GoPro ប្រកាស​​ដើរចេញ​ពី​ជំនួញ​ផលិត​ Drone

  • 2018-01-09 09:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ GoPro បាន​ប្រកាស​ពី​ការ​ចាក​ចេញ​ពី​ជំនួញ​ផលិត​កូន​យន្តហោះ​ Drone និង​​ប្រកាស​ពី​ការ​កាត់​បន្ថយ​បុគ្គលិក​ចំនួន​ ២០% ផង​ដែរ។ តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ថែម​ទាំង​បាន​ដាំ​ក្បាល​ចុះ​ ក្រោយ​ពី​ប៉ាន​ស្មាន​ខុស​លើ​ចំណូល​របស់​ខ្លួន។

ចំណូល​ប្រចាំ​​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ របស់​ GoPro មាន​ប្រមាណ​ ៣៤០ លាន​ដុល្លារ​ ទាប​ជាង​ការ​ប៉ាន់ស្មាន​របស់​ខ្លួន​​ដែល​មាន​ ៤៨០ លាន​ដុល្លារ​ និង​ទាប​ជាង​ការ​ប៉ាន់​ស្មាន​របស់​ Wall Street ជា​មួយ​តួ​លេខ​ ៤៧២ លាន​ដុល្លារ។ ក្រោយ​ពី​ប្រកាស​ពី​ចំណូល​នេះ​ ហ៊ុន​របស់​ GoPro បាន​ធ្លាក់​ចុះ​តម្លៃ​ ​អស់​ ៣០% ដោយ​ក្នុង​មួយ​ហ៊ុន​មាន​តម្លៃ​ ៥,០៤ ដុល្លារ។

ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នេះ​ GoPro បាន​កាត់​បន្ថយ​បុគ្គលិក​ពី​ ១ ២៥៤ នាក់​ មក​​នៅ​ត្រឹម​ប្រមាណ​ ១ ០០០ នាក់​វិញ។ Nicholas Woodman នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក៏​បាន​ទម្លាក់​ប្រាក់​បៀវត្សរ៍​របស់​ខ្លួន​មក​នៅ​ត្រឹម​ ១ ដុល្លារ​វិញ​ដែរ​ នៅ​ឆ្នាំ​នេះ។

ទាក់​ទង​នឹង​ Drone Karma វិញ​ ក្រុមហ៊ុន​នឹង​​​បន្ត​បញ្ចេញ​លក់​ Drone នេះ​ឲ្យ​អស់​ពី​ស្តុក​ និង​​ផ្ដល់​​សេវាកម្ម​ និង​ការ​គាំទ្រ​ដល់​​អតិថិជន​របស់​ Karma ជា​បន្ត​ទៀត។

​ក្រោយ​ពី​ជួប​រឿង​បរាជ័យ​បែប​នេះ លោក​​ Woodman ​បាន​និយាយ​ថា​ពិចារណា​លើ​ការ​​លក់​ក្រុមហ៊ុន​របស់​ខ្លួន​ ប៉ុន្តែ​កំពុង​តែ​មាន​គម្រោង​​នៅ​ជា​ឯករាជ្យ​សិន៕

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង