ដើម្បី​បរិស្ថាន សាលាមួយ​បណ្តុះសិស្សឲ្យ​ចេះកែច្នៃកាកសំណល់ជារបស់ប្រើប្រាស់

  • 2018-01-06 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្រោម​ដើម​ចាមរី ​ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន សែន ឈូក ក្នុង​ស្រុក​ឈូក ​ខេត្តកំពត​ សិស្ស​ជា​ច្រើន​នាក់​កំពុង​ញញឹម​ញញែម​ត្រេក​អរ​ទៅ​នឹង​ស្នាដៃ​ដែល​ខ្លួនទើប​ផលិត​បាន​ បន្ទាប់ពី​ប្រើ​ពេល​អស់​ជា​ច្រើន​សប្តាហ៍។

ស្នាដៃ​ដែល​សិស្សានុសិស្ស​ទាំង​នោះ​ផលិត​បាន​ មាន​ដូច​ជា ​ធុងសំរាម​ តុ កៅអី សាឡុង ​អំបោស​ ទូកជាដើម។ សម្ភារៈ​ទាំង​អស់​នេះ​សុទ្ធ​តែ​ផលិត​ចេញ​ពី​សំបក​ដប​ទឹកសុទ្ធ​ដែល​គេ​ចោល​។

គំនិត​ច្នៃ​ប្រ​ឌិត​នេះ ​ត្រូវបាន​គណៈគ្រប់គ្រងសាលាលើកឡើ​ងថា​ ដើម្បី​បណ្តុះ​ចិត្ត​សិស្ស​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​មាន​គំនិត​ច្នៃ​ប្រ​ឌិត។

(ធុងសំរាមធ្វើពី​ដបទឹកសុទ្ធ ស្នាដៃសិស្ស)

យុវសិស្សថ្នាក់ទី១០ ណាន់ តុងអឺ ដែល​បានចូល​រួម​ជាមួយ​មិត្ត​ភក្តិ​ដទៃ​ទៀត​ក្នុង​ការងារ​នេះ បាន​ឲ្យ​ដឹងថា​កញ្ញា និង​មិត្ត​ភក្តិ​បាន​សហការគ្នា​យក​ដបទឹក​សុទ្ធ​ច្នៃ​ធ្វើធុង​សំរាម និង​បាន​ប្រើ​រយៈពេល​ជិត​មួយ​ខែ​ដើម្បី​សម្រេច​កិច្ចកា​រនេះ។ ប្រើរយៈពេលជិត​មួយ​ខែ ព្រោះ​ថា​ក្រុម​កញ្ញា​ឆ្លៀត​ធ្វើតែ​នៅ​ម៉ោង​ទំនេរ​ពី​ការ​សិក្សា​ប៉ុណ្ណោះ។

ដើម្បី​ផលិត​ធុងសំរាម​បាន​មួយ ក្រុម​កញ្ញា​បាន​ដើរ​ប្រ​មូល​ដបទឹក​សុទ្ធដែលគេ​បោះចោល​ចំនួន​១០០​ដប និង​ប្រើ​ប្រាស់​ស្តុត លួស​ និង​កាវ​ ដែលបានចំណាយ​ប្រាក់ទិញ​អស់​មួយ​ម៉ឺន​រៀល​។ កញ្ញាបញ្ជាក់។ ​ កញ្ញា​បន្ថែមថាៈ « ខ្ញុំ​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ពីការ​ធ្វើ​កិច្ចការ​នេះ ​ដូច​ជា​យើង​អាច​យក​កាក​សំណល់​ផ្សេងៗ​មក ​មកច្នៃ​ជា​វត្ថុដែល​អាច​ប្រើ​ប្រាស់​បាន»។

ប្រហាក់​ប្រហែល​គ្នា​ទៅនឹង​ក្រុម​របស់​កញ្ញា ណាន់ តុងអឺ ដែរ សិស្ស​ដដទៃទៀត​ក៏បាន​បង្កើត​ក្រុម​កែច្នៃរបស់ប្រើប្រាស់ពី​ដបទឹកសុទ្ធនេះ ដែរ មាន​ដូចជា​អំបោស​ កៅអី ជាដើម។

លោក រស់ វណ្ណៈ ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ ដែល​បាន​ចូល​រួម​ទស្សនា​ស្នា​ដៃ​សិស្ស​ បាន​លើក​ឡើង​ថា នេះជាគំនិត​​ល្អ​មួយ​ដែល​បំផុស​ចំណេះ​ដឹង​ដល់​សិស្ស​ឲ្យបាន​ស្គាល់​ពី​អត្ថប្រយោជន៍​​ពីការ​កែច្នៃ​កាកសំណល់​ទៅជារបស់ប្រើប្រាស់។

លោក​បន្ថែមទៀតថាៈ «​មាន​ន័យ​ថា​វត្ថុ​ទាំង​អស់​មិន​មែន​យើង​ប្រើ​តែ​ម្តង​ ហើយ​បោះ​វា​ចោល​ទេ ​យើង​អាច​ច្នៃ​វា​ជា​វត្ថុផ្សេងៗ​ទៀត ​ដែល​ប្លែក​និង​ជួយសំអាត​ បរិស្ថាន​សាលា​... មាន​គំនិត​សន្សំ​សំចៃ​លើ​សម្ភារៈ​ប្រើប្រាស់»។

ចំណែក​លោក ឡុង សម្បត្តិ ជា​នាយក​វិទ្យាល័យ​ហ៊ុន​សែន​ឈូក​ បាន​គាំទ្រ​លើ​សកម្មភាព​កែច្នៃកាក​សំណល់​ឲ្យក្លាយ​ជា​សម្ភារៈ​ដែល​អាច​ប្រើ​ប្រាស់​បាន​ ដោយថា​វា​បាន​បង្ហាញ​ពីការ​យក​ចិត្ត​ទុក​ដាក់​ថែរ​ក្សា​ និង​ស្រលាញ់​បរិស្ថាន​។ លោកបញ្ជាក់ថា​លោក​គាំទ្រ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ច្នៃ​សម្ភារៈ​នៅឆ្នាំ​ក្រោយៗ​ទៀត​ ដើម្បី​សិស្ស​ទាំង​អស់​កាន់​តែ​មាន​គំនិត​ច្នៃប្រឌិត។

ទោះយ៉ាងណា ការ​ប្រកួត​ស្នាដៃច្នៃប្រ​ឌិតនេះ សិស្ស​មិនបាន​រង្វាន់​លើកទឹកចិត្ត​ជា​សម្ភារៈ​ណាមួយនោះទេ តែ​សិស្ស​បាន​ពីន្ទុប្រចាំខែទៅតាម​គុណភាព​ស្នាដៃដែលខ្លួន​ផលិត​បាន៕

អត្ថបទដោយ៖ គីម សាយ