ទម្រាំជោគជ័យ​ ម្ចាស់​ចម្ការ​ទំពាំងបាយជូរ នៅ​បាណន់ រងការ​សើចចំអក​ មិន​ស្ទើរ

  • 2018-01-04 10:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ នៅ​បាត់ដំបង បង្ហើប​ឲ្យ​ដឹង​ថា ទម្រាំជោគជ័យ​ដល់​សព្វថ្ងៃ​នេះ អ្នកជិតខាងជាច្រើន​សើចចំអក​ ព្រោះតែ​គេ​យល់​ថា ទំពាំងបាយជូរ​មិនអាច​ដាំដុះលើ​ដីខ្មែ​របាន​ ខណៈ​ម្ចាស់ចម្ការ​រូប​នេះ មិនមាន​បទ​ពិសោធន៍​ផងនោះ។ ផ្ទុយ​ពី​នេះ លោក ចាន់ ថៃឈឿន ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ​ បាន​ខិតខំ​រៀនសូត្រ​ តាមរយៈ​សៀវភៅ ជាភាសាថៃ ជាច្រើនក្បាល ដើម្បី​ដឹងពីគន្លឹះ​ដាំ​ទំពាំង​បាយ​ជូរ និង​វិធី​ស្រា​ទំពាំង​បាយ​ជូរ រហូត​ជម្នះ​ការ​សើចចំអក ហើយ​ឥឡូវ​ស្រាទំពាំង​បាយជូរបាណន់​កំពុង​ល្បីល្បាញ​ខ្លាំង​នៅ​ ខេត្ត​បាត់ដំបង។

ខាងក្រោម​នេះ គឺជារូបភាព​ ត្រួសៗ បង្ហាញ​ពី​សកម្មភាព និង ទេសភាព​ចម្ការ របស់​លោក ចាន់ ថៃឈឿន៖

លោក ចាន់ ថៃឈឿង

1. លោក ចាន់ ថៃ​ឈឿង អាយុ​៥១​ឆ្នាំ គឺ​ជា​ម្ចាស់​ចម្ការ​ទំពាំង​បាយជូរ នៅ​ស្រុក​បាណន់ និង ស្រុក​រតន​មណ្ឌល ខេត្ត​បាត់​ដំបង។ លោក​ចាប់​ផ្តើម​ដាំ​ទំពាំង​បាយ​ជូរ​ជា​លក្ខណៈ​ចម្ការ​នៅ​ឆ្នាំ ២០០០ នៅ​ឯ​ស្រុក​បាណន់​។ បច្ចុប្បន្ន​លោក​កំពុង​ពង្រីក​ការ​ដាំ​ដុះ​ទំពាំង​បាយ​ជូរ ១៣​ហិកតា​បន្ថែម​ទៀត លើ​ផ្ទៃ​ដី​ដាំ​ដុះ ៥០​ហិក​តា នៅ​ស្រុក​រតន​មណ្ឌល ។

  1. កម្មករ​កំពុង​ពិនិត្យ និង កាត់​ខ្នែង​ចំហៀង​ដើម​ទំពាំង​បាយ​ជូរ នៅ​ក្នុង​ចម្ការ​នា​ស្រុក​បាណន់​។  ដើម្បី​ឱ្យ​ទំពាំង​បាយ​ជូរ​លូត​លាស់​ឡើង​ទ្រើង​បាន​ល្អ គេ​ត្រូវ​កាត់​ខ្នែង​ចំហៀង​នេះ​ចេញ។ ពេល​ដែល​ដើម​ទំពាំង​បាយ​ជូរ លូត​លាស់​បាន​ល្អ និង​មាន​កម្ពស់​សម​ល្មម​ហើយ គេ​ឈប់​កាត់​ខ្នែង​ចំហៀង​នេះ និង​ទុក​ឱ្យ​ទំពាំង​បាយ​ជូរ​ចេញ​ផ្កា​ផ្លែ។
  1. កម្មករ​កំពុង​ជីក​ចង្អូរ​ទឹក និង ដាក់​ជីរ​នៅ​គល់​ទំពាំង​បាយ​ជូរ ក្នុង​ចម្ការ​នា​ស្រុក​រតន​មណ្ឌល​។ ការ​ដាក់​ជីរ​ធ្វើ​ឡើង រៀង​រាល់​៣​ខែ​ម្តង ហើយ​ការ​ស្រោច​ទឹក​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​។ ដើម​ទំពាំង​បាយ​ជូរ​មួយ​ដើម ត្រូវ​ការ​ទឹក​ពី ២​ទៅ ៥​លីត្រ ក្នុង​មួយ​ថ្ងៃ​។
  1. ចាប់​តាំង​ពី​ដាំ​រហូត​ចេញ​ផ្លែ ទំពាំង​បាយ​ជូរ​ត្រូវ​ការ​ពេល យ៉ាង​ហោច​ណាស់​១០​ខែ។ កសិករ​អាច​ប្រមូល​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទុំ នៅ​ក្នុង​ខែ​ទី ១៣ និង ម្តង​ទៀត​នៅ​ក្នុង​ខែ​ទី ១៨​។
  1. ក្រោយ​ប្រមូល​ផល​រួច  លោក ចាន់ ថៃឈឿង បាន​កែ​ច្នៃ​ផ្លែ​ទំ​ពាំង​បាយ​ជូរ​ទាំង​នោះ​ជា​ស្រា​ទំពាំង​បាយ​ជូរ និង ទឹក​ទំពាំង​បាយ​ជូរ។ ស្រា​ទំពាំង​បាយ​ជូរ​របស់​លោក មាន​ប្រភេទ​តម្លៃ ១៥​ដុល្លា ក្នុង​មួយ​ដប និង ២៥​ដុល្លារ​ក្នុង​មួយ​ដប​។  

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី