ស្ងប់​ក្ដី​ប្ដឹង​ផ្ដល់​​១​ស្របក់ នី មុន្នីនាថ គ្រង​តំណែង​យាយ​ វរនាថ ថៃ

  • 2018-01-04 06:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រោយ​ពី​​ពើប​ប្រទះ​រឿង​ប្ដឹង​ផ្ដល់​​​ជាមួយ​គូ​ដណ្ដឹង​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​ឥឡូវ​​នេះ​កញ្ញា​ នី មុន្នីនាថ បាន​គ្រង​តំណែង​​ជា​តួ​​អង្គ​យាយ វរនាថ ថៃ​ក្នុង​​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "ទាយាទ​​អសុរ​​​​​" ​របស់​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។

ដើម​ឡើយ​រឿង​ "ទាយាទ​អសុរកាយ​" ជា​ភាព​យន្ត​ភាគ​ដ៏​ល្បី​ល្បាញ​របស់​ថៃ នា​ទសវត្ស​​ ៩០ ប៉ុន្តែ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៥​ បាន​​ទិញ​សិទ្ធ​យក​រឿង​នេះ​មក​ថត​​សារ​ជាថ្មី​​ដោយ​ដាក់​ចំណង​ជើង​ថា​ "ទាយាទ​អសុរ​" ។

នី មុន្នីនាថ និយាយ​ថា រឿង​ "ទាយាទ​អសុរ​" គឺ​ជា​ភាព​យន្ត​ភាគ​​ដំបូង​របស់​​ខ្លួន​ ​សម្រាប់​ឆ្នាំ​ ២០១៨ នៅ​ទូរទស្សន៍​ប៉ុស្តិ៍​​៥​​ ហើយ​នាង​សង្ឃឹម​ថា​រឿង​​ភាគ​ថ្មី​​មួយ​នេះ​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​ ដោយ​សារ​សាច់​រឿង​ទាំង​មូល​ខុស​ប្លែក​​ពី​រឿង​មុន​ៗ​​ទាំង​ស្រុង​។

តួ​ឯក​ស្រី​ក្នុង​រឿង​"​នាង​នាថ​បាត់​ដំបង​" និយាយ​ថា​៖​" បាន​ជា​នាង​ខ្ញុំ​ថា​ប្លែក​ ព្រោះ​រឿង​នេះ​បន្ត​ទាយាទ​​​ទៅ​ឲ្យ​ចៅ​ៗ​បន្ត​ទៀត​​​ទាក់​ទង​ជាមួយ​​​មន្តអាគម​​​មាន​ព្រាយ​បិសាច​។ ចំពោះ​រឿង​ថា​ខ្ញុំ​រំពឹង​ថា​ ខ្ញុំ​អាច​សម្ដែង​បាន​ដូច​យាយ វរនាថ តួ​ថៃ​ឬ​អត់​ខ្ញុំ​សុំ​អត់​និយាយ​ទេ​បង​​ចាំ​មើល​រឿង​ដាក់​បញ្ចាំង​ទៅ​ដឹង​ហើយ​"។

លោក ស៊ិន សុផាត ប្រធាន​គណៈ​កម្មការ​ត្រួត​ពិនិត្យ​កម្មវិធី​ផ្សាយ​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​  បាន​​មាន​ប្រសាសន៍​ថា​​រឿង "ទាយាទ​អសុរ​" គឺ​ជា​ប្រភេទ​រឿង​​បិសាច​ និយាយ​សំដៅ​ទៅ​​ដល់​ត្រកូល​បិសាច​ផ្ទេរ​ទាយាទ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ មិន​ឲ្យ​ដាច់​ត្រកូល​។ រឿង​នេះ​​មាន​ចំណុច​អប់រំ​​ដល់​សង្គម​គ្រួសារ​​កុំ​ឲ្យ​មាន​ទំនាស់​ និង​គ្នា​ត្រូវ​ចេះ​ស្រឡាញ់​គ្នា។

រឿង​ "ទាយាទ​អសុរ​" មាន​៣០​ភាគ​ គ្រោង​នឹង​ដំណើរ​ការ​ចេញ​ថត​នៅ​ថ្ងៃ​​ទី ៥ ស្អែក​នេះ ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​អំឡុង​ខែ​មេសា ឆ្នាំ ២០១៨ ខាង​មុខ​។ ​ចូល​រួម​សម្ដែង​ដោយ នី មុន្នីនាថ ជា លាងឈែ ជា ស្រីរ័ត្ន ឃុន ច័ន្ទ មូនណា ស្រេន វុធថា កៀត ថាវ៉ាត់ និង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​​ផ្សេង​ទៀត​៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន