ក្នុងរឿង ស្រលាញ់គ្នាល្អូកល្អិន តែធាតុពិតតារាហូលីវូដទាំងនេះស្អប់គ្នាខ្លាំងហួសការគិត
- 2018-01-05 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងរឿង ស្រលាញ់គ្នាល្អូកល្អិន តែធាតុពិតតារាហូលីវូដទាំងនេះស្អប់គ្នាខ្លាំងហួសការគិត
ចន្លោះមិនឃើញ
ទេពកោសល្យរបស់តារាសម្ដែងរឿងហូលីវូដមិនត្រឹមតែមានសមត្ថភាពសម្ដែងដើម្បីយកពានរង្វាន់ប៉ុណ្ណោះទេ តែថែមទាំងមានសមត្ថភាពសម្ដែងជាមួយមនុស្សដែលពួកគេស្អប់ទៀតផង។ ប្រាកដណាស់ មានរឿងមួយចំនួនដែលប្រិយមិត្តបានឃើញគូស្នេហ៍ ឬក៏មិត្តភក្តិជិតស្និទ្ធដែលស្រលាញ់គ្នាខ្លាំងស្ទើរលេប ប៉ុន្តែធាតុពិតនោះគឺពួកគេស្អប់គ្នាខ្លាំងជាងអ្វីដែលប្រិយមិត្តនឹកស្មានមិនដល់។
១. តារាសម្ដែង Ryan Gosling និង Rachel McAdams
ស្នេហារវាងតួអង្គ Noah និង Ally នៅក្នុងរឿង "The Notebook" បានធ្វើឲ្យទស្សនិកជនរំភើបរហូតដល់ស្រក់ទឹកភ្នែក ប៉ុន្តែអ្វីៗដែលទស្សនិកជនបានឃើញនោះគឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ អំឡុងពេលថតរឿងមួយនេះ តារាសម្ដែង Gosling ស្អប់មិត្តរួមការងារនាងម្នាក់នេះជាខ្លាំងរហូតដល់ថ្នាក់សុំអ្នកដឹកនាំរឿងឲ្យដកតួអង្គតារាសម្ដែង Rachel McAdams ចេញម្ដងហើយម្ដងទៀត ដោយឲ្យរកតួថ្មីមកជំនួសវិញ។ តែក្រោយមក ដូចពាក្យចាស់លោកពោលថា ស្អប់ជំពប់លើ នៅពេលដែលរឿងនោះបានថតចប់ ពួកគេទាំង២នាក់បានលង់ស្រលាញ់គ្នា ហើយចាប់ផ្តើមទាក់ទងគ្នាអស់រយៈពេល៤ឆ្នាំ។
២. តារាសម្ដែង Claire Danes និង Leonardo DiCaprio
សម្ដែងជាតួអង្គ "Romeo" តារាសម្ដែង Leonardo DiCaprio អាចជាបុរសម្នាក់ដែលក្មេងស្រីជំទង់ជំនាន់ឆ្នាំ ១៩៩០ ប្រាថ្នាចង់បាន ប៉ុន្តែមិនមែនចំពោះ តារាសម្ដែង Claire Danesនោះទេ។ តារាសម្ដែងស្រីរូបនេះគិតថាការសម្ដែងរបស់លោក Leonardo ដូចជាកូនក្មេងហើយវាធ្វើឲ្យនាងមានអារម្មណ៍មិនល្អ។ នៅពេលដដែលនោះ តារាសម្ដែង Leonardo បដិសេធតបទៅមិត្តរួមការងារលោកម្នាក់នេះវិញថានាងជាមនុស្សរឹងទទឹងនិងពិបាក។ ជាលទ្ធផល បើកាមេរ៉ាមិនដំណើរការទេនោះ អ្នកទាំង២គឺមិននិយាយរកគ្នានោះទេ។
៣. តារាសម្ដែង The Rock និង Vin Diesel
តាមរយៈវិបសាយ TMZ បានឲ្យដឹងថា តារាសម្ដែង The Rock ធុញទ្រាន់នឹងការសម្ដែង និងភាពយឺតយ៉ាវរបស់តារាសម្ដែង Vin Dieselណាស់។ ប្រភពផ្សេងទៀតក៏បានលើកឡើងដែរថាតារាទាំង២រូបនេះធ្លាប់បានឈ្លោះគ្នាលើកញ្ចក់ទូរទស្សន៍ថែមទៀតផង។
៤. តារាសម្តែង Channing Tatum និង Alex Pettyfer
ចរិតរួសរាយរាក់ទាក់ក៏ពិតមែន ប៉ុន្តែតារាសម្ដែង Channing Tatum មិនចូលចិត្តដៃគូរួមការងារ លោក Alex Pettyfer នោះទេ។ ដូច្នេះហើយបានជាតារាសម្ដែង Alex មិនមានវត្តមាននៅក្នុងផ្នែកទី២នៃរឿង "Magic Mike,"។
៥. តារាសម្ដែង Bill Murray និង Lucy Liu
មានពាក្យចចាមអារ៉ាមថាតារាសម្ដែង Lucy Liuមានជម្លោះជាមួយតារាសម្ដែង Bill Murray នៅក្នុងរឿង “Charlie's Angels” ក្រោយពីលោក Bill បានរិះគន់នាងថាមិនចេះសម្ដែង។ ក្រោយមក នៅក្នុងភាគថ្មីរឿង “Charlie's Angels: Full Throttle” តារាសម្ដែង Lucy Liuនៅបន្តការសម្ដែងរបស់នាង ខណៈលោកBill ត្រូវបានផ្លាស់ប្ដូរដោយតារាសម្តែង Bernie Mac វិញ។
៦. តារាសម្តែង Lea Michele និង Naya Rivera
ក្នុងរឿង "Glee" តារាសម្ដែងទាំង២នេះជាមិត្តល្អនឹងគ្នា។ ប៉ុន្តែដោយសារតែតារាសម្ដែង Naya មានភាពលេចធ្លោជាង តារាសម្ដែង Lea ក៏ចាប់ផ្ដើមមានអារម្មណ៍ប្រកួតប្រជែង។ តារាសម្ដែង Naya បាននិយាយថា Lea មានការធុញទ្រាន់នឹងការរិះគន់របស់នាង ហើយពួកគេក៏មិនបាននិយាយរកគ្នានោះដែរអំឡុងពេលថតរឿងសម្រាប់រដូវកាលទី៦។
៧. តារាសម្ដែង Jamie Dornan និង Dakota Johnson
នៅក្នុងរឿង "50 Shades" គូស្នេហ៍មួយគូនេះពិតជាផ្អែមល្ហែមខ្លាំង ប៉ុន្តែការពិតវិញ ពួកគេស្អប់គ្នាមិនស្ទើរនោះទេ។ តាមរយៈស្ទូឌីយោបានឲ្យដឹងថា តារាសម្ដែងDornan និងមនុស្សផ្សេងទៀតបាននិយាយថាតារាសម្ដែង Johnson ធ្វើឫកខ្លួនឯងដូចជាទេវតា។ ក្រោយពីរឿងបានបញ្ចប់ តារាទាំង២ដួងនេះមិនបាននិយាយរកគ្នានោះទេ៕