អ្នកប្រើ iPhone 6s Plus ប្រាប់មូលហេតុ មិនប្ដូរប្រើ iPhone 7/8 និង iPhone X
- 2018-01-01 23:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iPhone 6s Plus ប្រាប់មូលហេតុ មិនប្ដូរប្រើ iPhone 7/8 និង iPhone X
ចន្លោះមិនឃើញ
Antonio Villas Boas ជាបុគ្គលិកមួយរូបប្រចាំសារព័ត៌មាន Business Insider និងជាម្ចាស់ iPhnoe 6s Plus រយៈពេល ២ ឆ្នាំមកហើយនោះ បានលើកឡើងពីមូលហេតុមួយចំនួនដែលលោកមិនប្ដូរទៅប្រើ iPhone 7, iPhone 8 និង iPhone X ដែលជាស៊េរីខ្ពស់។
១. iPhone 6s នៅតែមានរូបរាងដូចនឹង iPhone 7 និង iPhone 8
មើលឲ្យជាក់ទៅ iPhone 6s និង iPhone 7 មានរូបរាងខុសគ្នាតែនៅលើរចនាបថខ្សែអង់តែន ដែលបានប្ដូរទៅដាក់នៅផ្នែកកៀនៗខាងលើ និងខាងក្រោមវិញ។ ខ្សែអង់តែននេះប្រហែលជាអ្នកប្រើ iPhone 6s ខ្លះមិនពេញចិត្ត ប៉ុន្តែប្រើសម្បកការពារនឹងជួយបាំងកុំឃើញខ្សែនេះ។
ចំណែក iPhone 6s និង iPhone 8 វិញក៏មិនមានរូបរាងខុសគ្នាខ្លាំងប៉ុន្មានដែរ គ្រាន់តែ iPhone 8 មានផ្នែកខាងក្រោយធ្វើកញ្ចក់មើលទៅដូចជាទាក់ទាញបន្តិច។ ប៉ុន្តែត្រឹមតែមួយចំណុចនេះមិនអាចជំរុញឲ្យ Antonio ប្ដូរទៅប្រើ iPhone 8 បាននោះទេ។
២. ពណ៌ថ្មីលើ iPhone 7/ iPhone 8 ស្អាតប្លែក ប៉ុន្តែ Antonio ពេញចិត្តពណ៌ទឹកប្រាក់ជាង
ពណ៌ខ្មៅរលោងលើ iPhone 7 និងពណ៌ខ្មៅធម្មតាជាជម្រើសដ៏ល្អមួយ ប៉ុន្តែវាមិនអាចដុតចិត្ត Antonio ឲ្យទិញ iPhone 7 នោះទេ ព្រោះថាបើទិញក៏គាត់ចង់បានពណ៌ទឹកប្រាក់ ឬពណ៌សដែរ។ ទោះបីពណ៌មាសរបស់ iPhone 8 ដែលមើលទៅស្រដៀងពណ៌ Rose Gold មានភាពឡូយឆាយ ប៉ុន្តែ Antonio នៅតែស្នេហាពណ៌ទឹកប្រាក់។
៣. iPhone X ទាក់ទាញបំផុត ប៉ុន្តែទាស់ត្រង់តម្លៃ
iPhone X ជាស្មាតហ្វូនដ៏ល្អមួយដែលអ្នកអាចសម្រេចចិត្តទិញឥឡូវនេះ ដោយសារមានអេក្រង់លាតស្ទើរពេញផ្ទៃ និងមានចំណុចពិសេសជាច្រើនទៀត។ Antonio សារភាពថារចនាបថរបស់ iPhone X ទាក់បានចិត្តរបស់គាត់ ឲ្យចេញឆ្ងាយពី iPhone 6s Plus។ តែទោះយ៉ាងណាគាត់សម្រេចមិនចោល iPhone 6s Plus ទៅយក iPhone X ដែលមានតម្លៃដល់ខ្ទង់ ១ ០០០ ដុល្លារនោះទេ។
៤. iPhone 6s Plus នៅតែដើរលឿន
ទោះបីជាជាបន្ទះឈីបស៊េរីចាស់ ប៉ុន្តែបន្ទះឈីប A9 លើ iPhone 6s Plus អាចដំណើរការកម្មវិធីជាច្រើនបានលឿន មិនធ្វើឲ្យទាស់ចិត្តនោះទេ ទោះបីជាប្រើយូរឆ្នាំក្ដី។
៥. កាមេរ៉ា iPhone 6s Plus នៅតែល្អ
អ្វីដែល iPhone 7 Plus, iPhone 8 Plus និង iPhone X មានលើស iPhone 6s Plus នោះគឺកាមេរ៉ាភ្លោះ ដែលអាច Zoom ពេលថតដោយមិនបាត់បង់គុណភាព និងផលិតរូបភាពបែបច្បាស់មុខព្រាលក្រោយបាន។ ប៉ុន្តែត្រឹមតែចង់ Zoom បានល្អ និងអាចថតរូបច្បាស់មុខព្រាលក្រោយ មិនអាចធ្វើឲ្យ Antonio ចាយលុយខ្ទង់ ៨០០ ដុល្លារឡើង បាននោះទេ។
៦. អេក្រង់មិនខុសគ្នាខ្លាំង
ត្បិតថា Apple បាននិយាយថា iPhone 7, iPhone 8 មានអេក្រង់ដែលល្អប្រសើរជាង iPhone 6s ប៉ុន្តែមើលតាមធាតុពិត ហាក់មិនមានភាពខុសគ្នាប៉ុន្មានទេ ហើយទាំងបីម៉ូដែលនេះសុទ្ធតែមានមុខងារ 3D Touch ដូចៗគ្នាផងដែរ។
៧. Face ID ទាញចិត្ត Antonio មិនបាន
Face ID មើលទៅទំនើប និងឡូយ ដោយសារវាជាវិធីសាស្ត្រដែលអាចប្រើដើម្បីដោះសោទូរសព្ទ ប៉ុន្តែ Touch ID ក៏មិនទាន់ហួសសម័យដែរ។
៨. iPhone 6s Plus មានរន្ធដោតកាស
iPhone 7, iPhone 8 និង iPhone X មិនមានរន្ធដោតកាស ហេតុនេះមិនអាចស្ដាប់ចម្រៀង និងសាកថ្មក្នុងពេលតែមួយបាននោះទេ លុះត្រាតែប្រើខ្សែត ឬ ត្រូវចំណាយថវិកាបន្ថែមដើម្បីទិញកាសឥតខ្សែ។
ខាងលើនេះជាមូលហេតុរបស់បុគ្គលមួយរូបតែប៉ុណ្ណោះ ប៉ុន្តែមើលទៅក៏ហាក់ដូចជាសមហេតុផលដែរ។ ការរៀបរាប់នេះដែរ មិនមានចេតនាណែនាំអ្នកមិនគួរប្ដូរប្រើ iPhone ស៊េរីខ្ពស់ៗនោះទេ ប៉ុន្តែចង់ឲ្យពិចារណាឲ្យបន្តិចសិន មុននឹងចាយលុយរាប់រយដុល្លារលើវា៕