ជួប​ប្រធាន UFC មាន​ការ​រំពឹងថា​ Floyd Mayweather នឹង​លុក​ចូល​ក្នុង​ពិភព MMA វិញ​ម្ដង

  • 2017-12-29 11:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ មាន​ការ​រំពឹង​ទុក​ថា អ្នក​ប្រដាល់​ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ​ជាមួយ​ប្រវត្តិ​មិន​ដែល​ចាញ់​ គឺ Floyd Mayweather នោះ នឹង​ត្រូវ​វិល​មក​វិញ ហើយ​លូក​ដៃ​ចូល​កីឡា​ប្រយុទ្ធ​ប្រភេទ​មួយ​ផ្សេង​ទៀត ​ដណ្ដើម​យក​កិត្តិនាម​កីឡាករ Conor McGregor ក្នុង MMA។

ការ​រំពឹង​ទុក​ដូច្នេះ ដោយ​សារ​កន្លង​មក Conor McGregor បាន​ប្រថុយ​ខ្លួន​មក​សាក​កណ្ដាប់​ដៃ​ក្នុង​កីឡា​ប្រដាល់ ក្នុង​ពេល​ខ្លួន​ឯង​គឺ​ជា​កីឡាករ​ប្រដាល់​ក្នុង​ទ្រុង ដែល​ទី​បំផុត​ក៏​បាន​បរាជ័យ​ក្រោម​កណ្ដាប់​ដៃ Mayweather។ ដូច្នេះ​ហើយ ការ​រំពឹង​ទុក​នេះ គឺ​ចង់​ឃើញ អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក ចូល​ទៅ​ក្នុង​ទ្រុង MMA វិញ​ម្ដង តើ​លទ្ធផល​យ៉ាង​ណា។

ទោះ​យ៉ាង​នេះ​ក្ដី ចំពោះ​បញ្ហា​នេះ ប្រធាន UFC លោក Dana White លើក​ឡើង​ថា លោក​ពិត​ជា​បាន​ជួប​ពិភាក្សា​ជាមួយ​ភ្នាក់​របស់ Floyd ព្រោះ​លោក​ចង់​លុក​លុយ​ចូល​កីឡា​ប្រដាល់។ដោយ​ឡែក​ចំពោះ​ព័ត៌មាន​ពី​ការ​រំពឹង​ថា Mayweather នឹង​លុក​ចូល​ពិភព MMA នោះ បាន​ធ្វើ​ឲ្យ​លោក​ផ្ទុះ​សំណើច។

បើ​ទោះ Mayweather មាន​ប្រវត្តិ​ដ៏​អស្ចារ្យ​ក្នុង​កីឡា​ប្រដាល់ ប៉ុន្តែ​លោក White លើក​ឡើង​ថា៖ "គេ​នឹង​មិន​រស់​ទេ ហើយ​ចំណុច​នេះ Floyd ក៏​ដឹង​ខ្លួន​ឯង​ដែរ"។

ប្រធាន UFC ដដែល​បន្ត​ថា "បើ​ពិត​មែន វា​នឹង​ក្លាយ​ជា​កិច្ច​ព្រមព្រៀង​ដ៏​ធំ​មួយ ហើយ Floyd នឹង​រក​ប្រាក់​បាន​យ៉ាង​ច្រើន ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា Floyd នឹង​ចូល​ប្រយុទ្ធ​ក្នុង​កីឡា​នោះ​ទេ"។

ក្នុង​ដំណើរ​រុល​ចូល​ទៅ​ពិភព​កីឡា​ប្រដាល់ Dana White ប្រាប់​ថា ២​ខែ​ខាង​មុខ​លោក​នឹង​ជួប​គ្រប់​គ្នា​ក្នុង​កីឡា​នេះ ក្នុង​នោះ ក៏​ជួប​ក្រុម Floyd ដែរ។

ជំនួស​ឲ្យ​ការ​និយាយ​ពាក់​ព័ន្ធ​ការ​ប្រកួត​របស់ Floyd ទៀត បុរស​វ័យ​៤៨​ឆ្នាំ ថា លោក​ចង់​ផ្សព្វផ្សាយ​ពី​កីឡា​ប្រដាល់ និង​ចង់​ក្លាយ​ជា​ផ្នែក​មួយ​សម្រាប់​ការ​រៀប​ចំ​ការ​ប្រកួត​របស់​ជើង​ឯក​ទម្ងន់​ធ្ងន់ Anthony Joshua នា​ពេល​ខាង​មុខ៕

អត្ថបទ៖ ទារិកា