Rihanna ចង់ឲ្យបញ្ចប់ហិង្សាដោយប្រើកាំភ្លើង ក្រោយជួបហេតុការណ៍រន្ធត់ស្លាប់ប្អូនម្នាក់
- 2017-12-28 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rihanna ចង់ឲ្យបញ្ចប់ហិង្សាដោយប្រើកាំភ្លើង ក្រោយជួបហេតុការណ៍រន្ធត់ស្លាប់ប្អូនម្នាក់
ចន្លោះមិនឃើញ
រយៈពេលត្រឹមតែមួយថ្ងៃ ក្រោយចំណាយពេលបុណ្យគ្រិស្តម៉ាស ជាមួយបងប្អូនជីដូនមួយនាង Rihanna ត្រូវនិយាយពាក្យលាជាមួយសាច់ញាតិនាងម្នាក់នេះជារៀងរហូត។
កាលពីយប់ថ្ងៃអង្គារ ម្ចាស់បទ "Work" រូបនេះបានបង្ហោះរូបមួយសន្លឹកនៅលើគណនី Instagram របស់នាងដោយអមនឹងពាក្យពេចន៍រំលែកទុក្ខមួយចំនួនជូនចំពោះបងប្អូនជីដូនមួយរបស់នាងដែលត្រូវគេបាញ់សម្លាប់។
ខាងក្រោមរូបភាពដែលនាងបានបង្ហោះនោះដែរនាងបានសរសេរថា៖ "សូមឲ្យបានទៅកាន់សុគតិភព ប្អូនប្រុស មិនគួរឲ្យជឿថាយប់មិញដែលបងបានត្រកងឯងនៅក្នុងដៃ បងមិនដែលគិតថាវាជាពេលចុងក្រោយដែលបងទទួលភាពកក់ក្ដៅក្នុងខ្លួនឯងសោះ។ បងស្រលាញ់ឯងជានិច្ច។ #បញ្ឈប់អំពើហិង្សាដោយប្រើប្រាស់កាំភ្លើង"។
ក្នុងនោះដែរ តារាចម្រៀង Rihanna មិនបានបញ្ជាក់ថាប្អូនប្រុសជីដូនមួយរបស់នាងអាយុប៉ុន្មាននិងឈ្មោះអ្វីនោះទេ ប៉ុន្តែស្ថានីយព័ត៌មាន Nation News បានរាយការណ៍ថាជនរងគ្រោះកាលពីយប់ថ្ងៃអង្គារនោះមានឈ្មោះ Tavon Kaiseen Alleyne អាយុ ២១ឆ្នាំ។
តាមការតាមដានរបស់ប៉ូលិសបានឲ្យដឹងថាលោក Alleyneត្រូវបានបាញ់សម្លាប់នៅម៉ោង ៧យប់ ម៉ោងក្នុងតំបន់ ខណៈលោកបានដើរកាត់ឡានដឹកទំនិញមួយនៅជិតផ្ទះរបស់លោកនៅផ្លូវ Michael កោះ Barbados។ លោកត្រូវបានបុរសម្នាក់បាញ់ជាច្រើនគ្រាប់ ហើយឃាតកដៃឆៅរូបនោះក៏បានគេចខ្លួនភ្លាមៗដែរ ហើយប៉ូលិសកំពុងតែតាមរកជនសង្ស័យមកផ្ដន្ទាទោសផងដែរ៕