ឈឺចិត្តគេស៊ីខ្សែលើពេក បុរសម្នាក់សុខចិត្តបង្កើតវីដេអូបង្រៀនមើលឡានដោយឥតគិតថ្លៃ
- 2018-01-03 03:26:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈឺចិត្តគេស៊ីខ្សែលើពេក បុរសម្នាក់សុខចិត្តបង្កើតវីដេអូបង្រៀនមើលឡានដោយឥតគិតថ្លៃ
ចន្លោះមិនឃើញ
លោក សុខ សៅរិទ្ធី អ្នកគួកជេឡានម្នាក់រស់នៅខេត្តបាត់ដំបង បានប្រាប់ពីមូលហេតុដែលលោកធ្វើជាវិឌីអូបង្ហាញពីរបៀបមើលឡានមួយទឹក កុំឲ្យអ្នកទិញត្រូវគេបោក។
ក្រោយចប់បាក់ឌុបឆ្នាំ ២០០១ លោក សៅរិទ្ធីចេញបង្រៀនកុំព្យូទ័របានប្រាក់ចំណូលតែ ២០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ និងបន្តសិក្សាជំនាញ IT នៅសាកលវិទ្យាល័យ ស៊ីយូអេស បាត់ដំបង និងបានបញ្ចប់នៅឆ្នាំ ២០០៧។
ក្រោយបញ្ចប់ថ្នាក់មហាវិទ្យាល័យ រិទ្ធី នៅតែរកការងារធ្វើមិនបាន ចង់ប្រឡងចូលក្របខ័ណ្ឌរដ្ឋមិនបានសម្រេច លោកក៏សម្រេចចិត្តដើរលេងភ្លេងតាមរោងការសន្សំលុយទិញឡានបានមួយរត់តាកស៊ីជាមួយឪពុក ហើយមានគេទិញបន្តលក់ចេញចំណេញបានខ្ទង់ ៣០០ ដុល្លារ។
លោកមានគំនិតចាប់ផ្ដើមទិញឡានគួកជេលក់ជាបន្តបន្ទាប់ នៅឆ្នាំ ២០១២ ដោយមានការជួយមើលពីឪពុកចេះតែកាក់កប់ និងចំណេញគួរសម បានមួយឆ្នាំលោកក៏ចេះមើលឡាននិងរកស៊ីបែបនេះរហូត។
នៅឆ្នាំ ២០១៤ មូលហេតុដែលលោកធ្វើវិឌីអូ បង្ហាញពីរបៀបមើលឡានបង្ហោះលើ YouTube ឈ្មោះ Saorithy Sok និងបង្កើត Page Facebook ឈ្មោះ "ខ្ញុំដឹងខ្ញុំប្រាប់ share knowledge”ដើម្បីចែករំលែកពីរបៀបមើលឡាន។
លោកបាននិយាយថា៖ "ដោយសារមានគេឆក់ម៉ូយពីខ្ញុំ ពេលខ្លះអ្នកមកទិញចេះមើលហើយ តែបែរជានាំអ្នកផ្សេងមកជួយមើលទៀតហើយអ្នកជួយមើលទាំងនេះបានស៊ីញ៉ូខ្ញុំ ២០០ដុល្លារ ពេលខ្លះមក២នាក់ មកស៊ីញ៉ូម្នាក់ ២០០ដុល្លារ ហើយខ្ញុំលក់ម៉េចកើតបើគាត់តថ្លៃត្រូវហើយ។ ដោយសារវាកើតឡើងច្រើនដងពេក ខ្ញុំក៏មានគំនិតធ្វើជាវិឌីអូបង្ហាញឲ្យអ្នកទិញឡានចេះមើលឡានដោយខ្លួនឯងខ្លះ កុំឲ្យស្រេចតែអ្នកដែលជូនមកមើលញាក់តាមចិត្ត។
ក្រោយពេលធ្វើវិឌីអូបង្ហោះបានប្រហែលបីបួនវីដេអូ មានអ្នករកស៊ីទិញ-លក់រថយន្តនៅភ្នំពេញ សុំសិទ្ធិយកទៅផ្សាយបន្ត។ លោកក៏ព្យាយាមធ្វើវិឌីអូ ជាបន្តបន្ទាប់រហូតដល់មានអ្នកស្គាល់ច្រើន និងមានអ្នកជួលឲ្យទៅជួយមើលឡានឲ្យ ដោយឲ្យលុយ មានអ្នកខ្លះឲ្យ ២០ ដុល្លារទៅ ៣០ ដុល្លារ និង ១០០ ដុល្លារ ឯអ្នកខ្លះឲ្យរហូតដល់ ១៥០ ដុល្លារ ប៉ុន្តែតម្លៃនេះលោកមិនបានកំណត់ឡើយ។
មូលហេតុដែលមានអ្នកតែងតែមានអ្នករត់ឲ្យលោកជួយ ដោយសារលោកមិនចេះស៊ីខ្សែលើឃើញឡានល្អថាល្អ ឃើញឡានអាក្រក់ថាអាក្រក់ ណាមួយមិនចេះកិបកេង ស៊ីក្បាល់កាក់អីឡើយ។
បច្ចុប្បន្នឡានដែលលោកចេះមើលមានដូចជា កាមរីស្វិត-ហើម ឆ្លាម បាឡែន Lexus Highlander អាចមើលបានលើសាច់ដែក ទឹកថ្នាំ គ្រឿងក្រោម ម៉ាស៊ីន។ ដោយឡែកស៊េរីចាប់ពីឆ្នាំខ្ពស់ៗដូចជា ២០១៥ អាចមើលបានដូចជា គ្រាន់តែថា បើរៀបរាប់បរិក្ខារខាងក្នុង អាចនឹងមិនសូវលម្អិតដូចស៊េរីកាមរីគូថស្វិត-ហើម ឆ្លាម បាឡែន៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ត៖
ត្រកូល Sienna ត្រូវប៉ាន់អ្នករត់តាក់ស៊ី ចេញតម្លៃស៊េរី Limited AWD ឆ្នាំ ២០១៧
គ្រុយ វណ្ណាបាត់មុខជិត ២ ឆ្នាំ លេចមុខជាថ្មី ប្រាប់មូលហេតុតែមួយម៉ាត់គត់