ដាក់បញ្ចាំងភ្លាមរឿង ខាត់ វៃហាំង កក្រើកពេញប្រទេសថៃ និងឡាវ
- 2017-12-29 03:07:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់បញ្ចាំងភ្លាមរឿង ខាត់ វៃហាំង កក្រើកពេញប្រទេសថៃ និងឡាវ
ចន្លោះមិនឃើញ
ជារឿងមួយមោទនភាពខ្លាំងបំផុតភាពយន្តខ្នាតធំរឿង "អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" សម្ដែងដោយ ខាត់ វៃហាំង ជាមួយតារាសម្ដែងមកពី៤ ប្រទេសផ្សេងគ្នាមានកម្ពុជា ថៃ ឡាវ និង វៀតណាម បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយកាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រាន់តែរឿង "អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" សម្ពោធដាក់បញ្ចាំងនៅប្រទេសថៃ និងឡាវ ភ្លាមទទួលបានកោតសរសើរយ៉ាងខ្លាំងពីក្រសួងនៃប្រទេសទាំងពីរ ត្រង់វគ្គ និងឈុតឆាក ខាត់ វៃហាំង សម្ដែងជាមួយតារាថៃអ្នកនាង ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត នៅប្រទេសកម្ពុជា។
ចំណុចពិសេសធ្វើឲ្យក្រសួងនៃប្រទេសទាំងពីរចាប់អារម្មណ៍ឈុតឆាកសម្ដែងនៅកម្ពុជា ខាត់ វៃហាំង បានប្រាប់ Sabay ថា ដោយសារតែត្រង់វគ្គដែលខ្លួនសម្ដែងជាមួយ តារាថៃបង្ហាញពីវប្បធម៌ប្រពៃណីដ៏ស្រស់ផូរផង់របស់ខ្មែរ ក្នុងថ្ងៃបុណ្យចូលឆ្នាំ។ ក្រៅពីមានការស្ងើចសរសើរពីក្រសួងហើយនោះរឿង"អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" ក៏មានអ្នកចូលទស្សនាយ៉ាងច្រើនលើសលប់ផងដែរ។
ជាមួយអារម្មណ៍រំភើប និងមោទនភាពចំពោះខ្លួនឯងកំលោះសង្ហាមកពីខេត្តបន្ទាយមានជ័យរូបនេះបានរៀបរាប់ថា៖" រឿង "អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ"ជារឿងរបស់ប្រទេសថៃ ពិតមែនតែបានបង្ហាញអំពីវប្បធម៌ថ្ងៃមហាសង្ក្រាន្ត រវាងប្រទេសថៃ កម្ពុជា ឡាវ និងមានការចូលរួមសម្ដែងពីប្រទេសវៀតណាមផងដែរ។ អ្វីដែលពិសេសនោះរឿងនេះជាប្រភេទរឿង AEC (ASEAN Economic Community ) កម្រមានអ្នកធ្វើណាស់"។
ក្រោយពីដាក់បញ្ចាំងនៅប្រទេសថៃ និងឡាវ ចាប់ពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ នេះទៅ រឿង "អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" នឹងមកសម្ពោធដាក់បញ្ចាំងនៅកម្ពុជា និង វៀតណាម អំឡុងខែ កុម្ភៈ ឆ្នាំ ២០១៨ ៕