន​គឺ​ត្រូវ​គេ​ពង្រីក​យ៉ាង​ធំ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ IMAZ មាន​បច្ចេកវិទ្យា​សំឡេង​ពិសេស​ ដែល​អាច​បញ្ចេញ​សំឡេង​និយាយ​និង​ភ្លេង​បាន​យ៉ាង​ច្បាស់​មិន​ធម្មតា​។ បើ​គិត​ត្រឹម​ចុង​ឆ្នាំ ២០១៧ នេះ​រោង​កុន​ IMAX ដែល​កំពុង​ដាក់​ឲ្យ​បម្រើ​ការ​គឺ​មាន​ដល់​ទៅ​ជាង​១​ពាន់​រោង​កុន​ឯ​ណោះ​ និង​បើក​បម្រើ​ការ​នៅ ៧៥​ប្រទេស។

រោង​កុន​ប្រភេទ​ធម្មតា

ចំណែក​ឯ​រោង​កុន​ធម្មតា​វិញ​ គឺ​ជា​ប្រភេទ​រោង​កុន​បែប​បុរាណ​ដែល​គេ​បាន​ប្រើ​ប្រាស់​តាំង​ពី​ដើម​កំណើត​កុន​។ មក​ដល់​សព្វថ្ងៃ​នេះ​គេ​បាន​ផ្លាស់​ប្ដូរ​ខ្លះ​ៗ​ហើយ​ ដោយ​ប្រ​នូវ​បច្ចេកវិទ្យា​ថ្មី​ជា​ច្រើន​ដូច​ជា ផ្លាស់​ប្ដូរ​ប្រភេទ​កាមេរ៉ា​ បច្ចេកទេស​ថត​ និង​តិចនិក​ផ្សេងៗ​ទៀត​ជា​ច្រើន។ រោង​កុន​បែប​នេះ​គឺ​ពេញ​និយម​ចំពោះ​ការ​ដាក់​បញ្ចាំង​ភាពយន្ត​បែប​ 2D ដែល​ល្បី​ខ្លាំង​កាល​ពី​ខ្ទង់​ទសវត្ស​ទី ៨០ និង ៩០។ ចំពោះ​ឯ​គុណភាព​សម្រាប់​រោង​កុន​ប្រភេទ​នេះ​វិញ​គឺ​មាន​កម្រិត​បំផុត ដោយ​សារ​តែ​រោង​កុន​នេះ​មាន​នៅ​សឹង​តែ​គ្រប់​ទីក្រុង​ទូទាំង​ពិភពលោក​សូម្បី​តែ​នៅ​ប្រទេស​ក្រី​ក្រ​និង​កំពុង​អភិវឌ្ឍន៍។

ដូច្នេះ​ប្រសិន​ជា​យើង​ប្រៀប​ធៀប​ យើង​អាច​ដឹង​យ៉ាង​ច្បាស់​ថា​រោង​កុន IMAX គឺ​ពិត​ជា​មាន​គុណភាព​ល្អ​ជាង​រោង​កុន​ប្រភេទ​ធម្មតា​ខ្លាំង​។ រោងកុន IMAX ល្បី​ឈ្មោះ​ដោយ​សារ​តែ​គុណភាព​រូបភាព​និង​សំឡេង​ កញ្ចក់​អេក្រង់​វិញ​គឺ​លាត​សន្ធឹង​ពី​ជញ្ជាំង​ម្ខាង​ទៅ​ម្ខាង​​ទៀត​ មិន​ដូច​ជា​ប្រភេទ​រោង​កុន​ធម្មតា​ដែល​មាន​អេក្រង់​នៅ​ចំណុច​កណ្ដាល​នៃ​រោង​កុន។

ពន្លឺ​ភ្លើង​បញ្ចាំង​ចេញ​ពី​ IMAX គឺ​ច្បាស់​ខ្លាំង​ដោយ​ប្រើ​ប្រាស់​ថាមពល​ដល់​ទៅ ១៥​ ០០០​ សេណុង​វ៉ាត់​ ដែល​អាច​ឲ្យ​រូបភាព​ដែល​ត្រូវ​បញ្ចាំង​នោះ​គឺ​កាន់​តែ​ល្អ និង​ច្បាស់​ខ្លាំង​បើ​ប្រៀប​ធៀប​ទៅ​នឹង​រោង​កុន​ធម្មតា​​ ដែល​សមត្ថភាព​បញ្ចាំង​រូបភាព​ទាំង​នោះ​គឺ​មាន​កម្រិត។ រោងកុន​ IMAX ក៏​ធានា​នូវ​សុវត្ថិភាព​ចំពោះ​ការ​ប្រើ​ប្រាស់​បច្ចេកទេស​សំឡេង​​និង​ពន្លឺ​ដែល​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដល់​ត្រចៀក​និង​ភ្នែក​នោះ​ឡើយ។

សរុប​សេចក្ដី​មក​ នេះ​គឺ​ជា​ហេតុផល​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​រោង​កុន​ IMAX ល្អ​និង​មាន​គុណភាព​ជាង​រោង​កុន​ធម្មតា​ ជា​ហេតុ​ធ្វើ​ឲ្យ​រោងកុន​បែប​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​៕

ប្រភព៖ Difference Between   ប្រែ​សម្រួល៖ ធារ៉ូ