ខេត្តទាំង៣ សប្បាយជាងគេបំផុតនៅថ្ងៃឆ្លងឆ្នាំ មនុស្សសម្រុកទៅលេងរាប់ម៉ឺននាក់

  • 2018-01-02 03:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លង​ទៅ​នេះ ខេត្ត​ចំនួន​៣​ក្នុង​ប្រទេស​កម្ពុជា មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សម្រុក​ទៅ​លេង​ច្រើន​ជាង​គេ​បំផុត ក្រៅ​ពី​រាជធានី​ភ្នំពេញ។ ដូច្នេះ​សូម​ទៅ​ដឹង​ព័ត៌មាន​លម្អិត​ដូច​ខាង​ក្រោម​នេះ៖

១. ខេត្ត​សៀមរាប

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ​ជា ២០ម៉ឺននាក់ បាន​​ទៅ​កម្សាន្ត​សប្បាយ​នៅខេត្ត​សៀមរាប នៅក្នុង​ពិធីឆ្លង​ឆ្នាំ​សកល ឆ្នាំ២០១៨។ នេះ​បើ​​តាម​ការ​ថ្លែង​ឲ្យដឹង​ពី​​ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប។

អភិបាល​ខេត្ត​បាន​បញ្ជាក់ថា គោលដៅ​សំខាន់​ដែលភ្ញៀវ​ទៅ​ទស្សនា និងកម្សាន្ត​សប្បាយ គឺ​តំបន់ Pub Street ផ្សារចាស់ បន្ទាប់​មក​គឺ​តំបន់​អង្គរ​ឃ្យុងយូ និងតំបន់​សួនច្បារ​ព្រះរាជ​ដំណាក់។

២. ខេត្តព្រះសីហនុ

របាយការណ៍បណ្តោះអាសន្នរបស់​ប្រធាន​មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បង្ហាញថា អ្នកទេសចរ​ជាតិ និងទេសចរ​បរទេស ប្រមាណ​ជាង ២០ម៉ឺននាក់ បានចូលរួម​បុណ្យ​ឆ្លងឆ្នាំ​សកល នាយប់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ចំនួន​អ្នក​ទេសចរ មកលេងសមុទ្រ នៅខេត្ត​ព្រះសីហនុ កាន់តែ​កើន​ឡើង​បន្ថែមទៀត នៅថ្ងៃទី១ ខែ​មករា ឆ្នាំ២០១៨ នេះ ដែលជា​ថ្ងៃឈប់ សម្រាក​ចូល​ឆ្នាំសកល។

អ្នកទេសចរ​ទាំងជាតិ និង​​អន្តរជាតិ មកលេង​កំសាន្ត​នៅតាម​ឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ នៅ​តាម​កោះ និង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ចំនួន​ទៀត។

យ៉ាងណាក្ដី គេ​សង្កេត​ឃើញ​ថា តម្លៃឈ្នួលកន្លែងអង្គុយ​​តាមឆ្នេរសមុទ្រ និង​ម្ហូបអាហារ ពិសេស​អាហារ​សមុទ្រ ដូចជា ក្តាម បង្គា មឹក ជាដើម បាន​ឡើងថ្លៃ ដូចរៀងរាល់​ពេល​មាន​បុណ្យ​ទាន​ម្តងៗ។

៣. ខេត្ត​កំពត

នៅ​ក្នុង​ថ្ងៃ​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៨ ​ខេត្ត​កំពត ​បាន​ទទួល​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត ​និង​ស្នាក់​នៅ ​ប្រមាណ​ជិត ​៨​ម៉ឺន​នាក់ ដែល​មាន​ការ​កើន​ឡើង ​៤,០២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត។

​ដោយសារ​បរិមាណ​ភ្ញៀវ​ទេសចរ​មាន​កំណើន​ច្រើន បាន​ធ្វើ​ឱ្យ​គ្រប់​សណ្ឋាគារ ​ផ្ទះ​សំណាក់ ​និង​បឹង​ហ្កាឡូ​ក្នុង​យប់​ថ្ងៃ​ទី​៣០ ​និង​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៧ ពុំ​មាន​បន្ទប់​ណា​មួយ​នៅ​ទំនេរ​ឡើយ។ ​ ​នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​អាជ្ញាធរ​ខេត្ត​កំពត ​ចំពោះ​ការ​កើន​ឡើង​នូវ​ភ្ញៀវ ​ទេសចរ និង​បញ្ហា​សុខ​សុវត្ថិ​ភាព​ត្រូវ​ដែល​ធានា​បាន​មួយ​រយ​ភាគ​រយ។

ជា​ការ​កត់​សម្គាល់ ​សម្រាប់​ពិធី​ឆ្លង​ឆ្នាំ​សកល ក្នុង​ខេត្ត​កំពត​មាន​គោលដៅ​ពីរ​ជា​សំខាន់​ចំពោះ​ភ្ញៀវ​គឺ​ភ្នំ​បូកគោ ​និង​ក្រុង​កំពត៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី