Taeyang ធ្លាប់ធ្វើឲ្យ CL ភ្ញាក់ក្រញាង ពេលរម្លឹករឿង១ជាមួយគ្នា
- 2018-01-05 01:35:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taeyang ធ្លាប់ធ្វើឲ្យ CL ភ្ញាក់ក្រញាង ពេលរម្លឹករឿង១ជាមួយគ្នា
ចន្លោះមិនឃើញ
រម្លឹកទៅពេលដែល Taeyang តារាចម្រៀងក្រុម BIGBANG រួមជាមួយ CL និង Oh Hyuk រៀបចំពិធីជប់លៀងអបអរឆ្នាំថ្មីជាមួយគ្នាកាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធី "Livin' the Double Life” របស់ទូរទស្សន៍កូរ៉េ tvN ពួកគេទទួលបានភាពសប្បាយរីករាយ ស្របពេលនឹកដល់រឿងចាស់ៗ។
នៅថ្ងៃនោះដែរ CL បានធ្វើស៊ុបនំម្សៅ (Teokbeoki) អាហារកូរ៉េដែលតែងធ្វើក្នុងថ្ងៃចូលឆ្នាំថ្មី។ តារាស្រីរូបនេះបាននិយាយថា នេះប្រហែលជាស៊ុប Teokbbuki ចុងក្រោយហើយដែលនាងញ៉ាំ ព្រោះនាងត្រូវទៅសហរដ្ឋអាមេរិក។ ពេលឮភ្លាម Taeyang ក៏បានតបថា៖ "អ្នកអាចធ្វើស៊ុបហ្នឹងនៅទឹកដីអាមេរិកបានទេតើ”។ ពេលនោះ CL និយាយថា វាមិនអាចទៅរួចនោះទេ ព្រោះនាងតែងយកទឹកស៊ុបដែលយាយរបស់នាងចម្អិនស្រាប់។
ក្រោយមកទៀត តារាចម្រៀងក្រុម BIGBANG សង្សារ Min Hyo Rin ក៏បានបន្ថែមទៀតថា៖ "កាលពីកន្លងទៅ មានពេលមួយ CL និងខ្ញុំរវល់ធ្វើការ និងស្នាក់នៅក្នុងស្ទូឌីយូ ព្រោះអាល់ប៊ុមមិនទាន់ចេញ។ ខ្ញុំចាំច្បាស់ថាពួកយើងទាំង ២ មិនបានទៅផ្ទះទេ ដូចនេះ CL ក៏បានធ្វើស៊ុបនេះញ៉ាំទាំងអស់គ្នា”។
គ្រាន់តែឮភ្លាម CL ភ្ញាក់ក្រញាង ព្រមទាំងបាននិយាយថា៖ "បើតាមខ្ញុំគិត វាដូចកន្លងទៅ ៩ ឬ១០ឆ្នាំហើយ”។
ក្នុងបទសម្ភាសន៍ទោលមួយ CL បង្ហាញពីអារម្មណ៍ក្នុងចិត្តថា៖ "ខ្ញុំមិនគិតថា បងប្រុស Taeyang អាចចាំពេលដែលយើងធ្វើស៊ុប និងញាំរួមគ្នាទេ។ ដូច្នេះហើយបាន ខ្ញុំភ្ញាក់ផ្អើលពេលគាត់ចាំរឿងទាំងនោះច្បាស់”។
រម្លឹកកាលពីអតីតកាល គឺ ក្រុម BIGBANG និង 2NE1 តែងចំណាយពេលជាច្រើនក្នុងការហាត់សម និងស្នាក់នៅក្នុងអគារតែមួយ ជាហេតុធ្វើឲ្យទំនាក់ទំនងរបស់ពួកគេមានភាពល្អប្រសើរ ប្រៀបដូចបងប្អូននឹងគ្នា៕