លទ្ធផល​មិន​សូវល្អ​របស់ Real Madrid នា​រដូវ​កាល​នេះ ទម្លាក់​មក​លើ Marcelo?

  • 2018-01-09 12:10:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេង​ស្មើ​ជាមួយ Celta Vigo ក្នុង​លទ្ធផល​ ២​ទល់​នឹង ២​កាល​ពី​ម្សិល​មិញ Real Madrid គិត​មក​ទល់​ពេល​នេះ​មាន​ ១៦​ពិន្ទុ​តិច​ជាង Barcelona ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង La Liga។ ការ​របូត​ ២ គ្រាប់​នេះ មាន​ន័យ​ថា ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​បាន​បណ្ដោយ​ឲ្យ​ក្រុម​ផ្សេង​ស៊ុត​ចូល​ចំនួន ១៦​គ្រាប់​ហើយ​ក្នុង​លីគ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា គ្រាប់​ទាំង​នោះ​ច្រើន​ធ្លាយ​ពី​ខាង​ Marcelo។

ក្នុង​ការ​ប្រកួត​ជាមួយ Celta Vigo ខ្សែ​ការពារ​ស្លាប​ឆ្វេង Marcelo បាន​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ឡើយ ដោយ​ ២​គ្រាប់ ដែល​ Real Madrid បាន​បណ្ដោយ​ឲ្យ​របូត ស៊ុត​តែ​ចេញ​ពី​តំបន់​ឆ្វេង​ដែល កីឡាករ​ប្រេស៊ីល​រូប​នេះ ទទួល​ភារៈ​ការពារ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ត្រង់​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​គ្រាប់​បាល់​ធ្លាយ​ចេញ​ពី​តំបន់​ខាង​ឆ្វេង។ ក្នុង​ចំណោម ១៦​គ្រាប់​ដែល​ក្លឹប​ផ្សេង​ស៊ុត​ចូល​ Real Madrid ក្នុង​លីគ​នា​រដូវ​កាល​នេះ ក្នុង​នោះ​ប្រមាណ​ជិត ៤០​ភាគរយ (៦​គ្រាប់) សុទ្ធ​តែ​ធ្លាយ​ពី​ខាង Marcelo ការពារ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​អធិរាជ​ពណ៌​ស Real Madrid បាន​ចាប់​ផ្ដើម​​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ នា​រដូវ​កាល​នេះ ដោយ​បាន​ចាញ់​ និង​ស្មើ​ជា​ច្រើន​ប្រកួត។ បច្ចុប្បន្ន​ក្លឹប​កំពុង​ឈរ​លេខ ៤ ក្នុង​លីគ មាន​ ៣២​ពិន្ទុ ខណៈ Barcelona ដែល​កំពុង​ឈរ​លេខ ១ មាន ៤៨​ពិន្ទុ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី