ប្រាក់ មុន្នីឧត្តម ៖ ​ខ្ញុំ​ចង់​ទៅ​លេង​នៅ​ថៃ... ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​អាច​ទៅ​បាន

  • 2017-12-29 02:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ​ប្រាក់ មុន្នីឧត្តម សារភាព​ថា​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ​លីគ​ប្រទេស​ថៃ ​ដោយសារ​តែ​មើល​ឃើញ​សមត្ថភាព​និង​កីឡាករ​នៅ​ក្នុង​លីគ​ប្រទេស​នេះ​រីក​ចម្រើន​ច្រើន ​អាច​​ឱ្យ​គេ​រៀន​សូត្រ​បន្ថែម។

កីឡាករ​ទើប​តែ​ជួយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​លើក​ពាន Hun Sen Cup ​រដូវ​កាល​នេះ ​បាន​និយាយ​ប្រាប់​ទៅ fourfourtwo ​ថា​ខ្លួន​ពិត​ជា​ចូល​ចិត្ត​លីគ​របស់​ថៃ ​ព្រោះ​កីឡាករ​ក្នុង​ក្លឹប​អាជីព​នៅ​ទី​នោះ​សុទ្ធ​តែ​មាន​សមត្ថភាព។ ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូប​នេះ ​ចង់​លេង​នៅ​ថៃ ​ដើម្បី​បាន​ទទួល​បទ​ពិសោធ​ថ្មី ​និង​បាន​ប្រឡូក​លេង​បាល់​នៅ​ក្រៅ​ស្រុក ​ដូច​កីឡាករ​កម្ពុជា​ដ​ទៃ​ទៀត​ដែរ។

យ៉ាងណាក្ដី​នេះ​ជា​ក្ដី​ស្រមៃ​របស់ ឧត្តម ​តាំង​ពី​តូច​មក​ដែរ ​ក្នុង​ការ​ចាកចេញ​ពី​កម្ពុជា​ទៅ​លេង​នៅ​ក្រៅ​ស្រុក​នេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ក៏​យល់​ឃើញ​ថា​ការ​ចាកចេញ​ទៅ​លេង​ក្រៅ​របស់​គេ ​នឹង​ល្អ​ទាំង​សាមី​ខ្លួន​និង​បាល់ទាត់​កម្ពុជា។ ​កីឡាករ​ទៅ​លេង​ក្រៅ​ស្រុក​នឹង​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​ក្នុង​ស្រុក ​ហើយ​គេ​ក៏​អាច​អភិវឌ្ឍ​សមត្ថភាព​បន្ថែម​ដើម្បី​ជួយ​ជម្រើស​ជាតិ​ដែរ។

មក​ដល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​ដំណឹង​ច្បាស់​ការ​ណា​មួយ​ថា ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ពាក់​អាវ​លេខ​៧​ខាង​លើ​ទៅ​ក្លឹប​ក្រៅ​ស្រុក​មួយ​ណា​នោះ​ទេ ​ត្បិត​អី​មាន​ក្រុម​ជា​ច្រើន​កំពុង​តែ​ទាក់ទង​រូបគេ ​និង​ចរចា​លក្ខខណ្ឌ​ជាមួយ៕

អត្ថបទ៖ មុន្នីរម្យ