Osmo Mobile ស៊េរី​ថ្មី​ តម្លៃ​ត្រឹម​តែ​ ១២៩ ដុល្លារ

  • 2018-01-08 03:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gimbal ពេល​នេះ​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​ចាំបាច់​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថត​រូបភាព ឬ វីដេអូ​ដោយ​ប្រើ​ប្រាស់​ស្មាតហ្វូន។ ពេល​នេះ​ DJI បាន​បញ្ចេញ​ឧបករណ៍​ Gimbal ស៊េរី​ថ្មី​ ម៉ូដែល​ Osmo Mobile 2 ដែល​មាន​តម្លៃ​ត្រឹម​ ១២៩ ដុល្លារ​ប៉ុណ្ណោះ។

Osmo ថ្មី​នេះ​ប្រើ​ប្រាស់​​ប្រព័ន្ធ​រក្សា​លំនឹង​ 3-axis ដូច​មុន​ដែរ​ ប៉ុន្តែ​វា​មាន​ការ​រចនា​រូបរាង​ថ្មី​​ខុស​ប្លែក​ពី​ស៊េរី​មុន។ ដើម្បី​​អាច​ឲ្យ​មាន​តម្លៃ​ទាប​បាន​ គេ​បាន​ផលិត​ Osmo ថ្មី​ដោយ​ប្រើ​សារធាតុ​​នីឡុង​កែច្នៃ​​ដ៏​រឹងមាំ​ ជំនួស​ឲ្យ​លោហៈ​ធាតុ។

គេ​អាច​ប្រើ​ឧបករណ៍​នេះ​សម្រាប់​ថត​រូបភាព​ពីរ​ប្រភេទ​ រួម​មាន​រូបភាព​ Portrait និង​រូបភាព​បែប​ Landscape (ទេសភាព)។ ស៊ុម​របស់​ Osmo Mobile 2 នេះ​ងាយ​ស្រួល​សារ៉េ​ ដើម្បី​ប្រើ​ជា​មួយ​ស្មាតហ្វូន​ជា​ច្រើន​ប្រភេទ។ Osmo ជំនាន់​ថ្មី​នេះ​មិន​មាន​ថ្ម​ដែល​អាច​ដក​ចេញ​បាន​ដូច​មុន​នោះ​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​បញ្ជាក់​ថា​ថាមពល​ថ្ម​ពេល​សាក​មួយ​ពេញ​អាច​ប្រើ​បាន​ដល់​ ១៥ ម៉ោង​ឯណោះ។

DJI Osmo Mobile 2 នឹង​មាន​លក់​នៅ​ហាង​ Apple Store ចាប់​ពី​ថ្ងៃ​ទី​ ២៣ ខែ​​មករា​ ហើយ​នឹង​បន្ត​ចេញ​លក់​នៅ​ហាង​លក់​រាយ​ដទៃ​ទៀត​ជា​បន្ត​បន្ទាប់។ តម្លៃ​ ១២៩ ដុល្លារ​គឺ​​ធូរ​ថ្លៃ​ បើ​ប្រៀប​នឹង​ Osmo Mobile ជំនាន់​ដំបូង​ដែល​មាន​តម្លៃ​ ២៩៩ ដុល្លារ​ឯណោះ៕​​​​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី